ឯកឧត្តមអភិសន្តិបណ្ឌិតស សុខាផ្ដល់អនុសាសន៍ឱ្យអភិបាលរាជធានី-ខេត្តទាក់ទាញនិងគាំទ្រគម្រោងបង្កើតមណ្ឌលបន្សាបគ្រឿងញៀន
ពីសាលាខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានផ្ដល់អនុសាសន៍ឱ្យរដ្ឋបាលរាជធានី ខេត្ត ទូទាំងប្រទេសយកចិត្តទុកដាក់ទាក់ទាញនិងចូលរួមគាំទ្រគម្រោងវិនិយោគជាមួយវិស័យឯកជនដើម្បីបង្កើតមណ្ឌលព្យាបាល បន្សាប និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។ប្រមុខក្រសួងមហាផ្ទៃ ក៏បានលើកឡើងចំៗឱ្យរដ្ឋបាលខេត្តត្បូងឃ្មុំពិនិត្យមើលទីតាំងដីសមរម្យរបស់ខេត្តយកធ្វើជាធ្នាក់បោះទុនជាមុនដើម្បីទាក់ទាញវិស័យឯកជនមកចូលរួមវិនិយោគ។ក្នុងពិធីប្រកាសចូលកាន់មុខតំណែងឯកឧត្តម ប៉ែន កុសល្យ ជាអភិបាលថ្មី នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខាបានមានប្រសាសន៍ថាការវិនិយោគបង្កើតមណ្ឌលបន្សាបគ្រឿងញៀននេះនឹងពិបាកលេចចេញជារូបរាងណាស់។ប្រសិនណាបើអ្នកវិនិយោគរំពឹងខ្ពស់តែលើប្រាក់ចំណេញនិងថែមទាំងមិនមានការសម្បទានគាំទ្រពីរដ្ឋ ។ប៉ុន្តែតាមរយៈរូបមន្តជួយគ្នាទៅវិញទៅមក រវាងរដ្ឋបាលខេត្ត អ្នកវិនិយោគនិងក្រុមគ្រួសារជនរងគ្រោះមណ្ឌលជាបន្តបន្ទាប់ត្រូវបានបង្កើតឡើង និងដំណើរការដល់សព្វថ្ងៃ។បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ការបង្កើតមណ្ឌលព្យាបាល បន្សាប និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀនគឺជាការផ្ដល់ដំណោះស្រាយប្រកបដោយប្រសិទ្ធភាព ដើម្បីស្រោចស្រង់ និងសង្គ្រោះជនរងគ្រោះ ពីព្រោះយន្តការនេះមានភាគរយខ្ពស់បំផុតក្នុងការប្រែក្លាយជនរងគ្រោះឱ្យផ្ដាច់បានដោយជោគជ័យពីគ្រឿងញៀន និងថែមទាំងទទួលបានការអប់រំ និងបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ដើម្បីប្រើប្រាស់និងប្រកបរបរចិញ្ចឹមជីវិត ក្រោយពីការធ្វើសមាហរណ៍ចូលទៅក្នុងសហគមន៍វិញ។ ភ្ជាប់នឹងអនុសាសន៍ដូចបានបញ្ជាក់មកនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខាបានគូសបញ្ជាក់អំពីនិន្នាការនៃការជួញដូរគ្រឿងញៀនរបស់ពួកឧក្រិដ្ឋជន ដែលកន្លងទៅសមត្ថកិច្ចបង្ក្រាបបានត្រឹមកម្រិតរាប់សិបគីឡូ ឬយ៉ាងហោចណាស់ត្រឹមរយគីឡូ ប៉ុន្តែក្នុងរយៈពេលកន្លះឆ្នាំ២០២៤ នេះ មានដល់ទៅជាង ៥ពាន់គីឡូរួចជាស្រេច ខណៈមានជនរងគ្រោះដែលភាគច្រើនជាយុវជនតិចតួចនៅឡើយដែលបានស្ម័គ្រចិត្ត និងទទួលការជ្រោមជ្រែងពីក្រុមគ្រួសារ ដើម្បីទទួលសេវាព្យាបាល បន្សាប និងស្ដារនីតិសម្បទា។
Post a Comment