បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលកាលពីថ្ងៃសៅរ៍បានឱ្យដឹងថាកុមារាអាយុ៣ឆ្នាំម្នាក់មកពីខេត្តតាកែវ ត្រូវបានបញ្ជាក់ថា មានផ្ទុកជំងឺផ្តាសាយបក្សី H5N1 ដែលធ្វើឲ្យចំនួនអ្នកឆ្លងកើនឡើងដល់៦នាក់ហើយនៅឆ្នាំនេះ។ក្រសួងបានឱ្យដឹងថា“លទ្ធផលមន្ទីរពិសោធន៍ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រនៅកម្ពុជា បានបង្ហាញកាលពីថ្ងៃសុក្រថា ក្មេងប្រុសនោះមានផ្ទុកមេរោគ H5N1″។
|
រូបតំណាងអ៊ីនធឺណិត |
ក្រសួងបានបន្ថែមថា អ្នកជំងឺរស់នៅក្នុងភូមិពោធិ៍ ស្រុកគីរីវង់ មានរោគសញ្ញាគ្រុនក្តៅ ក្អក អស់កម្លាំង និងពិបាកដកដង្ហើម ហើយបច្ចុប្បន្នស្ថានភាពអ្នកជំងឺបានធូរស្រាល បន្ទាប់ពីទទួលបានការថែទាំយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ។ក្រសួងបានបន្ថែមថា តាមការសាកសួរបង្ហាញថា ប្រហែលជា១០ថ្ងៃមុនក្មេងប្រុសធ្លាក់ខ្លួនឈឺ មានមាន់ និងទា បានងាប់នៅក្នុងភូមិ ហើយគាត់បានប៉ះ និងចាប់មាន់ងាប់ ហើយគ្រួសារអ្នកជំងឺក៏បានយកមកធ្វើម្ហូបបរិភោគ។អាជ្ញាធរសុខាភិបាលកំពុងស្វែងរកប្រភពនៃការឆ្លង និងកំពុងពិនិត្យករណីសង្ស័យ ឬមនុស្សដែលមានទំនាក់ទំនងជាមួយជនរងគ្រោះ ដើម្បីការពារការផ្ទុះឡើងនៅក្នុងសហគមន៍ ព្រមទាំងចែកជូនឱសថតាមីស្តូ (Tamiflu) ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុខាងលើ។ក្នុងចំណោមករណីមនុស្ស៦នាក់នៃជំងឺផ្ដាសាយបក្សី H5N1 ឆ្នាំនេះ មានកុមារ៥នាក់ ក្នុងនោះម្នាក់បានស្លាប់ និងមនុស្សពេញវ័យម្នាក់ ។ អ្នកជំងឺទាំងអស់ត្រូវបានគេរាយការណ៍ថាមានប្រវត្តិនៃការប៉ះពាល់ជាមួយសត្វបក្សីឈឺ ឬងាប់នាពេលថ្មីៗនេះ មុនពេលមានជំងឺរបស់ពួកគេ។គ្រុនផ្តាសាយ H5N1 គឺជាជំងឺគ្រុនផ្តាសាយដែលជាធម្មតារីករាលដាលរវាងបក្សីឈឺ។ ទោះបីជាយ៉ាងណាក៏ដោយ ពេលខ្លះវាអាចឆ្លងពីសត្វបក្សីទៅមនុស្ស ហើយរោគសញ្ញារបស់វារួមមានគ្រុនក្តៅ ក្អក ហៀរសំបោរ និងជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ។ក្រសួងបានឱ្យដឹងថា ជំងឺគ្រុនផ្តាសាយបក្សីនៅតែគំរាមកំហែងដល់សុខភាពប្រជាពលរដ្ឋ ជាពិសេសកុមារ ដោយជំរុញឱ្យប្រជាពលរដ្ឋកុំបរិភោគសត្វបក្សីឈឺឬងាប់។យោងតាមក្រសួងបានឱ្យដឹងថា ចាប់ពីឆ្នាំ២០០៣ រហូតមកដល់បច្ចុប្បន្ន នៅកម្ពុជា មានអ្នកឆ្លងជំងឺគ្រុនផ្តាសាយ H5N1 ចំនួន ៦៨ ករណី ក្នុងនោះមានអ្នកស្លាប់ចំនួន ៤២ នាក់នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍៕Xinhua/KhmerTimes
Post a Comment