នាយករដ្ឋមន្ត្រីកម្ពុជា៖ជាង​​៣០ឆ្នាំសាលាភូមិន្ទរដ្ឋបាល​ផ្តល់ចំណេះ​មន្រ្តីរាជការ​ជា​ង២ម៉ឺននាក់

សម្តេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាអញ្ជើញជាអធិបតីពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ របស់សាលាភូមិន្ទរដ្ឋបាលនាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ។សាលាភូមិន្ទរដ្ឋបាល ក្នុងនាមជាគ្រឹះស្ថានបណ្តុះបណ្តាលសាធារណៈក្នុងការគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សឱ្យឆ្លើយតបនឹងតម្រូវការអភិវឌ្ឍជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងនោះ សាលាភូមិន្ទរដ្ឋបាលសម្រេចបាននូវលទ្ធផលគួរជាទីមោទនៈ ជាបន្តបន្ទាប់ សម្រាប់ការអនុវត្តសកម្មភាពអភិវឌ្ឍធនធានមនុស្សក្នុងវិស័យសាធារណៈ ដោយចាប់តាំងពីការបើកឱ្យដំណើរការឡើងវិញរយៈពេលជាង៣០ឆ្នាំមកនេះ ពោល គឺចាប់ពីឆ្នាំ១៩៩២ មកដល់ ឆ្នាំ២០២៣ សម្រេចបាននូវការបណ្តុះបណ្តាលមន្រ្តីរាជការ ទាំងវគ្គសិក្សារយៈពេលវែង និងវគ្គសិក្សារយៈពេលខ្លីសរុប២៣,៨១៨ នាក់ (នារី ៥.០១៧ នាក់)។

ទន្ទឹមនេះក្នុងឆ្នាំ២០២៤សាលាភូមិន្ទរដ្ឋបាលបានបើកវគ្គបណ្តុះបណ្តាលបន្តសម្រាប់កម្មសិក្សាការី មន្ត្រីជាន់ខ្ពស់មន្ត្រីគ្រប់គ្រងរដ្ឋបាលមន្ត្រីមធ្យម មន្ត្រីក្រមការ ដែលមានចំនួនសរុប ៣៩៣ អង្គ/នាក់ (នារី ៨២នាក់)។ បន្ថែមលើចំនួនខាងលើសាលាភូមិន្ទរដ្ឋបាលបាននិងកំពុងបើកវគ្គបណ្តុះបណ្តាលតម្រង់ទិសមន្ត្រីក្របខណ្ឌថ្មី ឆ្នាំ២០២៣ មកពីក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ចំនួន២,០២៤នាក់ (នារី ៨៧៩នាក់) វគ្គបណ្តុះបណ្តាលរយៈពេលខ្លី សរុបចំនួន ៦០៣នាក់ (នារី ១៦៦) និងវគ្គផ្សេងៗទៀតក្នុងក្របខណ្ឌជាមួយក្រសួង-ស្ថាប័នថ្នាក់ជាតិ គ្រឹះស្ថានបណ្តុះបណ្តាលអន្តរជាតិនិងដៃគូអភិវឌ្ឍផងដែរ។ដើម្បីឆ្លើយតបនឹងគោលបំណងនៃ “យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១” ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលផ្តោតលើអភិបាលកិច្ចនិងការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ។ ក្នុងន័យនេះ ដើម្បីរួមចំណែកឱ្យបានកាន់តែសកម្ម និងមានប្រសិទ្ធភាពក្នុងការកសាងនិងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យសាធារណៈសាលាភូមិន្ទរដ្ឋបាលនឹងបន្តពង្រឹងនិងពង្រីកកិច្ចសហការល្អជាមួយក្រសួង-ស្ថាប័ននៅថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយផ្តោតការយកចិត្តទុកដាក់លើការរៀបចំ និងបើកវគ្គបណ្តុះបណ្តាល ឱ្យឆ្លើយតបនឹងសេចក្តីត្រូវការនៃការអភិវឌ្ឍសមត្ថភាពមន្រ្តីរាជការ ឈរលើបាវចនា វិន័យ គុណភាព គុណធម៌ និងនវានុវត្តន៍៕

Powered by Blogger.