លោកតាគង់ណៃដែលជាព្រឹទ្ធាចារ្យចាប៉ីដងវែងបានទទួលមរណភាពក្នុងជន្មាយុ៨០ឆ្នាំនៅថ្ងៃទី២៨ខែមិថុនាឆ្នាំ២០២៤នេះដោយរោគាពាធនៅស្រុកកំណើតក្នុងខេត្តកំពត។នាយករដ្ឋមន្រ្តីក្រសួងវប្បធម៌និងសមាគមសិល្បករខ្មែរបានចាត់ទុកមរណភាពព្រឹទ្ធាចារ្យចាប៉ីដងវែងរូបនេះថាជាការបាត់បង់មរត៌កមនុស្សរស់នៃសិល្បៈចាប៉ីដងវែង។
|
សហការី |
តាមសមាគមសិល្បករខ្មែរ មរណភាពលោកតាព្រឹទ្ធាចារ្យគង់ណៃជាការបាត់បង់ធនធានមនុស្សផ្នែកចាប៉ីដងវែងដ៏កម្រប្រកបដោយសមត្ថភាពនិងទេពកោសល្យខណៈលោកតាធ្លាប់បានចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់វិស័យសិល្បៈវប្បធម៌ជាតិទាំងនៅលើឆាកជាតិនិងតំបន់រួមទាំងការលើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តជាតិ។ ចំណែកនាយករដ្ឋមន្ដ្រីកម្ពុជាសម្តេចហ៊ុន ម៉ាណែតបានចាត់ទុកមរណភាពលោកតាព្រឹទ្ធាចារ្យគង់ណៃថាជាការបាត់បង់នូវមរត៌កមនុស្សរស់នៃសិល្បៈចាប៉ីដងវែង។តាមសម្តេចហ៊ុន ម៉ាណែត លោកតាគង់ ណៃបានខិតខំប្រឹងប្រែងថែរក្សាការពារផ្ទេរបន្ដនូវចំណេះដឹង និងបន្សល់ទុកសា្នដៃសម្រាប់មនុស្សជំនាន់ក្រោយ។ប្រតិកម្មដូចគ្នាក៏មានពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដោយអះអាងថា ការបាត់បង់ព្រឹទ្ធាចារ្យ គង់ ណៃជាការបាត់បង់នូវមរត៌កមនុស្សរស់ដ៏ឆ្នើមដែលបានប្រឹងប្រែងលើកស្ទួយវប្បធម៌ចាប៉ីដងវែង។គួរបញ្ជាក់ថា លោកតាព្រឹទ្ធាចារ្យគង់ ណៃធ្លាប់បានចេញទៅសម្តែងនៅក្នុងប្រទេសជាច្រើនហើយស្នាដៃរបស់លោកតាក៏ត្រូវបានផលិតចេញជាស៊ីឌីដោយអង្គការសិល្បៈខ្មែរអមតៈជាមួយផលិតករជាតិ និងអន្តរជាតិនានា។ មានអាយុ៨០ឆ្នាំ លោកតា គង់ ណៃជាធនធានមនុស្សផ្នែកចាប៉ីដងវែងដ៏មានកេរ្ដិ៍ឈ្មោះមួយរូបរបស់កម្ពុជាដោយបានទទួលគោរមងារថ្នាក់ជាតិជាព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃពីព្រះមហាក្សត្រកាលពីឆ្នាំ២០១២។ក្នុងនាមជាអ្នកលេងចាប៉ីដងវែងជើងចាស់លោកតាគង់ណៃបានទទួលជ័យលាភីនិងគ្រឿងឥស្សរិយយសជាច្រើន។ ដំបូងក្នុងឆ្នាំ១៩៨២ លោកតាគង់ ណៃទទួលបានជ័យលាភីលេខមួយផ្នែកចម្រៀងចាប៉ីដងវែងប្រចាំខេត្ត។ បន្ទាប់មកនៅឆ្នាំ១៩៩១លោកតាទទួលបានជ័យលាភីលេខមួយផ្នែកចម្រៀងចាប៉ីដងវែងទូទាំងប្រទេសនិងនៅឆ្នាំ២០០១លោកតាទទួលបានវិញ្ញាបនបត្រព្រឹទ្ធាចារ្យវប្បធម៌-សិល្បៈខ្មែរពីរាជបណ្ឌិតសភាកម្ពុជានិងគ្រឿងឥស្សរិយយសថ្នាក់មុនីសារាភ័ណ្ឌពីរដ្ឋាភិបាល។ បន្ទាប់មកទៀតនៅឆ្នាំ២០០២ លោកតាគង់ណៃទទួលបានវិញ្ញាបនបត្រកិត្តិយសវីរសិល្បករពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងទទួលបានគ្រឿងឥស្សរិយយសពីរដ្ឋាភិបាលក្នុងឆ្នាំ ២០០៧។នៅបរទេសលោកតាគង់ណៃត្រូវបានគណៈកម្មាធិការពានរង្វាន់ក្រុងហ្វុគុអូកាប្រទេសជប៉ុនប្រគល់ពានរង្វាន់សិល្បៈវប្បធម៌ហ្វុគុអូកាឲ្យក្នុងឆ្នាំ២០១៧។ទន្ទឹមគ្នានេះស្នាដៃមួយដែលទទួលបានការសាទរខ្លាំងនៅក្នុងប្រទេសនិងក្រៅប្រទេសក្នុងឆ្នាំ២០២១គឺចម្រៀងមួយបទដែលលោកតាបានច្រៀងជាមួយអ្នកចម្រៀងសម័យលោក ម៉ាន វណ្ណដាមានចំណងជើងថា Time to Rise៕RFI
Post a Comment