ប្រធានាធិបតីសិង្ហបុរីបង្ហាញនូវសុទិ​ដ្ឋិនិយមថាសក្ដានុពលនៃ​ធនធានមនុស្សវ័យក្មេងរប​ស់កម្ពុជាគឺជាកម្លាំងចល​ករនៃការការជំរុញ​ការអភិវឌ្ឍ

សម្តេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានាល្ងាច ថ្ងៃទី១៨ ខែមិថុនាឆ្នាំ២០២៤បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម Tharman Shanmugaratnam ប្រធានាធិបតីនៃសាធារណរដ្ឋសិង្ហបុរីក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសិង្ហបុរី ពីថ្ងៃទី១៨-១៩ ខែមិថុនា ឆ្នាំ២០២៤។

ក្នុងជំនួបនេះឯកឧត្តមប្រធានាធិបតីបានសម្ដែងនូវកិច្ចស្វាគមន៍ចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតីលើកដំបូងក្នុងនាមជានាយករដ្ឋមន្រ្តីមកកាន់សាធារណរដ្ឋសិង្ហបុរីបន្ទាប់ពីសម្ដេចធិបតីបានចូលរួមក្នុងកម្មវិធីពិសេសសម្រាប់ថ្នាក់ដឹកនាំជាន់ខ្ពស់កាលពីឆ្នាំ២០១៨។ ជាមួយគ្នានេះឯកឧត្តមប្រធានាធិបតីបានសម្ដែងនូវការវាយតម្លៃខ្ពស់លើទំនាក់ទំនងដ៏ល្អរវាងសិង្ហបុរី-កម្ពុជាលើគ្រប់វិស័យ ដែលរួមមាន៖ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការពារជាតិ បណ្ដុះបណ្ដាល និងការអភិវឌ្ឍធនធានមនុស្ស។ឯកឧត្តមសង្ឃឹមថាប្រទេសទាំងពីរនឹងធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធហើយឈានទៅរកកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរសម្រាប់ប្រជាជាតិទាំងពីរ។ បន្ថែមលើនេះ ឯកឧត្តមប្រធានាធិបតីបានបង្ហាញនូវសុទិដ្ឋិនិយមថាសក្ដានុពលនៃធនធានមនុស្សវ័យក្មេងនិងវឌ្ឍនភាពរីកចម្រើននៃការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនៅកម្ពុជា នឹងជាកម្លាំងចលករនៃការទាក់ទាញការវិនិយោគ និងការជំរុញការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសលើវិស័យថាមពល ឧស្សាហកម្ម កម្មន្តសាល និងវិស័យសក្ដានុពលផ្សេងៗទៀត។ជាការឆ្លើយតបសម្ដេចធិបតីបានថ្លែងអំណរគុណចំពោះកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ឯកឧត្តមប្រធានាធិបតី រដ្ឋាភិបាល និងប្រជាជនសិង្ហបុរី ហើយសម្តេចធិបតីក៏បានគូសបញ្ជាក់ថាប្រទេសទាំងពីរនឹងមានកិច្ចសហប្រតិបត្តិការកាន់តែច្រើន ជាពិសេស នៅក្នុងឆ្នាំ២០២៥ ប្រទេសទាំងពីរនឹងរៀបចំខួបលើកទី៦០ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-សិង្ហបុរី ហើយប្រទេសទាំងពីរនឹងស្វែងរកនូវកិច្ចសហប្រតិបត្តិការ ស្តីពីការអភិវឌ្ឍលើគ្រប់ទំនាក់ទំនង ដូចជា ទំនាក់ទំនងធុរកិច្ច វិស័យឯកជន និងឯកជនរដ្ឋាភិបាលនិងរដ្ឋាភិបាលនិងទំនាក់ទំនងក្នុងទិដ្ឋភាពផ្សេងទៀត។ សម្តេចធិបតី និងឯកឧត្តមប្រធានាធិបតី ក៏បានពិភាក្សាអំពីយន្តការ និងក្របខណ្ឌគោលនយោបាយនានាសម្រាប់កិច្ចការពារដល់បរិស្ថាន ជាពិសេសការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ដើម្បីធានាបាននូវភាពធន់របស់សេដ្ឋកិច្ចនៃប្រទេសទាំងពីរ ដោយផ្តោតលើការពង្រីកការប្រើប្រាស់ថាមពលកកើតឡើងវិញ ដែលអាចឈានដល់ការសម្រេចបាននូវបណ្តាញអគ្គិសនីអាស៊ាន (ASEAN Power Grid)។ ក្នុងយន្តការនៃកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគ និងពាណិជ្ជកម្ម សម្តេចធិបតីបានគូសបញ្ជាក់ថាប្រទេសទាំងពីរនឹងខិតខំពង្រឹកបន្ថែមនូវទំហំវិនិយោគនិងពាណិជ្ជកម្មក៏ដូចជាការជំរុញវិស័យទេសចរណ៍ឱ្យកាន់តែមានភាពល្អប្រសើរ។ក្រៅពីនេះប្រទេសទាំងពីរនឹងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យហិរញ្ញវត្ថុ និងធនាគារ និងបច្ចេកវិទ្យា។  សម្តេចធិបតី និងឯកឧត្តមប្រធានាធិបតីក៏បានឯកភាពគ្នាលើកទឹកចិត្តដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធនៃរដ្ឋាភិបាលទាំងពីរក្នុងការបន្តកិច្ចពិភាក្សាគ្នា ដើម្បីកំណត់ជាក់លាក់លើកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ពាណិជ្ជកម្ម វិនិយោគ និងវិស័យផ្សេងៗផងដែរ។មុននឹងបញ្ចប់ សម្តេចធិបតី និងឯកឧត្តមប្រធានាធិបតី មានសុទិដ្ឋិនិយមថា នឹងបន្តមានការអភិវឌ្ឍកាន់តែល្អប្រសើរថែមទៀត ហើយទំនាក់ទំនងនេះនឹងជាកត្តាកំណត់សម្រាប់កិច្ចសហប្រតិបត្តិការ និងការទទួលបាននូវវិបុលភាពនៅពេលអនាគតរវាងប្រទេសទាំងពីរ ៕


Powered by Blogger.