សម្ដេចហ៊ុ​នម៉ាណែត៖ត្រូវពង្រឹងអក្សរសាស្ត្រជាតិ​ឱ្យខ្លាំងជាងភា​សាបរទេស

 សម្ដេចធិបតី ហ៊ុន ម៉ាណែត បានស្នើឱ្យរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាដាក់ផែនការតាមសាលាពង្រឹងសិស្សនៅថ្នាក់បឋមសិក្សាឱ្យចេះអានចេះសរសេរអក្សរសាស្ត្រជាតិនិងពង្រឹងគណិតវិទ្យាឱ្យខ្លាំងជាងភាសាបរទេស។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្របរិញ្ញាបត្រអប់រំ ជូនដល់គរុនិស្សិតជំនាន់ទី២គរុសិស្សជំនាន់ទី៣១ និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវអន្តេវាសិកដ្ឋានគ្រូនៅវិទ្យាស្ថានគរុកោសល្យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤នេះ សម្ដេចធិបតីបានថ្លែងថា ដើម្បីឱ្យសិស្សចេះអានអក្សរ និងចេះបូកដកលេខបានថ្នាក់បឋមសិក្សាសូមកុំដាក់បញ្ចូលភាសាបរទេសច្រើនជាងភាសាខ្មែរនិងគណិតវិទ្យាចាំដល់អនុវិទ្យាល័យទើបបង្កើនម៉ោងភាសាបរទេសដើម្បីឱ្យសិស្សមានមូលដ្ឋានចំណេះដឹងភាសាជាតិច្បាស់លាស់។សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា «បើយើងថ្នាក់ទី១២សរសេរអក្សរខ្មែរអត់ត្រង់ជួរផងសរសេរម៉េច បើថ្នាក់ទី១២អត់ចេះគុណលេខបូកលេខផងអាងអីសម័យឥឡូវគេប្រើកុំព្យូទ័រ គេប្រើកាល់គូឡេទ័រហើយ បើមិនបាច់ចេះបូកលេខទេ ចប់ហើយ ជឿខ្ញុំទៅ អាងកុំព្យូទ័រ កាល់គូឡេទ័រហ្នឹងមិនធានាគ្រប់ពេលទេ បាទ សូម្បីតែ GPS យោធាហ្នឹងក៏ខុសដែរ មានពេលខ្លះ បើអត់ចេះមើលផែនទី»។ពាក់ព័ន្ធការអភិវឌ្ឍធនធានមនុស្សនេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ទៅលើការពង្រឹងគ្រូដែលជាមូលដ្ឋាននៃការកែទម្រង់ វិស័យអប់រំ។ សម្ដេចធិបតីបានគូសបញ្ជាក់ថាគ្រូត្រូវតែចេះច្បាស់ទើបបណ្ដុះបណ្ដាលសិស្សឱ្យមានគុណភាពសម្រាប់ប្រទេសជាតិនិងអាចប្រកួតប្រជែងជាមួយគេបានលើឆាកអន្តរជាតិ។សម្ដេចធិបតីហ៊ុនម៉ាណែតបានថ្លែងថា«លើកតម្កើងគុណភាពមនុស្ស គុណភាពមនុស្សជាកត្តាកំណត់នៃសមត្ថភាពប្រទេស អភិវឌ្ឍន៍ ទាល់មនុស្សខ្លាំងបានយើងអភិវឌ្ឍន៍ខ្លាំង បើប្រជាជនយើងអត់ចេះកុំព្យូទ័រអត់ចេះភាសាអង់គ្លេសតើទៅយកកុំព្យូទ័រមកប្រើម៉េចកើត នៅតែសរសេរដៃដដែល តើយើងទាន់គេទេ អត់ទាន់ទេ»។សូមជម្រាបជូនថាគរុនិស្សិត គរុសិស្សជ័យលាភី ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យកាលពីឆ្នាំសិក្សា ២០២២-២០២៣កន្លងទៅហើយដែលត្រូវទទួលសញ្ញាបត្រវិជ្ជាជីវៈគ្រូបង្រៀននៅថ្ងៃនេះ សរុប ២៦៦នាក់ ស្រី ១៨១នាក់ ក្នុងនោះគរុនិស្សិតថ្នាក់បរិញ្ញាបត្រ (១២+៤) ចំនួន ២៤៣នាក់ ស្រី ១៧២នាក់ និងគរុសិស្ស (១២+២) ចំនួន ២៣នាក់ ស្រី៩នាក់៕ 

Powered by Blogger.