ព្រះម​ហាក្សត្រ​អំពាវនាវ​ជួយ​​ឧបត្ថម្ភ​គាំទ្រជន​មាន​​ពិការ​កម្ពុជា​បន្ថែម​​ទៀត​ ​

ព្រះមហាក្សត្រ​ ​នរោត្តម​ ​សី​ហ​មុនី​ ​បាន​អំពាវនាវ​ដល់​សហគមន៍​ជាតិ​ ​អន្តរជាតិ​ ​និង​សប្បុរស​ជន​នានា​ជួយ​ចូល​រួម​ឧបត្ថម្ភ​គាំទ្រ​​ដល់​ជន​មាន​ពិការ​ភាព​កម្ពុជា​បន្ថែម​ទៀត​ ​ដើម្បី​ពួក​គេ​បាន​ទទួល​ការអប់រំ​ ​ការ​បណ្ដុះបណ្ដាល​ចំណេះវិជ្ជា​ ​មាន​ការងារ​ធ្វើ​ដ៏​សមរម្យ​ ​មាន​សិទ្ធិ​ស្មើភាព​គ្នា​ ​និង​មាន​ការ​រស់​នៅ​ថ្លៃថ្នូរ​សមរម្យ​នៅ​ក្នុង​សង្គម​។​​ព្រះមហាក្សត្រ​ ​នរោត្តម​ ​សី​ហ​មុនី​ ​កាលពី​ថ្ងៃសៅរ៍​បាន​យាង​សួរសុខទុក្ខ​និង​ប្រោស​ប្រទាន​ព្រះ​រាជអំណោយ​ដល់​យោធិន​ពិការ​ ​គ្រួសារ​ពលី​ដោយ​ស​ង្រ្គា​ម​ ​និង​យោធិន​ជា​និវត្តជន​ក្រីក្រ​ប្រមាណ​៥​០​០​គ្រួសារ​រស់នៅ​ភូមិ​ជីកដី​ ​ឃុំ​អណ្តូង​ត្របែក​ ​ស្រុក​រមាស​ហែក​ ​ខេត្ត​ស្វាយរៀង​។​

ព្រះមហាក្សត្រ​បាន​មាន​ព្រះបន្ទូល​ក្នុង​ពិធី​នោះ​ថា​ ​រដ្ឋា​បាល​បាន​បែងចែក​ដីធ្លី​ ​សាងសង់​លំនៅឋាន​ ​កសាង​ហេដ្ឋារចនាសម្ពន្ធ​ ​តភ្ជាប់​បណ្ដាញ​អគ្គិសនី​ ​និង​ជីកអណ្ដូង​ជូន​ដល់​អតីត​យុទ្ធជន​ចំនួន​៥​០​០​គ្រួសារ​នៅ​ក្នុង​ភូមិ​ជីកដី​។​​ព្រះអង្គ​ថា​ ​កម្ពុជា​តែងតែ​ប្រារព្ធ​ទិវា​ជន​មាន​ពិការភាព​ជា​រៀងរាល់​ឆ្នាំ​ ​ដើម្បី​រំលឹក​មហា​វិនាសកម្ម​នៃ​សង្គ្រាម​ដែល​បាន​បន្សល់ទុក​នូវ​គ្រាប់មីន​និង​កាកសំណល់​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​ជាច្រើន​ឥតគណនា​ ​ដែល​ជា​ឫសគល់​ដែល​កើត​មាន​ជន​មាន​ពិការភាព​ ​ស្ត្រី​មេម៉ាយ​ ​និង​កុមារ​កំព្រា​នៅ​ទូទាំង​ប្រទេស​។​ ​បន្ថែម​លើស​ពី​នេះ​ ​ប្រជាជន​កម្ពុជា​ក៏​ប្រឈម​រងគ្រោះ​ដល់​ពិការភាព​ ​ដូចជា​ការ​គ្រោះថ្នាក់​ចរាចរណ៍​ ​គ្រោះថ្នាក់​ការងារ​ ​ព្រមទាំង​ពិការ​ភាព​ខាង​ផ្នែក​ស្មារតី​ពី​កំណើត​ជាដើម​។​​ព្រះអង្គ​បាន​រំលឹក​ដល់​វីរភាព​របស់​អតីត​ព្រះមហាក្សត្រ​ ​នរោត្តម​ ​សី​ហ​នុ ​ដែល​តែងតែ​សព្វ​ព្រះរាជ​ហរទ័យ​ប្រោស​ប្រទាន​ឧបត្ថម្ភ​គាំទ្រ​ដល់​ជន​មាន​ពិការភាព​ ​ជាពិសេស​បាន​ប្រោស​ប្រទាន​ព្រះ​រាជអំណោយ​ជា​ច្រើនលើកច្រើនគ្រា​ ​ដើម្បី​ជូន​សម្រាល​ទុក្ខ​លំបាក​របស់​ជន​មាន​ពិការ​ភាព​នៅ​កម្ពុជា​បាន​មួយ​ចំនួន​ដែរ​។​​ព្រះអង្គ​បាន​បន្ថែម​ថា​ ​រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​គោល​នយោបាយ​លើក​ក​ម្ពស់​ស្ថានភាព​ជន​មាន​ពិការភាព​នៅ​កម្ពុជា​ ​ហើយ​ក្នុង​នោះ​ក្រសួងសង្គមកិច្ច​ ​អតីត​យុទ្ធជន​ ​និង​យុ​វ​នីតិសម្បទា​ ​បាន​ខិតខំ​អនុវត្ត​គោល​នយោបាយ​នេះ​និង​បាន​រៀបចំ​ច្បាប់​ស្ដីពី​កិច្ច​គាំទ្រ​សិទ្ធិ​ជន​មាន​ពិការភាព​ ​ដែល​ធ្វើ​ឱ្យ​ជន​មាន​ពិការភាព​មានលទ្ធភាព​អាច​ចូលរួម​សកម្មភាព​ក្នុងនាម​ជា​ពលរដ្ឋ​ ​ដើម្បី​ជួយ​ថែរក្សា​និង​អភិវឌ្ឍ​សង្គមជាតិ​។​ព្រះអង្គ​មាន​ព្រះបន្ទូល​ថា​ ​តាម​ការ​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ ​ភូមិ​ដ្ឋា​ន​គ្រួសារ​យុទ្ធជន​ពលី​និង​ពិ​ការ​បាន​កសាង​ឡើង​នៅ​ភូមិ​ជីកដី​ខេត្ត​ស្វាយរៀង​។​​ព្រះអង្គ​មាន​ព្រះបន្ទូល​កោតសរសើរ​ដល់​សហគមន៍​ជាតិ​និង​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ ​ដែល​មាន​សប្បុរស​ធម៌​បាន​ចូលរួម​ទាំង​ផ្នែក​ស្មារតី​ ​ស​ម្ភារៈ ​និង​ថវិកា​ដ៏​ច្រើន​ ​ដើម្បី​សម្រាល​សេចក្ដី​ទុក្ខ​លំបាក​របស់​ជន​មាន​ពិការភាព​នៅ​មូលដ្ឋាន​នេះ​។​​ព្រះអង្គ​បាន​មាន​ព្រះបន្ទូល​បន្ត​ថា​៖​ ​«​បងប្អូន​បាន​បាត់បង់​ផ្នែក​ណា​មួយ​នៃ​រាង​កាយ​ពិត​មែន​។​ប៉ុន្តែ​ឆន្ទៈ​ ​ស្មារតី​មោះមុត​ ​របស់​បងប្អូន​នៅតែ​មាន​។​ ​បងប្អូន​ត្រូវការ​សិទ្ធិ​ ​សេរីភាព​ ​សេចក្ដីថ្លៃថ្នូរ​ដូច​មនុស្ស​ទាំងឡាយ​នៅ​​ក្នុង​សង្គម​ដែរ​។​ ​បងប្អូន​រស់នៅ​ក្នុង​សង្គម​របស់យើង​​ដោយ​ភាព​ថ្លៃថ្នូរ​ ​ដែល​ជា​សង្គម​មិន​មាន​ឧប​សគ្គ​ ​ជាទី​ដែល​ជន​គ្រប់រូប​ត្រូវតែ​ទទួល​បាន​នូវ​ការគោរព​ស្រឡាញ់​និង​មិន​មាន​ការ​រើស​អើង​ឡើយ​»​។​ព្រះអង្គ​បន្ថែម​ថា​៖​ ​«​បងប្អូន​នៅតែ​មាន​តួនាទី​សំខាន់​ក្នុង​ការចូលរួម​ចំណែក​ថែរក្សា​ ​ការពារ​ ​អភិវឌ្ឍ​សង្គមជាតិ​ ​និង​សន្តិភាព​ទៅតាម​សមត្ថភាព​រៀងៗខ្លួន​»​។​​ជាមួយនឹង​គ្នា​នោះ​ ​ព្រះមហាក្សត្រ​បាន​អំពាវនាវ​ដល់​សហគមន៍​ជាតិ​ ​អន្តរជាតិ​ ​និង​សប្បុរស​ធម៌​នានា​ចូល​រួម​ជួយឧបត្ថម្ភ​គាំទ្រ​ជន​ពិការ​កម្ពុជា​ឱ្យ​បាន​ទូលំទូលាយ​បន្ថែម​ទៀត​ ​ដើម្បី​ជន​មាន​ពិការភាព​បាន​ទទួល​នូវ​ការ​អប់រំ​ ​ការ​បណ្ដុះបណ្ដាល​ចំណេះវិជ្ជា​ ​មានការងារ​ធ្វើ​ដ៏​សមរម្យ​ ​មាន​សិទ្ធិ​ស្មើភាព​ក្នុង​សង្គម​ ​និង​មាន​ការរស់នៅ​ថ្លៃថ្នូរ​។​​ព្រះអង្គ​មាន​ព្រះបន្ទូល​ថា​៖​ ​«​ខ្ញុំ​មាន​មហា​កិត្តិយស​និង​សេចក្ដីសោមនស្ស​រីករាយ​យ៉ាង​ក្រៃលែង​បាន​ជួប​បងប្អូន​ផ្ទាល់​ទាំង​៥​០​០​គ្រួសារ​ ​ដើម្បី​ខ្ញុំ​មានលទ្ធភាព​ជូន​ព្រះ​រាជអំណោយ​ចំពោះ​បងប្អូន​គ្រប់​ៗ​រូប​»​៕​ Khmer Times


Powered by Blogger.