តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា លោក តូ ឡឹម (Tô Lâm)ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែកក្កដា។សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានគូសបញ្ជាក់ថា ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនេះ លោក តូ ឡឹម នឹងចូលក្រាបបង្គំគាល់ និងព្រះរាជសវនាការជាមួយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នៅព្រះបរមរាជវាំង។
|
ប្រធានរដ្ឋវៀតណាមលោកតូឡឹមគ្រោងទៅបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា។ |
ប្រភពដដែលបន្តថា លោកប្រធានរដ្ឋ តូ ឡឹម គ្រោងនឹងជួបជាមួយសម្តេចហ៊ុន សែន ប្រធានព្រឹទ្ធសភា លោកស្រី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ប្រភពបានគូសបញ្ជាក់ថា ជំនួបទាំងនេះត្រូវបានគេរំពឹងថានឹងគ្របដណ្តប់លើកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌទ្វេភាគី និងពហុភាគី ដោយឈរលើស្មារតីនៃអ្នកជិតខាងល្អ មិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជននៃប្រទេសទាំងពីរ។យោងតាមសេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា លោកប្រធានរដ្ឋវៀតណាម គ្រោងនឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ នៅមណ្ឌបព្រះបរមរូប ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងនៅមណ្ឌបមិត្តភាពកម្ពុជា-វៀតណាម។លោកប្រធានរដ្ឋ តូ ឡឹម ក៏គ្រោងនឹងទទួលការចូលជួបសម្តែងការគួរសមពីលោកស្រី ម៉ែន សំអន ប្រធានសមាគមមិត្តភាព កម្ពុជា-វៀតណាម៕AKP
Post a Comment