សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជានាព្រឹកថ្ងៃទី១០ ខែមិថុនាឆ្នាំ២០២៤បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ ២០២៣និងពិធីបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤របស់សាលាភូមិន្ទរដ្ឋបាល ។មានប្រសាសន៍ក្នុងពិធីដ៏មហោទ្បារិកនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងអបអរសាទរចំពោះជ័យលាភីទាំងអស់ដែលបានខិតខំសិក្សារៀនសូត្ររហូតសម្រេចបានសមិទ្ធផលជាទីមោទនៈហើយភាពជោគជ័យដ៏ធំនេះសម្រេចបាន តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ជ័យលាភី និង ការចូលរួមយ៉ាងសកម្មពីក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង សាស្ត្រាចារ្យ បុគ្គលិកសិក្សា ក៏ដូចជាកិច្ចគាំទ្រពីសំណាក់ក្រុមគ្រួសារ ។ទន្ទឹមនេះ សម្តេចធិបតីបានគូសបញ្ជាក់ថាធនធានមនុស្សប្រកបដោយមូលធនមនុស្សខ្ពស់ គឺជាកត្តាគន្លឹះសម្រាប់គ្រប់ដំណើរការនៃការអភិវឌ្ឍ ព្រោះថា គ្រប់អ្វីៗទាំងអស់ នឹងមិនអាចដំណើរការបានប្រកបដោយគុណភាព ប្រសិទ្ធភាពនិងផលិតភាពឡើយបើពុំមានធនធានមនុស្សដែលមានគុណវុឌ្ឍិខ្ពស់ ទាំងជំនាញរឹង ទន់ និងកិច្ចខិតខំប្រឹងប្រែងអនុវត្តការងារ ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ។បន្ថែមលើនេះ ធនធានមនុស្ស គឺជាកត្តាអាទិភាពសម្រាប់ការកសាងសង្គមកម្ពុជាទំនើប និងរឹងមាំ តាមរយៈប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ ដែលក្នុងប្រព័ន្ធនេះ ការដឹកនាំកសាងខឿនសេដ្ឋកិច្ច គឺឈរលើគោលការណ៍ និងយន្តការសេដ្ឋកិច្ចទីផ្សារដោយប្រើប្រាស់និងគ្រប់គ្រងយន្តការសេដ្ឋកិច្ចទីផ្សារសម្រាប់បម្រើផលប្រយោជន៍ប្រជាជនគ្រប់ស្រទាប់វណ្ណៈ សំដៅធានាឱ្យប្រជាជាតិកម្ពុជាទាំងមូលឤចក្តាប់ជាប់ និងធ្វើជាម្ចាស់ពេញលេញ លើជោគវាសនារបស់ខ្លួន ព្រមទាំងធានាឱ្យប្រជាជនកម្ពុជាគ្រប់ស្រទាប់ជាន់ថ្នាក់ ឤចចូលរួមយ៉ាងសកម្មក្នុងសកម្មភាពអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ជាមួយនឹងការចែករំលែកផលផ្លែផ្កានៃការអភិវឌ្ឍប្រកបដោយសមធម៌ ។
|
|
សម្តេចធិបតី បានបន្តទៀតថា រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា បានរៀបចំ និងដាក់ចេញនូវ«យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី ១» សម្រាប់ពង្រឹងសមិទ្ធកម្មបន្ថែមទៀតក្នុងការបម្រើប្រជាពលរដ្ឋ ហើយគោលនយោបាយស្នូលនៃយុទ្ធសាស្ត្របញ្ចកោណគឺ ការពង្រឹងអភិបាលកិច្ច ដើម្បីធានានូវការប្រតិបត្តិរួមគ្នាដោយសង្គតិភាព ដើម្បីជាប្រទីបបញ្ជាក់អំពីការទទួលខុសត្រូវក្នុងការធ្វើទំនើបកម្មស្ថាប័នឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើបប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វ័យឆ្លាត និងស្អាតស្អំ តាមរយៈការអនុវត្តសិទ្ធិអំណាចរដ្ឋ ពិសេសការធានានិរន្តរភាព និងដំណើរការតាមរយៈសិទ្ធិអំណាច និងដំណើរការរបស់រដ្ឋបាលសាធារណៈសំដៅធានានូវផលប្រយោជន៍ប្រជាជន និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយបរិយាបន្ន ភាពធន់ និងចីរភាព។ក្នុងន័យនេះដើម្បីសម្រេចតាមគោលការណ៍ប្រកបដោយភាពជោគជ័យ សម្ដេចធិបតី បានសង្កត់ធ្ងន់លើកត្តាសំខាន់ចំនួន២ ដែលត្រូវយកចិត្តទុកដាក់ ទី១. កត្តាយន្តការ និងប្រព័ន្ធការងារ និងទី២. កត្តាមនុស្ស ។លើសពីនេះ សម្តេចធិបតី បានលើកទឹកចិត្តសិស្សមន្ត្រី និងកម្មសិក្សាការីរបស់សាលាភូមិន្ទរដ្ឋបាលឱ្យប្រើប្រាស់នូវចំណេះដឹងរបស់ខ្លួនឱ្យអស់លទ្ធភាព ដោយប្រែក្លាយចំណេះដឹងដែលទទួលបានពីការបណ្តុះបណ្តាលជាលទ្ធផលជាក់ស្តែងក្នុងការរួមចំណែកជាមួយក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀតសម្រាប់ជាឧត្តមប្រយោជន៍ ដល់ប្រទេសជាតិ និង ប្រជាជន ។ សម្តេចធិបតី ក៏បានបន្ថែមទៀតថា មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរបស់រាស្ត្រនោះទេ។ទន្ទឹមនេះ មន្ត្រីម្នាក់ៗ និងក្រុមគ្រួសារក៏ជាប្រជារាស្ត្រផងដែរ ដូច្នេះការបម្រើរាស្ត្រ គឺប្រៀបដូចជាការបម្រើខ្លួនឯង និងក្រុមគ្រួសាររបស់ខ្លួន ។ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែង លទ្ធផលការងារ និងសមិទ្ធផលធំៗជាច្រើនដែលសាលាភូមិន្ទរដ្ឋបាលសម្រេចបានក្នុងរយៈពេលកន្លងមក ដែលសមិទ្ធផលទាំងនេះកើតចេញពីកិច្ចខិតខំជាប្រចាំ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ បុរេសកម្ម និងវិជ្ជាជីវៈរបស់ថ្នាក់ដឹកនាំ មន្រ្តី សាស្ត្រាចារ្យ គ្រូឧទ្ទេស សិស្សមន្ត្រី កម្មសិក្សាការី និង អ្នកពាក់ព័ន្ធទាំងអស់ ៕
Post a Comment