កាលពីពេលថ្មីៗនេះរដ្ឋបាលខេត្តតាកែវចេញសេចកី្តជូនដំណឹងដល់គ្រប់ម្ចាស់អាជីវកម្មភោជនីយដ្ឋានអាហារដ្ឋាន និងក្រុមហ៊ុនចែកចាយស្រាបៀរ និងគ្រឿងស្រវឹងគ្រប់ប្រភេទនៅក្នុងខេត្តតាកែវត្រូវធ្វើការរុះរើផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មឱ្យអស់ក្នុងរយៈពេលមួយសប្តាហ៍គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ(ថ្ងៃទី១២ខែកក្កដា)។
|
រូបភាពសហការី |
បើយោងតាមសេចកីជូនដំណឹង បានឱ្យដឹងថា ដើម្បីធ្វើអោយមានធ្នាប់ និងរបៀបរៀបរយល្អ និងចូលរួមកាត់បន្ថយការសេពគ្រឿងស្រវឹង ការកាត់បន្ថយអំពើហិង្សា ព្រមទាំងការកាត់បន្ថយគ្រោះថ្នាក់ផ្សេងៗបណ្ដាលមកពីគ្រឿងស្រវឹង ជាពិសេស ដើម្បីរួមចំណែកលើកកម្ពស់សេចក្ដីថ្លៃថ្នូរ និងរក្សាបាននូវសោភ័ណភាពនៅក្នុងភូមិសាស្ត្រខេត្តតាកែវរដ្ឋបាលខេត្ត មានសេចក្ដីរំពឹងថា ម្ចាស់អាជីវកម្ម ក្រុមហ៊ុនចែកចាយស្រាបៀរ និងគ្រឿងស្រវឹងទាំងអស់ ដែលបានដាក់តាំងប៉ាណូផ្សព្វផ្សាយ នៅតាមដងផ្លូវ និងលើចិញ្ចឹមផ្លូវសាធារណៈដែលច្បាប់ បានកំណត់ត្រូវធ្វើការរុះរើចេញជាបន្ទាន់ ក្នុងរយៈពេលមួយសប្តាហ៍ ។លោក វី សំណាង អភិបាលខេត្តតាកែវ បានថ្លែងថា កន្លងមកមានភោជនីយដ្ឋាន អាហារដ្ឋានមួយចំនួននៅក្នុងខេត្ត បានធ្វើការរុះរើផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្ម ស្រាបៀជាបណ្ដើរៗ ដែលនេះជាគម្រូល្អមួយ។លោកបានបញ្ជាក់ថា ក្នុងករណីផុតកាលបរិច្ឆេទកំណត់ខាងលើម្ចាស់អាជីវកម្ម និងក្រុមហ៊ុនចែកចាយស្រាបៀរ និងគ្រឿងស្រវឹងទាំងអស់ដែលពុំព្រមធ្វើការរុះរើតាមសេចកីជូនដំណឹងនេះទេ រដ្ឋបាលខេត្ត និងចាត់វិធានការតាមនីតិវិធីរដ្ឋបាលធ្វើការរុះរើដោយមិនទទួលខុសត្រូវរាល់ការខូចខាតនិងការបាត់បង់សម្ភារៈផ្សេងៗនោះឡើយ។រីឯការចំណាយផ្សេងៗជាបន្ទុករបស់ម្ចាស់អាជីវកម្ម។ការប្រយុទ្ធប្រឆាំងផលិតផលគ្រឿងស្រវឺង បែបនេះគឺក្រោយពេលឯកឧត្តមស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីពេលថ្មីៗនេះបានដាក់គោលការណ៍ឱ្យអភិបាលខេត្តទាំងអស់ពិនិត្យឡើងវិញ រាល់ឯកសារព្រមព្រៀងជាមួយក្រុមហ៊ុនផលិត លក់ចែកចាយ និងទទួលផ្សព្វផ្សាយគ្រឿងស្រវឹងទាំងអស់ដើម្បីឈានទៅបញ្ចប់រាល់ការផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹងតាមដងផ្លូវនិងទីសាធារណៈ។ តែគោលការណ៍នេះបានហាមឃាត់ការផ្សាយតែលើផ្ទាំងប៉ាណូនៅតាមដងផ្លូវទីសាធារណៈ និងកាត់ពីលើដងផ្លូវប៉ុណ្ណោះសម្រាប់កន្លែងលក់ដូរ អាហារដ្ឋាន និងភោជ្ជនីយដ្ឋានជាដើមនៅតែអាចដាក់តាំងផ្សាយគ្រឿងស្រវឹងបានធម្មតា។គួរជម្រាបថា តាមការស្រាវជ្រាវមួយរបស់ក្រុមហ៊ុនជប៉ុនឈ្មោះ kirin ក្នុងមួយឆ្នាំពលរដ្ឋកម្ពុជាម្នាក់ជាមធ្យមផឹកស្រាបៀរអស់ប្រមាណ៧២លីត្រ។ បើគិតជាទឹកប្រាក់ក្នុងមួយឆ្នាំ ពលរដ្ឋកម្ពុជាត្រូវចំណាយប្រមាណ២,៣ពាន់លានដុល្លារតែលើស្រាបៀរ។សូមរម្លឹកថា ទីផ្សារស្រាបៀរនៅកម្ពុជាអាចរកចំណូលបានចំនួន ១ ៣៦០លានដុល្លារអាមេរិក ខណៈឧស្សាហកម្មមួយនេះ នឹងមានអាត្រាកំណើនថេរដែលរំពឹងទុក៨,៨%រហូតដល់ឆ្នាំ២០២៧៕Khmer Times/RFI
Post a Comment