កម្ពុជាប្ដេជ្ញាចិត្តរួមចំណែកដល់សន្តិភាពពិភពលោក
កម្ពុជាប្តេជ្ញាបន្តសហការជាមួយអង្គការសហប្រជាជាតិក្នុងការរក្សាសន្តិភាព និងសន្តិសុខនៅក្នុងប្រទេសដែលកំពុងប្រឈមនឹងជម្លោះនិងអសន្តិសុខ និងក្នុងការងារមនុស្សធម៌។ការប្តេជ្ញាចិត្តនេះ ត្រូវបានបញ្ជាក់សារជាថ្មីដោយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទទួលជួបសម្តែងការគួរសមជាមួយលោក Jean-Pierre Lacroix អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកប្រតិបត្តិការសន្តិភាព នៅវិមានសន្តិភាព។សម្តេចនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងអង្គការសហប្រជាជាតិ ហើយបានថ្លែងអំណរគុណចំពោះភាគីអង្គការសហប្រជាជាតិ ដែលបានយកចិត្តទុកដាក់ និងគាំទ្រចំពោះសុវត្ថិភាព និងសន្តិសុខរបស់កងកម្លាំងរក្សាសន្តិភាពកម្ពុជា នៅក្នុងប្រទេសនានា។សម្តេច ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ពីការត្រៀមខ្លួនរបស់កម្ពុជា ក្នុងការបន្តពង្រាយកងកម្លាំងរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅក្នុងប្រទេសដទៃទៀត ក៏ដូចជាធ្វើជាម្ចាស់ផ្ទះនៃសន្និសីទត្រួតពិនិត្យលើកទី៥ នៃសន្ធិសញ្ញាហាមប្រាមមីន ឬកិច្ចប្រជុំកំពូលសៀមរាបអង្គរ ស្តីពីពិភពលោកគ្មានមីន។សម្តេចបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តយកចិត្តទុកដាក់លើការងារដោះមីន ហើយមកដល់ពេលនេះ ខេត្តចំនួន ១៥ របស់កម្ពុជា ត្រូវបានប្រកាសជាផ្លូវការថា គ្មានមីន។
Post a Comment