សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្តែងការអបអរសាទរជូនចំពោះលោក Narendra Modi ដែលបានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋឥណ្ឌាសារជាថ្មី។
|
រូបសហការី |
សម្តេចធិបតីបានសរសេរនៅក្នុងលិខិតអបអរសាទរចុះថ្ងៃទី ៥ ខែមិថុនាថា “តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាខ្ញុំសូមចូលរួមអបអរសាទរយ៉ាងកក់ក្តៅបំផុតជូនចំពោះលោក Narendra Modi ចំពោះជ័យជម្នះលើកទី៣ជាប់ៗគ្នារបស់គណបក្ស Bharatiya Janata (BJP) និងគណបក្ស National Democratic Alliance ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី១៨ និងការជាប់ឆ្នោតជានាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋឥណ្ឌាសារជាថ្មី។សម្តេចនាយករដ្ឋមន្រ្តីបានបន្ថែមថា “ប្រជាជននៃប្រទេសឥណ្ឌាបានជ្រើសរើសរដ្ឋាភិបាលរបស់លោកសម្រាប់អាណត្តិថ្មី ដែលជាសក្ខីភាពមួយចំពោះការបន្តការជឿជាក់ និងទំនុកចិត្តរបស់ពួកគេចំពោះការដឹកនាំដ៏ឈ្លាសវៃរបស់លោក និងការគាំទ្រសម្រាប់ចក្ខុវិស័យរបស់អំពីអនាគតរបស់ប្រទេសឥណ្ឌា។ ក្រោមការដឹកនាំរបស់លោក ខ្ញុំជឿជាក់ថា ប្រទេសឥណ្ឌានឹងបន្តសម្រេចបានជោគជ័យគួរឱ្យកត់សម្គាល់បន្ថែមទៀត ព្រមទាំងដើរតួនាទីកាន់តែសំខាន់ក្នុងកិច្ចការតំបន់ និងអន្តរជាតិ»។សម្តេចបានបន្ថែមថា កម្ពុជា និងឥណ្ឌាមានទំនាក់ទំនងយូរអង្វែង ដែលបង្ហាញឱ្យឃើញពីកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរលើវិស័យជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ ទន្ទឹមនឹងនេះ ការប្តេជ្ញារបស់លោក Narendra Modi សម្រាប់វិបុលភាពរួមគ្នាបានជំរុញកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយរវាងប្រទេសទាំងពីរ។សម្តេចបានគូសបញ្ជាក់ថា “ខ្ញុំសូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្ញុំក្នុងការធ្វើការកាន់តែជិតស្និទ្ធជាមួយលោក ដើម្បីលើកកម្ពស់ភាពជាដៃគូ និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីរបស់យើងបន្ថែមទៀត ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជនយើង និងដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងលើសពីនេះ៕
Post a Comment