ឯកឧត្តមអភិសន្តិបណ្ឌិតស សុខារុញឱ្យក្រុមប្រឹក្សាខេត្តព្រៃវែងសហការជាមួយគណៈអភិបាលប្រែក្លាយខ្លួនជាអ្នកបម្រើប្រជាជនសម័យកាលឌីជីថល
ព្រៃវែង៖ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែងបានជំរុញឱ្យក្រុមប្រឹក្សាខេត្តព្រៃវែងសហការជាមួយគណៈអភិបាល ប្រែក្លាយជាអ្នកបម្រើប្រជាជនសម័យកាលឌីជីថល។ ក្នុងថ្លែងបែបនេះ ក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តព្រៃវែង អាណត្តិទី៤ នារសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ នៅសាលាខេត្តព្រៃវែង។យោងតាមព្រះក្រឹត្យព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្រុមប្រឹក្សាខេត្តព្រៃវែង មានសមាសភាព ចំនួន ២៧រូប ក្នុងនោះឯកឧត្តម ស្បោង សារ៉ាត មានតំណែងជាប្រធានក្រុមប្រឹក្សា។ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចូលរួមអបអរសាទរឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ដែលត្រូវបានតំណាងប្រជាពលរដ្ឋ ពោលគឺសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ផ្តល់សេចក្តីទុកចិត្តបោះឆ្នោតជ្រើសរើសជាសមាជិកក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៤ នេះ ដើម្បីបន្តចូលរួមដឹកនាំខេត្តព្រៃវែង ជាមួយគណៈអភិបាលខេត្ត។
Post a Comment