តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេបុកអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថលនិងផ្សព្វផ្សាយអប់រំនៃក្រសួងមហាផ្ទៃបានណែនាំដល់ប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះកម្ចីអនឡាញខុសច្បាប់និងមានលក្ខណៈជាប្រព័ន្ធ។
|
|
អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថលនិងផ្សព្វផ្សាយអប់រំ នាថ្ងៃទី២៣ ខែមិថុនានេះ បានឱ្យដឹងថាការផ្តល់កម្ចីអនឡាញខុសច្បាប់ (Loan Shark) សំដៅលើការផ្តល់ប្រាក់កម្ចីតាមអនឡាញដោយឧក្រិដ្ឋជនជាក្រុមចាត់តាំងដែលកម្ចីទាំងនោះតម្រូវឱ្យជនរងគ្រោះផ្តល់នូវព័ត៌មានដូចជារូបភាពវីដេអូព័ត៌មានបុគ្គលនិងកម្រៃសេវារដ្ឋបាលជាដើម។ប្រភពដដែលបានបន្តថាថ្មីៗនេះមន្ត្រីជំនាញនៃនាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំបានទទួលពាក្យបណ្តឹងពីជនរងគ្រោះ ដែលបានចាញ់ល្បិចឆបោកក្រុមជនខិលខូចមួយក្រុមបានប្រើវិធីសាស្រ្តធ្វើការផ្សព្វផ្សាយអំពីការផ្តល់កម្ចីឥណទានតាមអនឡាញ ក្រុមជនខិលខូចបានព្យាយាមបញ្ចុះបញ្ចូលជនរងគ្រោះឲ្យទទួលយកសេវាកម្មកម្ចីរបស់ខ្លួន បន្ទាប់មកលួងលោមឲ្យជនរងគ្រោះបង់ថ្លៃសេវារដ្ឋបាល បំពេញព័ត៌មានផ្ទាល់ខ្លួននៅលើគេហទំព័រក្លែងក្លាយមួយ។ក្រោយពីជនរងគ្រោះបានបំពេញព័ត៌មានរួចរាល់ក្រុមឧក្រិដ្ឋជនបានចោទជនរងគ្រោះធ្វើឲ្យបាត់បង់ប្រាក់ពីគណនីធនាគារក្លែងក្លាយព្រមទាំងគំរាមកំហែងបង្ហោះរូបភាពវីដេអូជនរងគ្រោះតាមបណ្តាញសង្គមនិងបានបង្ខំឲ្យជនរងគ្រោះសងប្រាក់ត្រឡប់នោះវិញយ៉ាងច្រើន។គូសបញ្ជាក់ផងដែរថាកន្លងទៅមានករណីកម្ចីអនឡាញខុសច្បាប់ដែលក្រុមជនខិលខូចបានឆបោកប្រាស់យកប្រាក់ពីជនរងគ្រោះ និងគំរាមកំហែងតាមបណ្តាញសង្គមជាច្រើនករណី។ក្រុមការងារបច្ចេកទេសនាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានក្រើនរំលឹកសារជាថ្មីដល់សាធារណជនបង្កើនការប្រុងប្រយ័ត្នចំពោះការផ្តល់សេវាឥណទានឬកម្ចីអនឡាញខុសច្បាប់តាមវិធីសាស្ត្រមួយចំនួនដូចខាងក្រោម៖
១- ចៀសវាងការខ្ចីឥណទានពីក្រុមហ៊ុនឬបុគ្គល ដែលពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវ
២- សិក្សាជាមួយធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលទទួលបានការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា មុននឹងសម្រេចចិត្តទទួលប្រាក់កម្ចី
៣- សូមកុំថតអត្តសញ្ញាណប័ណ្ណ រូបភាព ឬវីដេអូអាក្រាតកាយដាក់ធានាដើម្បីទទួលបានកម្ចីនានា
និង៤- រាយការណ៍ទៅអាជ្ញាធរពាក់ព័ន្ធ ដើម្បីចាត់វិធានការផ្លូវច្បាប់ទាន់ពេលវេលា ឬរាយការណ៍ទៅធនាគារជាតិនៃកម្ពុជា ប្រសិនបើអ្នក ឬសាច់ញាតិជាប់ពាក់ព័ន្ធនឹងកម្ចីអនឡាញខុសច្បាប់៕
Post a Comment