នា​យករដ្ឋមន្ត្រីមិនផ្ដល់អា​ជ្ញាប័ណ្ណបើកកាស៊ីណូ​នៅក្រុងកំពត

 សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីប្រកាសមិនផ្ដល់អាជ្ញាប័ណ្ណឱ្យបើកកាស៊ីណូនៅក្រុងកំពតបន្ថែមទៀតទេលើកលែងតែនៅទីតាំងភ្នំបូកគោមួយតែប៉ុណ្ណោះ។ខេត្តកំពតត្រូវបានប្រមុខរាជរដ្ឋាភិបាល មើលឃើញថា មានសក្ដានុពលផ្នែកទេសចរណ៍និងការវិនិយោគសក្ដានុពលច្រើនបែបច្រើនយ៉ាងផ្សេងទៀត។

ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែពហុបំណងកំពតនាព្រឹកថ្ងៃទី៦ខែមិថុនាឆ្នាំ២០២៤នេះសម្ដេចធិបតីនាយករដ្ឋមន្ត្រីបានបញ្ជាក់ថាអ្នកចង់វិនិយោគខាងកាស៊ីណូអាចងាកទៅបើកបនល្បែងនៅតាមច្រកព្រំដែន។ទន្ទឹមនេះ សម្ដេចធិបតី បានជំរុញឱ្យខេត្ដចំនួន៤ ជាប់មាត់សមុទ្រត្រូវសហការគ្នាឱ្យមានភាពប្រទាក់ក្រឡាគ្នា ដើម្បីទាញសក្ដានុពលផ្សេងគ្នា ដោយខេត្ដនីមួយៗត្រូវដឹងថាខ្លួនត្រូវធ្វើអ្វី ដើម្បីទាក់ទាញសក្ដានុពលរបស់ខ្លួន។សូមជម្រាបជូនថា ពិធីសម្ពោធដែលកំពុងរៀបចំឡើងយ៉ាងអធិកអធមនាព្រឹកនេះ គឺជាសក្ខីភាពបង្ហាញឱ្យ ឃើញពីសមិទ្ធផលថ្មីមួយបន្ថែមទៀត និងការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជាបើនិយាយជារួម និង ការរីកចម្រើនលើវិស័យដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែបើនិយាយដោយឡែក ដែលបានលេច ចេញជារូបរាងឡើង ស្របតាមគោលនយោបាយដ៏ត្រឹមត្រូវ និងច្បាស់លាស់ប្រកបដោយភាព ប្រាកដនិយមរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹង និងលើកកម្ពស់ការអភិវឌ្ឍវិស័យកំពង់ផែ នៅកម្ពុជា។ ពិធីនាឱកាសនេះ ក៏ជាការបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ និងការផ្តល់ឱកាសពីសំណាក់ប្រមុខរាជរដ្ឋាភិបាលដល់វិស័យឯកជន ។ជាពិសេសក្នុងការចូលរួមវិនិយោគអភិវឌ្ឍវិស័យកំពង់ផែនៅកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕AKP

Powered by Blogger.