ប្រធានព្រឹទ្ធសភា​កម្ពុជាបានផ្តល់អនុសា​សន៍៣ចំណុចចំ​ពោះកិច្ចសហប្រតិបត្តិការនិង​វិនិយោគ

 សម្តេចតេជោប្រធានព្រឹទ្ធសភានៅព្រឹកថ្ងៃពុធ ទី៥ ខែមិថុនា ឆ្នាំ២០២៤ ក្នុងឱកាសដែលសម្តេចបានអនុញ្ញាតឱ្យ ឯកឧត្ដម សាន់តូ ដាម៉ូស៊ូម៉ាតូ(SantoDarmosumarto)ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជាចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។សម្ដេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភាបានផ្តល់អនុសាសន៍៣ចំណុចចំពោះកិច្ចសហប្រតិបត្តិការនិងវិនិយោគ ដែលមានខ្លឹមសារដូចក្រោម៖

ទី១) គឺត្រូវចាប់យកវិស័យកសិកម្មជាស្នូល នាពេលខាងមុខនេះ ដោយកម្ពុជាមានសន្តិសុខស្បៀង ដោយនៅសល់ស្រូវច្រើន ហើយ ឥណ្ឌូណេស៊ី ដែលមានប្រជាជនច្រើន ត្រូវការស្បៀង ។ កម្ពុជាអាចជាទីកន្លែងដែលអាចផ្គត់ផ្គង់ស្បៀងប្រកបដោយស្ថិរភាព ហើយសម្ដេចតេជោបានជំរុញឱ្យឥណ្ឌូណេស៊ី ពិចារណាក្នុងការវិនិយោគដោយផ្ទាល់នៅប្រទេសកម្ពុជាតែម្ដង គឺការរៀបចំជាប្រព័ន្ធផលិត ស្តុកទុក កិន ហើយអាចវេចខ្ចប់ ដើម្បីនាំចេញទៅកាន់ឥណ្ឌូណេស៊ី ឬបណ្ដាប្រទេសផ្សេងៗទៀត ។ ការវិនិយោគដោយត្រង់នេះនឹងមានផលប្រយោជន៍បំពេញឱ្យគ្នាទៅវិញទៅមកអាចជួយឱ្យកសិករកម្ពុជាមានទីផ្សារហើយសាធារណរដ្ឋឥណ្ឌូណេស៊ីមានប្រភពធានានូវសន្តិសុខស្បៀងរយៈពេលយូរអង្វែង។ទី២)ទាក់ទងនឹងវិស័យពាណិជ្ជកម្ម សម្ដេចតេជោ សង្កេតឃើញថាមានទំហំកើនឡើងតែមិនទាន់អស់សក្កានុពលដែលប្រទេសទាំងពីរមាននៅឡើយ ។ ភាគីទាំងពីរត្រូវតែពិនិត្យមើល អ្វីដែលអាចជំរុញកំណើនពាណិជ្ជកម្មឱ្យបានច្រើនថែមទៀត ដែលជាការបំពេញឱ្យគ្នាទៅវិញទៅមក ព្រោះថា យើងមានកិច្ចព្រមព្រៀងមួយចំនួន ដូចជាក្នុងក្របខណ្ឌ AFTA និង RCEP ជាដើម ។ទី៣)ទាក់ទងវិស័យសុខាភិបាល សម្ដេចតេជោប្រធានព្រឹទ្ធសភា បានណែនាំឱ្យ ឯកឧត្ដម ឯកអគ្គរដ្ឋទូត ធ្វើការជាមួយនឹងក្រសួងសុខាភិបាលកម្ពុជា ។ ជាមួយគ្នានេះ សម្ដេចតេជោ ក៏បានកោតសរសើរ និង មានការចាប់អារម្មណ៍ទៅលើការរីកចម្រើននូវវិស័យបច្ចេកវិទ្យារបស់ឥណ្ឌូណេស៊ីផងដែរ។ ជាចុងបញ្ចប់ សម្ដេចតេជោប្រធានព្រឹទ្ធសភា បានស្នើដល់ ឯកឧត្តម ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខជូនចំពោះ ឯកឧត្តម ប្រធានាធិបតីសាធារណរដ្ឋឥណ្ឌូណេស៊ី Joko Widodo និង ប្រធានាធិបតីជាប់ឆ្នោតឯកឧត្ដម Prabowo Subianto ផងដែរ៕

Powered by Blogger.