សម្តេ​ចធិបតីសម្រេចឱ្យលោក​កើតរិទ្ធសិក្សាក្នុង​ការធ្វើវិសោធន​កម្មក្រមព្រហ្មទណ្ឌ

សម្តេចនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតសម្រេចប្រគល់ភារកិច្ចបន្ថែមជូនលោកកើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឱ្យសិក្សា និងរៀបចំបញ្ចូលទៅក្នុងវិសោធនកម្មក្រមព្រហ្មទណ្ឌនាពេលខាងមុខ នូវចំណុចខ្វះខាតទាំងឡាយនៅក្នុងក្រមព្រហ្មទណ្ឌដោយរួមបញ្ចូលទាំងចំណុចខ្វះខាតទាក់ទងនឹងការដាក់ទម្ងន់ទោសចំពោះស្ថានភាពនៃបទល្មើស ដូចករណីនៃការបាញ់ប្រហារដ៏សាហាវនាពេលថ្មីៗនេះ។តាមរយៈបណ្តាញទំនាក់តំនងសង្គមនាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចធិបតី បានលើកឡើងថា៖«ខ្ញុំសូមអរគុណដល់បងប្អូនទាំងអស់ដែលបានបញ្ចេញយោបល់ តាមរយៈការធ្វើCommentsយ៉ាងច្រើនចូលក្នុងហ្វេសប៊ុករបស់ខ្ញុំ បន្ទាប់ពីខ្ញុំបានបង្ហាះសារទាក់ទងនឹងករណីនៃការបាញ់ប្រហារសម្លាប់មនុស្ស ដែលប្រព្រឹត្តឡើងដោយជនល្មើសឈ្មោះ ស្រី ស៊ីណា និងបានអំពាវនាវឱ្យស្ថាប័នតុលាការយកចិត្តទុកដាក់អនុវត្តច្បាប់ក្នុងករណីនេះ ឱ្យម៉ឹងម៉ាត់ និងឱ្យបានត្រឹមត្រូវ ដោយគ្មានការបន្ធូរបន្ថយ ឬយោគយល់ណាមួយជាដាច់ខាត។ខ្ញុំបានពិនិត្យឃើញគណនីហ្វេសប៊ុកមួយ ដែលមានឈ្មោះ Vongchan Reaksmeidara ដែលបញ្ជាក់ថា គាត់ជាអ្នករៀនច្បាប់មួយរូបបានបញ្ចេញយោបល់ជុំវិញរឿងនេះ ដែលខ្ញុំពិនិត្យឃើញថា យោបល់របស់ ដារា គឺមានហេតុផលសមស្រប ទាំងលើទិដ្ឋភាពសង្គម ទាំងលើទិដ្ឋភាពច្បាប់។ជាពិសេស ការលើកឡើងអំពីចន្លោះប្រហោងនៃច្បាប់បច្ចុប្បន្នដែលមិនបានចែងអំពីស្ថានទម្ងន់ទោសទាក់ទងនឹងករណីនៃការបាញ់ប្រហារដ៏សាហាវខាងលើ ដែលមហាជនទូទៅថ្កោលទោស និងសម្តែងប្រតិកម្មដោយខឹងសម្បារ។

ផ្អែកលើការលើកយោបល់នេះ និងស្របពេលដែល ក្រសួងយុត្តិធម៌ បាន និងកំពុងសិក្សារៀបចំធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ ខ្ញុំបានប្រគល់ភារកិច្ចបន្ថែមជូនឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឱ្យសិក្សា និងរៀបចំបញ្ចូលទៅក្នុងវិសោធនកម្មក្រមព្រហ្មទណ្ឌនាពេលខាងមុខ នូវចំណុចខ្វះខាតទាំងឡាយនៅក្នុងក្រមព្រហ្មទណ្ឌ ដោយរួមបញ្ចូលទាំងចំណុចខ្វះខាតទាក់ទងនឹងការដាក់ទម្ងន់ទោសចំពោះស្ថានភាពនៃបទល្មើសដូចករណីនៃការបាញ់ប្រហារដ៏សាហាវខាងលើផងដែរ។យើងមិនអាចផ្ដន្ទាទោសជនល្មើសលើសពីអ្វីដែលច្បាប់ជាធរមានបានចែងឬបញ្ញត្តិនោះទេ។ប៉ុន្តែទៅថ្ងៃអនាគតយើងអាចធ្វើវិសោធនកម្មច្បាប់ដើម្បីបង្កើនទម្ងន់ទោសទណ្ឌសម្រាប់អ្នកប្រព្រឹត្តខុសបែបនេះ»៕AKP



Powered by Blogger.