ប្រ​ធាន​ព្រឹទ្ធសភា​កម្ពុជា​​ទទួល​ជួប​ឯ​កអគ្គរដ្ឋទូត​រុស្ស៊ី​

 សម្តេចតេជោ ​ហ៊ុន​ ​សែន​ ​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​ ​បាន​ទទួល​ជួប​សម្តែង​ការគួរសម​ ​ជាមួយ​លោក​ ​អាណា​តូ​លី​ ​បូ​រ៉ូវិ​ក​ (​An​at​o​l​y​ Boro​v​i​k)​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​នៅ​កម្ពុជា​ ​នៅ​វិមាន​ព្រឹទ្ធសភា​ ​កាល​ពីម្សិលមិញ​។​

ក្នុង​ជំនួប​នោះ​ ​ឯកអគ្គរដ្ឋទូត​រុស្សី​ ​បាន​អប​អរសាទរ​ចំពោះ​កម្ពុជា​ ​ដែល​បាន​រៀបចំ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ ​ខេត្ត​ ​ក្រុង​ ​ស្រុក​ ​ខណ្ឌ​ ​ប្រកបដោយជោគជ័យ​ ​នៅ​ថ្ងៃ​ទី​២​៦​ ​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​៤​។​ដោយ​បង្ហាញ​ពី​សាមគ្គីភាព​ ​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​នៅ​កម្ពុជា​ ​បាន​ទទួលស្គាល់​កម្ពុជា​ជា​មិត្ត​ចាស់​ ​ដៃគូ​ល្អ​ ​និង​ជា​ប្រជាជាតិ​ដែល​ខិតខំ​យ៉ាង​ខ្ជាប់ខ្ជួន​ក្នុង​ការ​ពង្រឹង​ ​និង​ពង្រីក​ទំនាក់ទំនង​ដ៏​មាន​សក្តានុពល​។​ការ​ប្តេជ្ញា​ចិត្ត​រួមគ្នា​ចំពោះ​ការ​អភិវឌ្ឍន៍​ ​និង​ផលប្រយោជន៍​ទៅវិញទៅមក​ ​បញ្ជាក់​ពី​ភាព​ស៊ី​ជម្រៅ​នៃ​ភាពជា​ដៃគូ​របស់យើង​។​ចំណែក​សម្តេច​ហ៊ុន​ ​សែន​ ​បាន​សម្តែង​ការ​អប​អរសាទរ​ចំពោះ​លោក​ វ្ល៉ា​ដឺ​មៀ​រ​ ​ពូ​ទី​ន​ ​ដែល​លោក​បាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​សហ​ព័ន្ធ​រុស្ស៊ី​សាជាថ្មី​ ​និង​បាន​ថ្លែង​អំណរគុណ​ចំពោះ​ការ​គាំទ្រ​ ​និង​ជំនួយ​ដ៏​មាន​តម្លៃ​ចំពោះ​កម្ពុជា​ ​បន្ទាប់ពី​ប្រទេស​កម្ពុជា​ត្រូវ​បាន​រំ​ដោះចេញ​ពី​របបប្រល័យពូជសាសន៍​ខ្មែរក្រហម​។​ដោយ​បង្ហាញ​យ៉ាង​ច្បាស់​អំពី​ទំនុក​ចិត្ត​ ​និង​ការគោរព​រវាង​ប្រជាជាតិ​ទាំងពីរ​ ​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​ ​បាន​ស្នើ​ឱ្យ​ឯកអគ្គរដ្ឋទូត​ ​ពិចារណា​អំពី​ជើង​ហោះហើរ​ត្រង់​ពី​រុស្ស៊ី​មក​កម្ពុជា​។​ សម្តេចបាន​បញ្ជាក់​ជាថ្មី​ថា​ រុស្ស៊ី​ជា​មិត្ត​ដ៏​យូរលង់​របស់​កម្ពុជា​ ​តែងតែ​ឈរ​ជាមួយគ្នា​ក្នុង​គ្រា​លំបាក​ ​ហើយ​សំខាន់​បំផុត​គឺ​មិនដែល​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ ​ដែល​ជា​សក្ខីភាព​នៃ​ការគោរព​អធិបតេយ្យភាព​របស់​កម្ពុជា​។​ជាង​នេះ​ទៅទៀត​ ​សម្តេចហ៊ុន​ ​សែន​ ​និង​លោក​ ​អាណា​តូ​លី​ ​បូ​រ៉ូវិ​ក​ ​ក៏បាន​ពិភាក្សា​លើ​ទំនាក់ទំនង​ការទូត​ ​កិច្ច​សហប្រតិបត្តិការ​យោធា​ ​ពាណិជ្ជកម្ម​ ​ការអប់រំ​ ​និង​ទេសចរណ៍​ផង​ដែរ​៕

Powered by Blogger.