នាយ​ករដ្ឋមន្ត្រី៖ការពង្រឹងធ​នធានសម្រាប់យក​ទៅបង្កើតធនធាន​និងសមិទ្ធផលប​ន្ថែមទៀត

សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតីពិធីប្រគល់សញ្ញាបត្រជូនដល់គរុនិស្សិត គរុសិស្ស និងសម្ពោធអគារអន្តេវាសិកដ្ឋានគ្រូនៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញនាព្រឹកថ្ងៃទី៤ខែកក្កដាឆ្នាំ២០២៤។មានប្រសាសន៍ក្នុងពិធីដ៏មហោទ្បារិកនោះសម្តេចនាយករដ្ឋមន្ត្រីវបានថែ្លងអបអរសាទរចំពោះគរុនិស្សិតជ័យលាភីទាំងអស់ដែលបានខិតខំប្រឹងប្រែងសិក្សាដើម្បីក្លាយខ្លួនជាគ្រូបង្រៀនមានសមត្ថភាពពេញលេញមុននឹងចេញទៅបម្រើការងារនៅតាមសាលារៀនគោលដៅរបស់ខ្លួន។ទន្ទឹមនេះសម្តេចធិបតី បានលើកទឹកចិត្តដល់គរុនិស្សិតជ័យលាភី ឱ្យបន្ដអភិវឌ្ឍចំណេះដឹង និងវិជ្ជាជីវៈជាប្រចាំ តាមរយៈ ការសិក្សាស្រាវជ្រាវការសិក្សាបន្ថែមការអភិវឌ្ឍជំនាញបច្ចេកវិទ្យានិងបំណិនឌីជីថល ការអភិវឌ្ឍជំនាញទំនាក់ទំនងជាមួយអ្នកពាក់ព័ន្ធ ការទទួលយកការប្រឹក្សាយោបល់ និងស្វែងយល់ពីបទពិសោធពីថ្នាក់ដឹកនាំ និងសហការីនៅកន្លែងការងារ និងការចេះសម្របខ្លួនទៅនឹងបរិការណ៍អប់រំ ដែលកំពុងមានការវិវត្តខ្លាំង ។

ជាមួយនេះ សម្តេចធិបតី បានក្រើនរំលឹកដល់គរុនិស្សិតដែលកំពុងសិក្សា ឱ្យបន្តខិតខំប្រឹងប្រែងសិក្សា និងស្វែងយល់បន្ថែមនូវជំនាញ ព្រមទំាងបច្ចេកទេសគរុកោសល្យថ្មីៗដើម្បីក្លាយខ្លួនជាអ្នកអប់រំដ៏មានគុណភាពខ្ពស់សម្រាប់កម្ពុជា ស្របតាមបរិបទនៃការរីកចម្រើនរបស់សង្គម ។សម្តេចធិបតីបានមានប្រសាសន៍គូសបញ្ជាក់ផងដែរថា រយៈកាលជាង ១០ឆ្នាំ មកនេះ រាជរដ្ឋាភិបាលបានបង្កើនថវិកាដើម្បីលើកកម្ពស់វិស័យអប់រំ ដោយធានាបាននូវប្រសិទ្ធភាពនិងចំគោលដៅស្របតាមចក្ខុវិស័យក្នុងការលើកកម្ពស់កិត្តិយស តួនាទី និងឋានៈ របស់គ្រូបង្រៀននៅក្នុងសង្គមកម្ពុជា តាមរយៈការដាក់ចេញនូវគោលដៅអាទិភាព៤ គឺ៖ ១. ការធ្វើកំណែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀន ២. ការគិតគូរពីជីវភាពរស់នៅរបស់គ្រូបង្រៀន ៣. ការបង្កើនគុណវុឌ្ឍិរបស់គ្រូបង្រៀននិង៤.ការអនុវត្តស្តង់ដាវិជ្ជាជីវៈរបស់គ្រូបង្រៀន ហើយជាលទ្ធផល សមិទ្ធផលជាច្រើនបានលេចចេញជាផ្លែផ្កា សម្រាប់បម្រើដល់កំណើនសេដ្ឋកិច្ចនិងអភិវឌ្ឍធនធានមនុស្សក្នុងសង្គមកម្ពុជាព្រោះថាការពង្រឹងធនធានមនុស្សគឺជាការពង្រឹងធនធានសម្រាប់យកទៅបង្កើតធនធាន និងសមិទ្ធផលបន្ថែមទៀត ជាក់ស្តែង គរុនិស្សិតជ័យលាភីចំនួន ២៦៦ នាក់ ដែលបានបញ្ចប់ការសិក្សានេះ និងទៅបណ្តុះបណ្តាលដល់សិស្សរាប់សែននាក់បន្ថែមទៀតទូទាំងប្រទេស ។ក្នុងន័យនេះផងដែរ សម្តេចធិបតី បានលើកទឹកចិត្តដល់ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញក៏ដូចជាវិទ្យាស្ថានគុរកោសល្យដទៃទៀត ឱ្យបន្ដធ្វើអាទិភាវូបនីយកម្មលើគុណភាពនៃការអប់រំ ដើម្បីបន្តគាំទ្រដល់គរុនិស្សិតជ័យលាភីរបស់វិទ្យាស្ថាន ឱ្យកាន់តែមានសមត្ថភាព វិន័យ និងសីលធម៌ខ្ពស់ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍមូលធនបញ្ញាដល់យុវជនសម្រាប់បន្ដវេន និងជាសសរទ្រូងដ៏រឹងមាំ សម្រាប់ប្រទេសជាតិ ។ក្នុងឱកាសនៃពិធីនោះដែរ សម្តេចធិបតី បានណែនាំដល់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ឱ្យគិតគូរអំពីការផ្តល់គោលការណ៍ឧបត្ថម្ភនិងផ្តល់ការថែទាំដល់ពិរុទ្ធជនស្ត្រីមានផ្ទៃពោះ និងទារក នៅតាមមន្ទីឃុំឃាំង ដើម្បីទទួលបានការគាំពារសមស្រប ប្រកបដោយទឹកចិត្តមនុស្សធម៌ ។ជាចុងក្រោយសម្តេចមហាបវរធិបតីបានអរគុណចំពោះបណ្ដាប្រទេសជាមិត្ត ដៃគូអភិវឌ្ឍ អង្គការជាតិ និងអន្តរជាតិទាំងអស់ ដែលបានចូលរួមវិភាគទានយ៉ាងថ្លៃថ្លាជួយឧបត្ថម្ភ គាំទ្រដល់ការអភិវឌ្ឍ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញរហូតដល់ទទួលបានលទ្ធផលយ៉ាងត្រចះត្រចង់ ។សូមបញ្ជាក់ផងដែរថា អគារអន្តេវាសិកដ្ឋានគ្រូ ១ ខ្នង កម្ពស់ ៤ជាន់មាន៧០បន្ទប់ដែលបានកសាងរួចរាល់ដោយកងវិស្វកម្មរបស់សម្ដេចតេជោដែលសម្ពោធដាក់ឱ្យប្រើប្រាស់នេះគឺជាសមិទ្ធផលដ៏មានសារៈសំខាន់ក្នុងការផ្ដល់ជាទីកន្លែងស្នាក់នៅសម្រាប់លោកគ្រូ-អ្នកគ្រូឧទ្ទេស សាស្ត្រាចារ្យ និងបុគ្គលិកអប់រំដែលបានផ្លាស់មកបម្រើការងារនៅវិទ្យាស្ថាន និងពុំទាន់មានទីស្នាក់នៅក្នុងរាជធានីភ្នំពេញ ៕ 

Powered by Blogger.