សម្តេចធិបតី​បានប្រាប់ក្រសួងការ​ពារជាតិនិងក្រសួងម​ហាផ្ទៃត្រូវផ្ដល់អាទិ​ភាពដល់កូនចៅ​អតីតយុទ្ធជន​បន្តវេន

 ក្នុងឱកាសអញ្ជើញជាអធិបតីខួបលើកទី១៧ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០០៧ - ២១មិថុនា ២០២៤នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជាបានណែនាំឱ្យក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃត្រូវផ្ដល់អាទិភាពដល់កូនចៅអតីតយុទ្ធជន ដើម្បីអាចឱ្យពួកគាត់មានឱកាសបន្តវេនពីឪពុក-ម្តាយ របស់ខ្លួន។សម្ដេចធិបតី ហ៊ុន ម៉ាណែតបានថ្លែងថា ការផ្ដល់អាទិភាពដល់កូនចៅអតីតយុទ្ធជនមិនមែនមានន័យថា យុវជនដែលជាកូនចៅប្រជាពលរដ្ឋធម្មតាមិនមានឱកាសនោះទេ ពោលនៅតែអាចដាក់ពាក្យបានដូចគ្នា។សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ខ្ញុំសូមផ្ដល់គោលការណ៍ណែនាំដល់ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ អគ្គមេបញ្ជាការ ក៏ដូចជា អគ្គស្នងការដ្ឋាននគរបាលជាតិ កងទ័ពជើងគោ ប្រភេទទ័ព នៅក្នុងការរើសទ័ពថ្មីបំពេញទៅថ្ងៃក្រោយ សូមផ្ដល់អាទិភាពដល់កូនចៅអតីតយុទ្ធជន អតីតប៉ូលីស និងអតីតអាវុធហត្ថផងឱ្យគាត់បានមានឱកាសក្នុងការចូលបំពេញភារកិច្ច បន្ដវេនពីឪពុក-ម្ដាយ»។សម្ដេចធិបតី បន្ដថា ជាពិសេស ត្រូវផ្ដោតអ្នកនៅមូលដ្ឋាន នៅតាមបណ្ដាខេត្តតែម្ដង ក្នុងការជ្រើសរើសកងទ័ព និងនគរបាល ដើម្បីជាការលើកទឹកចិត្តដល់ អតីតយុទ្ធជន ។ ជាការពិតណាស់ កាលនៅមុនបញ្ហាជំងឺកូវីដ-១៩ ផែនការរបស់រាជរដ្ឋាភិបាល គឺផ្ដល់គោលការណ៍ ក្នុងការរើសកងទ័ព ស្មើនឹងចំនួន ទ័ពចូលនិវត្តន៍ ប៉ុន្ដែដោយសារជំងឺកូវីដ បញ្ហាចំនួនជ្រើសរើសនោះ ក៏មិនបានច្រើនដូចគ្នា។សម្ដេចធិបតី បានបន្ថែមថាទៅថ្ងៃមុខនៅពេលសេដ្ឋកិច្ចកម្ពុជា មានការកើនឡើងវិញ រាជរដ្ឋាភិបាល នឹងពិនិត្យមើលលទ្ធភាព ក្នុងការបង្កើនការជ្រើសរើសទ័ព ប៉ុន្ដែសំខាន់បំផុត ជ្រើសរើសតិច ឬច្រើន គួរផ្ដល់អាទិភាព កូនចៅរបស់ អតីតយុទ្ធជន។ប៉ុន្ដែរាជរដ្ឋាភិបាលក៏មិនហាមយុវជន ស្ម័គ្រចិត្តផ្សេងៗ ក្នុងការដាក់ពាក្យប្រឡងជ្រើសរើសកងទ័ពនោះដែរ។មានប្រសាសន៍ក្នុងឱកាសនោះផងដែរនោះសម្តេចធិបតីនាយករដ្ឋមន្ត្រីមានប្រសាសន៍បន្ថែមទៀតថា រាជរដ្ឋាភិបាលបានបន្តយកចិត្តទុកដាក់ដល់អតីតយុទ្ធជនកម្ពុជា តាមរយៈ៖

ទី១.ការផ្តល់កិត្តិយសដោយកំណត់យកថ្ងៃទី ២១ ខែមិថុនា ជារៀងរាល់ឆ្នាំជាទិវាអតីតយុទ្ធជនកម្ពុជាក្នុងគោលបំណងរំឭកដល់គំរូវីរភាពដ៏មុះមុតនិងគុណបំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជនដែលបានធ្វើពលីកម្មយ៉ាងអង់អាចក្លាហានក្នុងការរំដោះជាតិពីរបបប្រល័យពូជសាសន៍ប៉ុល ពត និងក្នុងការការពារបូរណភាពទឹកដី កសាងសន្តិភាព និងស្ថិរភាពសង្គម ។ទិវានេះបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ តបស្នងសងគុណដល់អតីតយុទ្ធជននិងចង់ឱ្យអ្នកជំនាន់ក្រោយយកគំរូតាមអតីតយុទ្ធជនក្នុងការបន្តរក្សាសុខសន្តិភាព ស្ថិរភាពសង្គម និងឆន្ទៈមនសិការសេ្នហាជាតិ ដោយរួមចំណែក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ។ទី២. ការផ្តល់កិច្ចគាំពារដល់ជីវភាពរស់នៅរបស់អតីតយុទ្ធជន ដោយបន្តគិតគូរ និងបានដំឡើងរបបសន្ដិសុខសង្គមប្រចាំខែ ដែលទាបជាង ឬស្មើ៧៧ម៉ឺនរៀល ឱ្យដល់ ៨២ម៉ឺន ៥ពាន់រៀល ដែលបានអនុវត្តចាប់ពីខែមេសា ឆ្នាំ២០២៤, ការផ្ដល់ប្រាក់ឧបត្ថម្ភក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងពិធីបុណ្យភ្ជុំបិណ្ឌចំនួន៥ ម៉ឺនរៀល, និងការដំឡើងរបបឧបត្ថម្ភប្រចាំខែសម្រាប់អ្នកនៅក្នុងបន្ទុករបស់សពមន្ដ្រីរាជការស៊ីវិល និងសពអតីតយុទ្ធជន ជាដើម ។ ទន្ទឹមនេះ រាជរដ្ឋាភិបាល បានផ្ដល់ប័ណ្ណថែទាំសុខភាព (ប.ស.ស) ជូនជនមានពិការភាព និវត្ដជន និងជនបាត់បង់សមត្ថភាពការងារ និងប័ណ្ណមូលនិធិសមធម៌សុខាភិបាល ជូនអ្នកកាន់សៀវភៅធនាគាររបស់គ្រួសារជនពលី និងគ្រួសារជនមរណៈ ជាអតីតយុទ្ធជន ដើម្បីទៅពិនិត្យ និងព្យាបាលជំងឺនៅតាមមន្ទីរពេទ្យ ដែលបានចុះកិច្ចសន្យាជាមួយ (ប.ស.ស.)​ ដោយមិនបង់ប្រាក់ ។

ទី៣. ការផ្តល់ឱកាសដល់ក្រុមគ្រួសាររបស់អតីតយុទ្ធជន ឱ្យចូលរួមក្នុងកិច្ចការបម្រើជាតិមាតុភូមិដោយផ្ទាល់នៅក្នុងមូលដ្ឋានរបស់ខ្លួន ក៏ដូចជាការចូលរួមដើម្បីធ្វើការបន្តវេន ផងដែរ ។ឆ្លៀតនាឱ្យកាសនោះ សម្តេចធិបតី​ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភាបានដាក់ចេញនូវយុទ្ធសាស្ដ្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ក្នុងនោះ យុទ្ធសាស្ដ្របញ្ចកោណ-ដំណាក់កាលទី១បានផ្ដោតការយកចិត្ដទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់អតីតយុទ្ធជន ជានិវត្ដន៍ជន ជនបាត់បង់សមត្ថ​ភាពការងារនិងជនពិការតាមរយៈចំណុចអាទិភាពសំខាន់ៗមួយចំនួន គឺសំដៅដល់ការគិតគូរចំពោះអតីតយុទ្ធ​ជន ដែលមានគុណបំណាច់ចំពោះជាតិមាតុភូមិ ក្នុងនោះរួមមាន ការកសាងតំបន់ប្រវត្ដិសាស្ដ្រ​យោធាវិមានរំលឹកគុណ និងស្ដូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ នៅតាមទីតាំងប្រវត្ដិសាស្ដ្រ ដើម្បីចារិកទុក និងតម្កល់និមិត្ដរូបវត្ថុតាង និងសមិទ្ធផលនានា សម្រាប់ជាថ្នាលបណ្ដុះមនសិការ “កតញ្ញូ សុខដុម និងការចូលរួម” និងជាមេរៀនសម្រាប់អ្នកជំនាន់ក្រោយចងចាំ រៀនសូត្រ គោរពដឹងគុណដល់ សម្ដេចតេជោ ហ៊ុន សែន ស្ថាប​និក​មគ្គុទេសក៍ឯក និងប្រតិបត្ដិករនយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្ដិភាព និងការឯកភាពជាតិឯកភាពទឹកដីទាំងស្រុងព្រមទាំងចងចាំនូវគុណូបការៈដ៏ថ្លៃថ្លារបស់យុទ្ធជនយុទ្ធនារីស្នេហាជាតិដែលបានធ្វើពលិកម្មប្រកបដោយវីរភាពដើម្បីជាតិមាតុភូមិ។សូមជម្រាបជូនថាក្នុងឱកាសប្រារព្ធទិវាអតីតយុទ្ធជនកម្ពុជា ២១មិថុនាឆ្នាំ២០២៤ដោយមានសមាសភាពអតីតយុទ្ធជនមកពី​រាជធានី ខេត្ដ រួមជាមួយភ្ញៀវជាតិ និងអន្តរជាតិ ចំនួនប្រមាណ ​៣.១០០ នាក់ ដែលបានអញ្ជើញចូលរួមក្នុងពិធីដ៏មានអត្ថន័យជាប្រវត្តិសាស្ត្រនោះ ៕

Powered by Blogger.