សម្តេចហ៊ុន សែនប្រធានព្រឹទ្ធសភា បានស្នើឱ្យសហរដ្ឋអាមេរិកកុំដាក់បញ្ចូលប្រទេសកម្ពុជាទៅក្នុងយុទ្ធសាស្ត្រភូមិសាស្ត្រនយោបាយរបស់ខ្លួនឬប្រើប្រាស់វាជាកន្លែងសម្រាប់ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ដោយសារព្រះរាជាណាចក្រកម្ពុជាបាននិងកំពុងអនុវត្តគោលនយោបាយការបរទេសផ្អែកលើច្បាប់របស់ខ្លួន។
|
|
សំណើនេះត្រូវបានធ្វើឡើងក្នុងអំឡុងដែលសម្តេចកំពុងទទួលជួបរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកឧត្តមសេនីយ៍ ឡយ អូស្ទីន (Lloyd Austin)នៅវិមានព្រឹទ្ធសភាកាលពីម្សិលមិញ។សម្តេចហ៊ុន សែន បានបញ្ជាក់បន្ថែមថាសម្តេចគាំទ្រចំពោះចេតនារបស់លោក Lloyd Austin ក្នុងការកែលម្អទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងអាមេរិក ដោយសម្តេចបានបន្ថែមថា រហូតមកដល់ពេលនេះ ភាគីទាំងសងខាងខ្វះការជឿទុកចិត្តគ្នាទៅវិញទៅមក ព័ត៌មាន និងការវាយតម្លៃខុស ដែលនាំឱ្យមានការយល់ច្រឡំ។ប្រធានព្រឹទ្ធសភាក៏បានចាត់ទុកកិច្ចសន្ទនាក្នុងវិស័យការពារជាតិនៃប្រទេសទាំងពីរជាអាទិភាពមួយសម្រាប់ការកសាងទំនុកចិត្តគ្នាទៅវិញទៅមកបន្ថែមទៀត និងជៀសវាងការខ្វះនូវព័ត៌មាន។ឆ្លៀតក្នុងឱកាសនេះ សម្តេចហ៊ុន សែន បានថ្លែងអំណរគុណចំពោះជំនួយរបស់សហរដ្ឋអាមេរិក លើវិស័យផ្សេងៗក្នុងប្រទេសកម្ពុជា និងជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល។ សម្តេចក៏បានគូសបញ្ជាក់ផងដែរអំពីអត្ថប្រយោជន៍សក្តានុពលនៃកំណើនវិនិយោគរបស់អាមេរិកនៅក្នុងប្រទេសកម្ពុជា មិនត្រឹមតែសម្រាប់កំណើនសេដ្ឋកិច្ចរបស់ប្រទេសប៉ុណ្ណោះទេ។ ប៉ុន្តែថែមទាំងសម្រាប់ការពង្រឹងទំនាក់ទំនងទ្វេភាគីផងដែរ។ចំណែក លោក Lloyd Austin បានអះអាងសារជាថ្មីនូវការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការធ្វើការជាមួយកម្ពុជា ដើម្បីជម្នះបញ្ហាប្រឈមដែលមាននៅក្នុងទំនាក់ទំនងទ្វេភាគី។ លោកបានបង្ហាញពីទំនុកចិត្តប្រកបដោយសក្ដានុពលសម្រាប់កំណើននិងកិច្ចសហប្រតិបត្តិការទោះបីជាមានការលំបាកនាពេលបច្ចុប្បន្នក៏ដោយ។លោករដ្ឋមន្ត្រីការពារជាតិអាមេរិកបានកោតសរសើរចំពោះជំហរដ៏រឹងមាំរបស់រាជរដ្ឋាភិបាលក្នុងវិស័យការពារជាតិក្នុងការរក្សាទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។យោងតាមលោក Lloyd Austin សហរដ្ឋអាមេរិកនឹងអនុញ្ញាតឱ្យនិស្សិតកម្ពុជាដាក់ពាក្យសុំចូលរៀននៅសាលាWest Point Academy ជំរុញការផ្លាស់ប្តូរកិច្ចសន្ទនាផ្នែកយោធា និងរៀបចំសមយុទ្ធយោធារួមគ្នាស្តីពីការឆ្លើយតបនឹងគ្រោះមហន្តរាយ ដើម្បីកសាងទំនុកចិត្តកាន់តែច្រើនឡើងសម្រាប់ផលប្រយោជន៍នាពេលអនាគតនៃប្រទេសទាំងពីរ។ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈ និងដំណោះស្រាយអំពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ជម្លោះអ៊ីស្រាអែល-ហាម៉ាសនៅតំបន់ហ្គាហ្សាស្ទ្រីប និងបញ្ហាសមុទ្រចិនខាងត្បូង៕AKP
Post a Comment