គម្រោងធំៗ១​៤បានបណ្ដាក់ទុនវិនិ​យោគនៅកម្ពុជាជាមួយទុនវិ​និយោគ​៤៨០លានដុល្លារអា​មេរិក

 ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីប្រកាសបើកឱ្យដំណើរការជាផ្លូវការសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជានិងពិសាអាហារសាមគ្គីនៅល្ងាចថ្ងៃទី៩ ខែឧសភាឆ្នាំ២០២៤នេះសម្តេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្រ្តីកម្ពុជាបានសម្រេចចុះហត្ថលេខាអនុម័តលើគម្រោងធំៗ១៤ជាមួយទុនវិនិយោគ ៤៨០លានដុល្លារអាមេរិកដើម្បីបើកឱកាសវិនិយោគនិងទាក់ទាញអ្នកវិនិយោគមកថ្មីៗនៅកម្ពុជាបន្ថែមទៀត។

សម្តេចហ៊ុន ម៉ាណែត មានប្រសាសន៍ថាគិតត្រឹមខែមេសាឆ្នាំ២០២៤កម្ពុជាបានអនុម័តលើគម្រោងវិនិយោគថ្មីនិងគម្រោងពង្រីកផលិតកម្មសរុបចំនួន១២៨ ដែលមានទុនវិនិយោគសរុបជាង២.៥ពាន់លានដុល្លារអាមេរិកនិងអាចបង្កើតការងារបានជាង១៣០ពាន់កន្លែង។នេះជាលទ្ធផលខិតខំប្រឹងប្រែង៨ខែមកនេះ។សម្តេចហ៊ុនម៉ាណែតបានបញ្ជាក់ថាសម្តេចបានចុះហត្ថលេខាអនុម័តលើគម្រោងធំៗចំនួន១៤ជាមួយទុនវិនិយោគ៤៨០លានដុល្លារអាមេរិកផងដែរ កាលពីថ្ងៃទី៨ ខែឧសភាឆ្នាំ២០២៤។សូមជម្រាបជូនថាកាលពីថ្ងៃទី២ ខែឧសភាឆ្នាំ២០២៤កន្លងទៅសម្តេចបានសម្ពោធរោងចក្រដំឡើងរថយន្តតូយ៉ូតា ដែលមានទុនវិនិយោគ៣៧ លានដុល្លារ។សម្តេចបានបញ្ជាក់ថា រាជរដ្ឋាភិបាលសុខចិត្តកាត់បន្ថយពន្ធគយដើម្បីកម្ពុជាទទួលបានការវិនិយោគរយៈពេលវែងនិងចង់ឃើញពលរដ្ឋទទួលបានជំនាញវិជ្ជាជីវៈបន្ថែម និងទទួលបានរបស់របរប្រើប្រាស់ថ្មីគុណភាពល្អនិងតម្លៃសមរម្យ។សម្តេចនាយករដ្ឋមន្រ្តីបានបន្ថែមថាអភិក្រមនៃការវិនិយោគរបស់កម្ពុជាគឺរក្សាឱ្យបាននូវគម្រោងវិនិយោគដែលមានស្រាប់នៅកម្ពុជាដូចពាក្យស្លោកថា រក្សាចាប៥ក្នុងដៃប្រសើរជាងចាប២០នៅក្នុងព្រៃយកលលកធ្នាក់ ទាក់លលកព្រៃ។សម្តេចធិបតីថាការជួយឱ្យរោងចក្រនៅកម្ពុជាទទួលបានភាពរីកចម្រើនគឺជាការធ្វើទីផ្សារដ៏ល្អក្នុងការទាក់ទាញអ្នកវិនិយោគមកថ្មីៗបន្ថែមទៀត។សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការអនុវត្តន៍ និងគោរពអនុលោមភាពប្រៀបដូចជាការគោរពច្បាប់ចរាចរណ៍ដើម្បីសម្រួលដល់ការធ្វើដំណើរបានទាំងអស់គ្នាហើយសម្តេចមិនចង់ឃើញស្ថាប័នរដ្ឋចាំតែដើរផាក ដើរពិន័យនោះទេ ពោលមិនចង់ឃើញស្ថាប័នរដ្ឋដើរតួនាទីជាឆ្មា ហើយវិស័យឯកជនជាកណ្តុរនោះទេ។ជាមួយគ្នានេះសម្តេចធិបតីប្រកាសថា កម្ពុជាបើកចំហទ្វារគ្រប់អ្នកវិនិយោគបរទេសទាំងអស់ដែលមានបំណងមកបណ្ដាក់ទុននៅកម្ពុជា។ទន្ទឹមនឹងនេះសម្តេចធិបតីក៏ថ្លែងអំណរគុណអ្នកវិនិយោគបរទេស ដែលសម្រេចចិត្ដក្នុងការមកបណ្ដាក់ទុននៅកម្ពុជា៕


Powered by Blogger.