ទូតចិ​នបេ្តជ្ញានឹងពង្រឹងនិង​ពង្រីកបន្ថែមទៀតលើកា​រអភិវឌ្ឍគ្រប់វិស័យ

សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែនបានអនុញ្ញាតឱ្យឯកឧត្តម WANGWenbinឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជាចូលជួបសម្ដែងការគួរសមនាព្រឹកថ្ងៃទី១៨ខែកក្កដាឆ្នាំ២០២៤នៅវិមានព្រឹទ្ធសភាបានមានប្រសាសន៍ស្នើឱ្យមិត្តចិនបន្តការគាំទ្រកម្ពុជាជាបន្តទៀតលើការអភិវឌ្ឍគ្រប់វិស័យ។

សម្តេចតេជោប្រធានព្រឹទ្ធសភាបានសម្តែងនូវការស្វាគមន៍និងអបអរសារទរយ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្តម WANG Wenbin ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅប្រទេសកម្ពុជាបន្ទាប់ពីការចាកចេញរបស់ឯកឧត្ដមឯកអគ្គរដ្ឋទូតមុន។ឯកឧត្តមឯកអគ្គរដ្ឋទូតចិនបានសម្តែងនូវសេចក្តីសោមនស្សរីករាយជាខ្លាំង និងការអរគុណ ដែលសម្តេចតេជោ បានអនុញ្ញាតឱ្យ ឯកឧត្តម និងសហការី បានចូលជួបសម្ដែងការគួរសម។ ឯកឧត្តមក៏បានពាំនាំជូនសម្តេចតេជោនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម ប្រធានាធិបតីចិន ស៊ី ជិនពីង ឯកឧត្តមនាយករដ្ឋមន្ត្រីចិន លី ឈាង ប្រធានសភាចិននិងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀត។ ឯកឧត្តមបានមានប្រសាសន៍ថាសម្តេចតេជោជាមិត្តចាស់ដ៏ពិតប្រាកដរបស់ចិនដែលបានគាំទ្រគ្នាទៅវិញទៅមក។ឯកឧត្តមក៏បានអរគុណសម្ដេចតេជោ ដែលបានអញ្ជើញទៅទស្សនកិច្ចនៅប្រទេសចិនអំឡុងពេលដែលមានការផ្ទុះកូវីដ១៩ ដែលធ្វើឱ្យប្រជាជនចិន និងពិភពលោកមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំងហើយបានចាត់ទុកថាសម្ដេចតេជោជាមិត្តល្អសម្រាប់ប្រជាជនចិន ដែលគាំទ្រគ្នាក្នុងគ្រាមានអាសន្ន។ដូចនេះ សុខទុក្ខរបស់កម្ពុជាគឺជាសុខទុក្ខរបស់ប្រទេសចិនដូចគ្នា។ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរដ្ឋទូតបានបន្ថែមថា សម្តេចតេជោ គឺជាអ្នកនយោបាយ ជាមេដឹកនាំកំពូល និងជាអ្នកយុទ្ធសាស្ត្រដ៏ឆ្នើមក្នុងការដឹកនាំមាគ៌ាកម្ពុជា ឆ្ពោះទៅរកសុខសន្តិភាព និងការអភិវឌ្ឍជឿនលឿនដូចសព្វថ្ងៃ។ ឯកឧត្តមបានកោតសរសើរសម្ដេចតេជោដែលបានចូលរួមដោយផ្ទាល់ក្នុងរយៈពេលជាង៣០ឆ្នាំកន្លងមកនេះក្នុងការពូនជ្រំទំនាក់ទំនងមិត្តភាពយូរអង្វែងកម្ពុជា-ចិន ។សម្តេចតេជោនិងឯកឧត្តម ស៊ី ជីនពីង បានឯកភាពគ្នាដាក់ចេញនូវក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដើម្បីជាផែនទីចក្ខុវិស័យក្នុងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ សំដៅសម្រេចបាននូវការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកប​ដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។ ឯកឧត្តម បានបេ្តជ្ញាថាក្នុងអាណត្តិការទូតរបស់ឯកឧត្តមនៅកម្ពុជាឯកឧត្តម នឹងពង្រឹងនិងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងសេដ្ឋកិច្ច-សង្គម សន្តិសុខ-យោធា និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ឱ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត។ឆ្លៀតក្នុងឱកាសនៃជំនួបនេះផងដែរ ឯកឧត្តម ឯកអគ្គរដ្ឋទូតក៏បានគោរពអញ្ជើញ សម្តេចតេជោ ដើម្បីទៅបំពេញទស្សនកិច្ចនៅប្រទេសចិនក្នុងពេលវេលាសមស្របណាមួយនាពេលខាងមុខ។សម្ដេចតេជោ ហ៊ុន សែន បានអរគុណចំពោះឯកឧត្តមឯកអគ្គរដ្ឋទូតដែលបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម ប្រធានាធិបតី ស៊ី ជិនពីង, នាយករដ្ឋមន្ត្រី, ប្រធានសភាតំណាងប្រជាជនចិនទូទាំងប្រទេស និងថ្នាក់ដឹកនាំដទៃទៀតនៃប្រទេសចិន។ សម្តេចតេជោ ក៏បានគូសបញ្ជាក់ផងដែរអំពីសារៈសំខាន់មិនអាចខ្វះបាននៃទំនុកចិត្តនិងការគោរពឱ្យតម្លៃគ្នាទៅវិញទៅមក ក្នុងការវិវឌ្ឍនៃទំនាក់ទំនងរវាងកម្ពុជា-ចិន ពីដៃគូយុទ្ធសាស្ត្រ ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប ដើម្បីរួមគ្នាកសាងសហគមន៍ជោគវាសនារួម។ សម្ដេចតេជោ ប្រធានព្រឹទ្ធសភាក៏បានមានប្រសាសន៍ឱ្យដឹងថា កម្ពុជាបានរក្សាចំណងមិត្តភាពជាប្រពៃណីដ៏ល្អនេះតាំងពីថ្នាក់ដឹកនាំជំនាន់មុនហើយថ្នាក់ថ្នមថែរក្សាទំនាក់ទំនងនេះឱ្យមានភាពរឹងមាំជារៀងរហូតមក។ សម្ដេចតេជោបានចាត់ទុកថា ទំនាក់ទំនងជាប្រវត្តិសាស្ត្រ រវាងប្រទេសទាំងពីរតម្រូវឱ្យប្រទេសយើងទាំងពីរនៅតែជាដៃគូដ៏ស្មោះត្រង់ជាមួយគ្នា។សម្ដេចតេជោក៏បានរម្លឹកថាទស្សនកិច្ចរបស់សម្ដេចទៅកាន់ប្រទេសចិននៅពេលដែលផ្ទុះខ្លាំងនូវជំងឺកូវីដ១៩នោះគឺជាការបង្ហាញពីសាមគ្គីភាពចំពោះប្រជាជនកម្ពុជា ជាមួយប្រជាជនចិនក្នុងគ្រាដ៏លំបាក និងពីការលើកទឹកចិត្ត ចំពោះនិស្សិតកម្ពុជាដែលកំពុងស្នាក់នៅ និងបន្តការសិក្សានៅប្រទេសចិន។ ឆ្លៀតក្នុងឱកាសនេះ សម្ដេចតេជោក៏បានអរគុណដល់ប្រទេសចិនដែលបានផ្ដល់នូវវ៉ាក់សាំងកូវីដ១៩ មកដល់កម្ពុជាជាបន្តបន្ទាប់។សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ឱ្យដឹងផងដែរថាក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជាសម្តេចនឹងស្ថិតនៅយូរអង្វែងហើយបើទោះបីជាមានការផ្លាស់ប្ដូរនាយករដ្ឋមន្ត្រីក៏ដោយក៏ជំហររបស់កម្ពុជាជាមួយមិត្តចិនពុំមានការផ្លាស់ប្ដូរនោះទេ។ សម្តេចតេជោបានស្នើឱ្យមិត្តចិនបន្តការគាំទ្រកម្ពុជាជាបន្តទៀតលើការអភិវឌ្ឍគ្រប់វិស័យ។សម្តេចតេជោក៏បានរម្លឹកពីជំហររបស់កម្ពុជាក្នុងការប្រកាន់ខ្ជាប់នូវ “នយោបាយចិនតែមួយ” ហើយចាត់ទុកបញ្ហាហុងកុង ចិនតៃវ៉ាន់ ទីបេ និងស៊ីនជាំងជាបញ្ហាផ្ទៃក្នុងរបស់ចិន។សម្តេចតេជោប្រធានព្រឹទ្ធសភា ក៏បានស្នើឱ្យឯកឧត្តមឯកអគ្គរដ្ឋទូតចិនពាំនាំមកការផ្ដាំផ្ញើសួរសុខទុក្ខរបស់សម្តេច ជូនចំពោះឯកឧត្តម ប្រធានាធិបតីចិន ស៊ី ជិនពីង និងថ្នាក់ដឹកនាំចិនសំខាន់ៗជាច្រើនទៀត៕

Powered by Blogger.