នាថ្ងៃសៅរ៍ ទី៨ ខែមិថុនា ឆ្នាំ២០២៤ម្សិលមិញនេះ ក្រុមហ៊ុនរ៉ូយ៉ាល់ រេលវេ(RRC)បានដាក់ឲ្យរថភ្លើងដែលទិញពីជប៉ុនរត់សាកល្បងលើផ្លូវដែកភាគខាងត្បូង ព្រះសីហនុ-ភ្នំពេញ ដើម្បីពិនិត្យដំណើរការកង់ ប្រព័ន្ធហ្វ្រាំង និងការងារផ្សេងៗទៀតបណ្តើរៗតាមដំណាក់កាល នៃការរត់លើផ្លូវដែក ដើម្បីប្រាកដថាមានសុវត្ថិភាពសម្រាប់ដឹកជញ្ជូនអ្នកដំណើរ មុននឹងដាក់ឱ្យដំណើរការជាផ្លូវការ។
|
|
ក្នុងដំណើរការសាកល្បងខាងលើ ក្រុមការងារបច្ចេកទេសនាយកដ្ឋានផ្លូវដែក នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះពិនិត្យ តាមដានការធ្វើតេស្តសាកល្បងរថភ្លើងប្រភេទ Kiha-183 ដែលត្រូវបានកែសម្រួលប្រព័ន្ធហ្វ្រាំង និងទទឹងកង់ពី ១០៦៧ មិល្លីម៉ែត្រ មក១០០០ មិល្លីម៉ែត្រ រួចរាល់ចំនួន ៤គ្រឿង នៅខេត្តព្រះសីហនុ។គួរបញ្ជាក់ថាក្រោយដឹកពីជប៉ុនតាមកប៉ាល់មកដល់កម្ពុជា រថភ្លើងនេះ ត្រូវបានត្រួតពិនិត្យ លើការងារកែតម្រូវកង់ និងប្រព័ន្ធហ្វ្រាំង ឱ្យស្របតាមស្តង់ដារផ្លូវដែកកម្ពុជាដើម្បីធានាសុវត្ថិភាព ប្រសិទ្ធភាព និងនិរន្តរភាព។ចំពោះការដាក់ឱ្យដំណើរការជាផ្លូវការ ក្រុមហ៊ុន RRC នឹងជម្រាបជូននាពេលបន្ទាប់ដោយត្រូវបែងចែកការបើកបរសម្រាប់អ្នកដំណើរជាពីរ ក្នុងនោះផ្លូវរថភ្លើងភាគខាងត្បូង ភ្នំពេញ-ព្រះសីហនុ តម្រូវឱ្យរត់ ៨០km/h និងសម្រាប់ផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត តម្រូវឱ្យរត់ចន្លោះពី ៣០-៥០ km/h៕AKP
Post a Comment