ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះភាពជាដៃគូដ៏រឹងមាំជាមួយប្រទេសកម្ពុជាដើម្បីលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាជនកម្ពុជា។ក្នុងជំនួបសម្តែងការគួរសម នៅវិមានសន្តិភាព នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី លោក ម៉ាសាស៊ូហ្គូ អាសាកាវ៉ា (Masatsugu Asakawa) បានជម្រាបជូនសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អំពីពិធីសម្ពោធស្ថានតំណាងថ្មីរបស់ខ្លួននៅកម្ពុជា ដោយលោកបានសង្កត់ធ្ងន់ថា នេះជាការបង្ហាញពីការប្តេជ្ញាចិត្តកាន់តែខ្លាំងចំពោះភាពជាដៃគូរឹងមាំរវាងធនាគារអភិវឌ្ឍន៍អាស៊ីនិងរាជរដ្ឋាភិបាលកម្ពុជាដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា។
|
|
លោក Masatsugu Asakawa ក៏បានលើកឡើងពីការប្តេជ្ញាចិត្តរបស់ធនាគារអភិវឌ្ឍន៍អាស៊ីក្នុងការបន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈយុទ្ធសាស្រ្តភាពជាដៃគូប្រចាំប្រទេស (Country Partnership Strategy-CPS) ដែលជាផែនការដ៏ទូលំទូលាយដែលផ្តោតលើចំណុចសំខាន់ៗចំនួនបី រួមមាន៖ ១) វិបុលភាពតាមរយៈការធ្វើពិពិធកម្មសេដ្ឋកិច្ច ២) ការវិនិយោគលើប្រជាជន ដោយផ្តោតលើការអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ និង ៣) ការគាំទ្រសម្រាប់ភពផែនដីដោយផ្តោតសំខាន់លើបរិស្ថាន និងអាកាសធាតុ។ គំនិតផ្តួចផ្តើមទាំងនេះត្រូវបានរៀបចំឡើងដើម្បីនាំមកនូវការផ្លាស់ប្តូរជាក់ស្តែង និងប្រកបដោយចីរភាពនៅកម្ពុជា។ចំណែកឯសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអបអរសាទរចំពោះការបើកដំណើរការស្ថានតំណាងថ្មីរបស់ ADB ប្រចាំនៅកម្ពុជា។ សម្តេចក៏បានថ្លែងអំណរគុណដល់ ADB ចំពោះការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវគំនិតផ្តួចផ្តើម និងកម្មវិធីកំណែទម្រង់ថ្មីៗ ដើម្បីធានាបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងធន់ ក្នុងគោលបំណងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសម្រេចបាននូវចក្ខុវិស័យប្រទេសកម្ពុជាក្នុងការក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។សម្តេចនាយករដ្ឋមន្ត្រីក៏បានលើកឡើងពីការជំរុញវិស័យឯកជន ដែលជាដៃគូសំខាន់របស់រាជរដ្ឋាភិបាល និងការដាក់ឱ្យដំណើរការកម្មវិធីអភិវឌ្ឍន៍មូលធនមនុស្ស ដើម្បីកសាងកម្លាំងពលកម្មប្រកបដោយគុណភាព និងសមត្ថភាពតាមរយៈការបណ្តុះបណ្តាល និងបច្ចេកវិទ្យាទំនើប។លើសពីនេះ សម្តេច ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់លើការរួមចំណែករបស់រាជរដ្ឋាភិបាលក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ដោយសង្កត់ធ្ងន់លើការដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍ថាមពលស្អាត។សម្តេចបានចង្អុលបង្ហាញថា កម្ពុជាសម្រេចបាននូវការប្រើប្រាស់ថាមពលស្អាតចំនួន ៦២% នៃការប្រើប្រាស់ថាមពលសរុប និងបានដាក់ចេញនូវទិសដៅ ជំរុញការប្រើប្រាស់ថាមពលស្អាតឱ្យបានដល់ ៧០% ត្រឹមឆ្នាំ២០៣០ ព្រមទាំងបានបញ្ឈប់ទាំងស្រុងនូវការបង្កើតរោងចក្រដំណើរការដោយថាមពលធ្យូងថ្ម ដោយជំនួសមកវិញនូវគម្រោងអភិវឌ្ឍថាមពលកកើតឡើងវិញ៕
Post a Comment