សម្តេចធិបតី​៖​​ស​ច្ចភាពនៃប្រវត្តិសាស្ត្រដែ​​លប្រជាជ​នកម្ពុជា​និ​ងវៀតណាមត្រូវ​ច​ងចាំ​ឱ្យបា​នច្បាស់

 កម្ពុជានិងវៀតណាមធ្លាប់មានប្រវត្តិជួយគ្នាទៅវិញទៅមកក្នុងការដណ្តើមឯករាជ្យពីរបបអាណានិគមដោយក្នុងនោះថ្នាក់ដឹកនាំនិងប្រជាជនកម្ពុជាធ្លាប់បានជួយវៀតណាមក្នុងបុព្វហេតុរំដោះប្រទេសដែលឈាននាំទៅដល់ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍ ដូចគ្នានេះដែរ ថ្នាក់ដឹកនាំ និងប្រជាជនវៀតណាមក៏ធា្លប់បានជួយកម្ពុជាក្នុងបុព្វហេតុរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ប៉ុលពតនិងការកសាងអភិវឌ្ឍប្រទេសឡើងវិញ។នាព្រឹកថ្ងៃទី​២០ ខែមិថុនា ឆ្នាំ២០២៤សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីក្នុងពិធីខួបលើកទី៤៧ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ - ២០ មិថុនា ២០២៤) និងបញ្ចុះបឋមសិលាសាងសង់អគារទទួលភ្ញៀវនៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X16 ស្ថិតក្នុងឃុំកោះថ្ម ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ការប្រារព្ធខួបលើកទី៤៧ នេះ គឺក្នុងស្មារតីចងចាំជានិច្ច និងរំលឹកអំពីគំរូវីរភាពដ៏មោះមុត និងគុណបំណាច់ដ៏ធំធេងរបស់វីរយុទ្ធជន វីរយុទ្ធនារី កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ ដែលបានពលិកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិជាទីស្នេហានៃយើង។មានប្រសាសន៍ក្នុងពិធីដ៏មហោទ្បារិកនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ប្រវត្តិសាស្ត្រច្បាស់លាស់ គឺជាកត្តាចម្បងសម្រាប់ទំនាក់ទំនងរវាងប្រទេស និងប្រទេស ដូចដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានលើកជារឿយៗថា កម្ពុជានិងវៀតណាមធ្លាប់មានប្រវត្តិជួយគ្នាទៅវិញទៅមកក្នុងការដណ្តើមឯករាជ្យពីរបបអាណានិគម ដោយក្នុងនោះ ថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជាធ្លាប់បានជួយវៀតណាមក្នុងបុព្វហេតរំដោះប្រទេសដែលឈាននាំទៅដល់ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍ ដូចគ្នានេះដែរ ថ្នាក់ដឹកនាំនិងប្រជាជនវៀតណាមក៏ធា្លប់បានជួយកម្ពុជាក្នុងបុព្វហេតុរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត និងការកសាងអភិវឌ្ឍប្រទេស។ នេះជាសច្ចភាពនៃប្រវត្តិសាស្ត្រ ដែលប្រជាជននៃប្រទេសទាំងពីរត្រូវចងចាំឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងការយល់ច្រលំតាមរយៈការបកស្រាយណាមួយដែលពុំមានមូលដ្ឋានប្រវត្តិសាស្រ្តច្បាស់លាស់។ សម្តេចធិបតី ក៏បានបន្តទៀតផងដែរថា សច្ចភាពប្រវត្តិសាស្រ្តដែលត្រូវបានកត់ត្រាទុកនៅក្នុងទំព័រប្រវត្តិសាស្ត្រ បានតភា្ជប់ពីដំណាក់កាលមួយទៅដំណាក់កាលមួយ ដែលបានកំណត់ចែកចេញជាដំណាក់កាលធំៗចំនួន ៣ មានជាអាទិ៍៖

ដំណាក់កាលទី១គឺចាប់ផ្តើមពីចលនាតស៊ូនៅក្នុងដំណើរឈានឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ១៩៧៧, ដែលជាថ្ងៃចាប់ផ្តើមនៃចលនាតស៊ូប្រឆាំងរើបម្រះពីរបបដឹកនាំរបស់ប៉ុល ពត ។ ចលនា នេះ មានសម្តេចតេជោផ្ទាល់ និង យុទ្ធមិត្តតិចតួចប៉ុណ្ណោះ ដោយចេញពីតំបន់កោះថ្ម X16 ព្រំដែនវៀតណាម ឈានទៅការបង្កើតកងកម្លាំងរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជានៅថ្ងៃទី១២ខែឧសភាឆ្នាំ១៩៧៨មានឈ្មោះកាត់ថា«ក១២៥»ដែលជាអង្គការចាត់តាំងយោធាដំបូង និងការបង្កើតអង្គការចាត់តាំងនយោបាយដំបូង គឺ រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ២ ធ្នូ ១៩៧៨ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាលជាស៊ីមនិងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឈានទៅសម្រេចជ័យជម្នះក្នុងការសង្គ្រោះ និង រំដោះប្រទេសជាតិឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ជាស្ថាពរនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ។ ដំណាក់កាលទី ២ គឺជាដំណាក់កាលនៃការការពារ ស្តារ និង កសាងប្រទេសជាតិឡើងវិញ ចេញពីចំណុចសូន្យ, ដោយដៃម្ខាងកាន់អាវុធការពារ ទប់ស្កាត់ ការប៉ុនប៉ងវិលត្រឡប់មកវិញ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត, ហើយ ដៃម្ខាងទៀតខិតខំកសាងប្រទេសជាតិ រហូតឈានដល់ដំណាក់កាលចរចាផង ប្រយុទ្ធផង រហូតសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស “២៣ តុលា ១៩៩១” និង ឈានដល់ការដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះ បញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា និងនាំមកនូវសុខសន្តិភាព និង ឯកភាពទឹកដីពេញលេញជាប្រវត្តិសាស្ត្រ ដែលកម្ពុជាពុំធ្លាប់មានអស់រយៈកាលជាង ៥០០ ឆ្នាំកន្លងទៅ។ ដំណាក់កាលទី ៣ គឺជាការបើកឡើងនូវទំព័រប្រវត្តិសាស្រ្តថ្មីមួយ ដែលមានលក្ខណៈប្តូរផ្តាច់ក្នុងការប្រឆាំងជាមួយនឹងបដិវត្តន៍ពណ៌, ពោលគឺជាដំណាក់កាលថែរក្សានិង ការពារសន្តិភាព ដែលជាបុព្វបទនៃការអភិវឌ្ឍប្រទេសជាតិនិងភាពសុខដុមរមនារបស់ប្រជាពលរដ្ឋកម្ពុជាទាំង​មូល ក្រោមម្លប់នៃសុខសន្តិភាព ដែលបានមកពីនយោបាយឈ្នះ-ឈ្នះ របស់ សម្តេចតេជោ។ជាចុងក្រោយ សម្តេចមហាបវរធិបតីបានគោរពដឹងគុណដ៏ជ្រាលជ្រៅចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និង ជាអតីតនាយករដ្ឋមន្រ្តី ដែលបានចង្អុលបង្ហាញឱ្យកសាងតំបន់ប្រវត្តិសាស្រ្តនេះចេញជារូបរាង ក្រោមការខិតខំប្រឹងប្រែងប្រកបដោយស្មារតីយកចិត្តទុកដាក់ខ្ពស់របស់ សម្តេចពិជ័យសេនាទៀបាញ់អតីតប្រធានគណៈកម្មការសាងសង់វិមានឈ្នះ-ឈ្នះ និងការគាំទ្រពីសំណាក់ ឯកឧត្តម ជា សុផារ៉ា អតីតប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ រួមជាមួយការយកចិត្តទុកដាក់អភិវឌ្ឍប្រកបដោយភាពទទួលខុសត្រូវរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ព្រមទាំងថ្នាក់ដឹកនាំក្រសួង ស្ថាប័ន មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រជាជន និងសប្បុរសជនជាតិ-អន្តរជាតិដែលតែងតែជួយគាំទ្រទៅតាមសមត្ថកិច្ចរៀងៗខ្លួន ។ ទន្ទឹមនេះ សម្តេចធិបតី ក៏បានអរគុណចំពោះរដ្ឋាភិបាល និងកងទ័ពប្រជាជនវៀតណាមដែលបានគាំទ្រដល់ការកសាងសមិទ្ធផលនានា សំដៅប្រែក្លាយតំបន់សមរភូមិទៅជាតំបន់ប្រវត្តិសាស្រ្ត និងទៅជាព្រំដែនសន្តិភាព មិត្ត​ភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ៕

Powered by Blogger.