ក្នុងជំនួបឯកឧត្តមអគ្គលេខាធិការរងបានកោតសរសើរអំពីជោគជ័យរបស់កម្ពុជានិងចាត់ទុកកម្ពុជាជាប្រទេសគំរូដែលបានប្រែក្លាយពីប្រទេសដែលធ្លាប់ទទួលកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ទៅជាប្រទេសដែលបានចូលរួមចំណែកក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិភាព ទៅកាន់បណ្ដាប្រទេសជាច្រើនក្រោមឆ័ត្រអង្គការសហប្រជាជាតិ ដើម្បីចូលរួមថែរក្សាសន្តិភាពបោសសម្អាតមីននិងកសាងហេដ្ឋារចនាសម្ព័ន្ធនានា។
|
|
ជាមួយគ្នានេះកម្ពុជាបានផ្ដល់នូវការបណ្ដុះបណ្ដាលផ្នែកបោសសម្អាតមីនដល់បណ្ដាប្រទេសមួយចំនួននិងមានមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន។បន្ថែមពីនេះ ឯកឧត្តមអគ្គលេខាធិការរង ក៏បានសម្ដែងនូវការគាំទ្រចំពោះកម្ពុជាដែលនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាស្តីពី ការហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) នៅខែវិច្ឆិកា ឆ្នាំ២០២៤។ឯកឧត្តមអគ្គលេខាធិការរងបានកោតសរសើរការអភិវឌ្ឍដ៏ឆាប់រហ័សរបស់កម្ពុជា ព្រមទាំងបានកោតសរសើរកម្ពុជា ដែលនឹងចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចក្នុងពេលអនាគតដ៏ខ្លី។ជាការឆ្លើយតបសម្ដេចធិបតីបានអរគុណអង្គការសហប្រជាជាតិដែលបានរួមចំណែកកសាងនិងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាក៏ដូចជាបានគាំទ្រនិងបន្តគាំទ្រកងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជាក្រោមឆ័ត្រអង្គការសហប្រជាជាតិ ។ បន្ថែមលើនេះ សម្ដេចធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបន្តប្ដេជ្ញាចិត្ត និងត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តបញ្ជូនកងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា ដើម្បីចូលរួមជាមួយអង្គការសហប្រជាជាតិក្នុងការថែរក្សាសន្តិភាព និងបោសសម្អាតមីនមនុស្សធម៌។មុននឹងបញ្ចប់ សម្ដេចធិបតី បានគូសបញ្ជាក់ថាកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះនៃកម្មវិធីភាពជាដៃគូត្រីភាគីអង្គការសហប្រជាជាតិ-សាធារណរដ្ឋកូរ៉េ-កម្ពុជា ( The UN-ROK-Cambodia Triangular Partnership) ក្នុងចុងឆ្នាំ២០២៤និងកម្មវិធីភាពជាដៃគូត្រីភាគីអង្គការសហប្រជាជាតិ-ជប៉ុន-កម្ពុជា (The UN-Japan-Cambodia Triangular Partnership) នៅដើមឆ្នាំ២០២៥៕
Post a Comment