លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាដែលតែងតាំងថ្មីជំនួសលោក Wang Wentian ដែលត្រូវចប់អាណត្តិកាលពីកន្លងទៅជឿជាក់ថាចំណងមិត្តភាពប្រពៃណីរវាងចិននិងកម្ពុជា នឹងត្រូវបានអភិវឌ្ឍន៍កាន់តែរឹងមាំបន្ថែមទៀតនាពេលឣនាគត។
|
|
ការជឿជាក់ពីចំណងមិត្តភាពទ្វេភាគីខាងលើនេះ បន្ទាប់ពីព្រះមហាក្សត្រ នរោត្តម សីហមុនី ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានលោក Wang Wenbin ចូលក្រាបថ្វាយបង្គំគាល់សារតាំងនៅព្រះទីនាំងទេវាវិនិច្ឆ័យព្រះបរមរាជវាំង កាលពីថ្ងៃពុធ។លោក Wang Wenbin បានសរសេរលើទំព័រហ្វេសបុកផ្លូវការរបស់ខ្លួនថា៖ «ខ្ញុំពិតជាមានមហាកិត្តិយសដែលបានថ្វាយសារតាំងចំពោះព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ចំណងមិត្តភាពប្រពៃណីរវាងចិន និងកម្ពុជា នឹងត្រូវបានអភិវឌ្ឍន៍កាន់តែរឹងមាំបន្ថែមទៀតនាពេលឣនាគត»។លោកបន្ថែមថា៖ «ទំនាក់ទំនងរវាងចិន-កម្ពុជា ក្នុងរយៈពេល៦៦ឆ្នាំកន្លងមក និងរយ:ពេលកាន់តែយូរជាងនេះ អនុស្សាវរីយ៍ដែលបន្សល់ទុកឱ្យដោយថ្នាក់ដឹកនាំជំនាន់មុន សុទ្ធតែជាកេរដំណែលដ៏មានថាមពលសម្រាប់បន្តរក្សាទៅថ្ងៃអនាគត»។កាលពីម្សិលមិញ លោក Wang Wenbin ក៏បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅវិមានព្រឹទ្ធសភា ក្នុងនាមតំណាងឱ្យប្រជាជន និងប្រទេសចិន។លោក សូ ណារ៉ូ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងថា លោក Wang Wenbin ជាអតីតអ្នកនាំពាក្យក្រសួងការបរទេស និងជាអ្នកកាទូតចិនដ៏ល្បីមួយរូប ដូច្នេះការតែងតាំងលោកជាឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា បានបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលចិនចំពោះកម្ពុជា ដើម្បីបន្តជ្រោមជ្រែង ពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្ររវាងកម្ពុជា-ចិន កាន់តែប្រសើរ។លោកបន្ថែមថា លោក Wang Wenbin នឹងបន្តជ្រោមជ្រែងទំនាក់ទំនងកាទូតកម្ពុជា-ចិន កាន់តែខ្ពស់ ព្រោះចិនជាដៃគូពាណិជ្ជកម្ម និងជាអ្នកវិនិយោគដ៏ធំសម្រាប់កម្ពុជា ដូច្នេះឯកអគ្គរដ្ឋទូតចិន នឹងជួយជំរុញបន្ថែមលើកិច្ចសហប្រតិបត្តិការសម្រាប់ទំនាក់ទំនងប្រជាជននិងប្រជាជន គឺចាប់ពីថ្នាក់ដឹកនាំកំពូលរហូតដល់ប្រជាពលរដ្ឋ។លោក សូ ណារ៉ូ បញ្ជាក់ថា៖ «ទោះទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា-ចិន មានទំហំធំជាងគេបំផុតនៅកម្ពុជា ប៉ុន្តែការនាំចូលផលិតផលរបស់ចិនមកកម្ពុជា គឺមានច្រើនលើសលុប។ ខ្ញុំសង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មី នឹងយកចិត្តទុកដាក់បន្ថែម ដើម្បីជំរុញឱ្យបើកទូលាយសម្រាប់ទីផ្សារកសិផលកម្ពុជាបាននាំចេញទៅទីផ្សារចិនកាន់តែធំទូលាយក្នុងអាណត្តិរបស់លោក ដើម្បីរក្សាតុល្យភាពនៃពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែប្រសើរ»។លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា លោក Wang Wenbin ជាអ្នកកាទូតជើងចាស់ដ៏សំខាន់របស់ចិន ដែលធ្លាប់បម្រើការងារនៅក្រសួងការបរទេសចិនជាច្រើនឆ្នាំ ដូច្នេះនៅពេលរដ្ឋាភិបាលចិនតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីប្រចាំកម្ពុជា ដើម្បីជំរុញឱ្យមានការលើកកម្ពស់តម្លៃកាទូតកម្ពុជា-ចិន កាន់តែខ្ពស់ជាមុន។លោកបន្តថា៖ «ផ្អែកលើទំនាក់ទំនងល្អរវាងកម្ពុជា-ចិន ក៏ដូចជាការតែងតាំងឯកអគ្គរដ្ឋទូតថ្មី ខ្ញុំសង្ឃឹមថាទំនាក់ទំនងទ្វេភាគីកាន់តែរឹងមាំបន្ថែម ហើយខ្ញុំក៏សង្ឃឹមថា ចិននឹងពិនិត្យឡើងវិញចំពោះការវិនិយោគជាប់គាំងនៃការសាងសង់អគារទាំងឡាយនៅខេត្តព្រះសីហនុ ដើម្បីជំរុញឱ្យមានការវិនិយោគឡើងវិញ»។លោកបញ្ជាក់ថា ឯកអគ្គរដ្ឋទូតថ្មី ក៏នឹងជំរុញដល់ការទប់ស្កាត់ និងបង្ក្រាបការឆបោកគ្រប់ប្រភេទពីប្រជាជនចិននៅលើទឹកដីកម្ពុជា ព្រោះបញ្ហាអវិជ្ជមានទាំងនេះនឹងធ្វើឱ្យខូចមុខមាត់ប្រទេសទាំងពីរ ក៏ដូចជានៅលើឆាកអន្តរជាតិ។នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីដើមខែកក្កដា លោក Wang Wenbin ប្ដេជ្ញាថា លោកនឹងសហការជាមួយមិត្តភក្ដិមកពីគ្រប់មជ្ឈដ្ឋានរវាងភាគីចិន និងកម្ពុជា ដើម្បីបន្តមិត្តភាពប្រទេសទាំងពីរ និងប្រឹងប្រែងជំរុញឱ្យសហគមន៍វាសនារួមក្នុងយុគសម័យនេះ ទទួលបានសមិទ្ធផលជាផ្លែផ្កាកាន់តែច្រើន និងផ្ដល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។លោកបន្ថែមថា ចំណងមិត្តភាពរវាងចិន និងកម្ពុជា មានប្រវត្តិសាស្រ្តយ៉ាងយូរអង្វែងដោយសារលោក ស៊ីន ជីនពីង ប្រធានាធិបតីចិន តែងយកសុភាសិតកម្ពុជាប្រៀបដូចជា ដើមឈើដើម្បីពណ៌នាអំពីទំនាក់ទំនងចិន និងកម្ពុជា។លោករម្លឹកថា អតីតព្រះមហាក្សត្រ នរោត្ដម សីហនុ បានចាត់ទុកចំណងមិត្តភាពចិន-កម្ពុជា គឺជាបុប្ផាដែលមិនចេះរុះរោយ ហើយអ្វីដែលលោកចាំជាងគេ គឺចំណងមិត្តភាពរវាងចិន និងកម្ពុជា ត្រូវបានទទួលស្គាល់យ៉ាងជ្រាលជ្រៅពីសំណាក់ប្រជាជនប្រទេសទាំងពីរ ខណៈចំណងមិត្តភាពដែកថែបបានក្លាយជាគំរូមួយសម្រាប់ទំនាក់ទំនងអន្តរជាតិ៕Khmer Times
Post a Comment