សម្តេចធិបតី​៖ហ្វូណនតេជោទៅថ្ងៃអ​នាគតនឹងក្លាយទៅជា​ព្រែកជីកប្រវត្តិសាស្រ្តសម្រា​ប់ប្រជា​ជាតិខ្មែរ

 មានប្រសាសន៍ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលមួយចំនួននៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជាស្ថិតនៅឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ«គិរីរម្យ» នៅព្រឹកថ្ងៃទី៣០ខែឧសភា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីកម្ពុជាបានលើកឡើងថា «ជ្រែកជីកហ្វូណនតេជោ» នឹងចាប់ផ្ដើមបើកការដ្ឋាននៅខែសីហាឆ្នាំ២០២៤ខាងមុខនេះដើម្បីជាផលប្រយោជន៍ដល់ជាតិនិងប្រជាជនកម្ពុជា។សម្តេចធិបតី បានបញ្ជាក់ថា ព្រែកជីកនេះទៅថ្ងៃអនាគតនឹងក្លាយទៅជាព្រែកជីកប្រវត្តិសាស្រ្តសម្រាប់ប្រជាជាតិខ្មែរយើងដូចដែលដូនតាយើងបានកសាងអង្គរវត្តសម្រាប់យើងនោះដែរ។តាមក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងប្រវត្តិសាស្ត្រលើកទី១ ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជាដើម្បី តភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ។ លក្ខណៈបច្ចេកទេសទូទៅរបស់ផ្លូវទឹក មានប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ ចាប់ផ្តើមពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាម ព្រែកតាឯកនៃទន្លេបាសាក់រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ស្រុកកោះធំ និង បន្តរហូត ដល់ សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និង ខេត្ត កែប ដែលមាន ប្រជាជន សរុបប្រមាណ ១,៦លាននាក់ រស់នៅអមសងខាង ផ្លូវទឹក នេះ។

រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចឱ្យមានការវិនិយោគក្នុងរូបភាព ភាពជាដៃគូររវាងរដ្ឋនិងឯកជន (PPP)ដែលក្រុមហ៊ុនវិនិយោគត្រូវសាងសង់ ប្រតិបត្តិការនិងផ្ទេរ(BOT)ក្នុងរយៈពេលមួយសមស្រប។ការវិនិយោគនេះគឺរាជរដ្ឋាភិបាលនិងមិនចំណាយថវិកាឬត្រូវខ្ចីថវិកាពីប្រភពណាមួយមកសាងសង់នោះទេ ពោលគឺក្រុមហ៊ុនវិនិយោគនឹងចំណាយទុនផ្ទាល់ខ្លួន ឬពីដៃគូររបស់ខ្លួន១០០%ដើម្បីវិនិយោគលើគម្រោងនេះ។គម្រោងព្រែកជីកហ្វូណនតេជោ មានសារៈសំខាន់ និងផលប្រយោជន៍ដូចជា៖

- ពង្រឹងនយោបាយ និងយុទ្ធសាស្រ្តរបស់កម្ពុជា ក្នុងគោលជំហររក្សានូវ ឯករាជ្យភាព អធិបតេយ្យភាព និងឧត្តមភាព នៃវិស័យ នាវាចរណ៍ និងសន្តិសុខផ្ទៃក្នុងប្រទេស

- ផ្តល់ផលប្រយោជន៍ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមដូចជា៖ អត្រាខ្ពស់ នៃផលចំណេញ សេដ្ឋកិច្ច ត្រឡប់មក វិញពីការវិនិយោគប្រមាណពី ២០% ទៅ៣១%

- កាត់បន្ថយការចំណាយពេលវេលា និងរបាំងពន្ធគយ

- ការទាក់ទាញការ វិនិយោគ និងការអភិវឌ្ឍលើ វិស័យផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ

- ការជំរុញ អភិវឌ្ឍន៍ពហុវិស័យរួមមាន កសិកម្ម ជលផល ទេសចរណ៍ ពាណិជ្ជកម្ម វិស័យអចលនទ្រព្យ និងនគរូបនីយកម្ម ទីក្រុង ជាដើម

- ការបង្កើត មុខរបរ និងការងារជូនប្រជាពលរដ្ឋ និងកាត់បន្ថយផលប៉ះពាល់ពីគ្រោះរាំងស្ងួត និងទឹកជំនន់

- រក្សាបាននូវលំនឹងនៃរបបលំហូរទឹក និងស្ថិរភាពបរិស្ថាន ដោយមិនបង្កឱ្យមាន ផលប៉ះពាល់ជា អវិជ្ជមាន លើរបបលំហូរទឹកទន្លេមេគង្គ និងទន្លេផ្សេងៗទៀត

- ការរក្សាបាននូវស្ថិរភាពបរិស្ថាន អេកូឡូស៊ី និងទីជម្រកធម្មជាតិ សម្រាប់ ជីវចម្រុះ។

សូមបញ្ជាក់ជូនថា ផ្លូវទឹកនេះមានទទឹងមុខកាត់ផ្នែកខាងលើប្រវែង ១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោមប្រមាណ ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ ម៉ែត្រ (ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ) និងមានគន្លងនាវាចរណ៍ចំនួន ២គន្លង អាចចេញ-ចូល និងចៀសគ្នាបានដោយ សុវត្ថិភាព។តាមក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា តាមការសិក្សានិងវាយតម្លៃបឋមលើថវិកាប៉ាន់ប្រមាណ គម្រោងនេះនឹងត្រូវប្រើប្រាស់ថវិកាប្រមាណ ១,៧ ពាន់លានដុល្លាសហរដ្ឋអាមេរិកសម្រាប់សាងសង់និងស្តារផ្លូវទឹកដែលមានស្រាប់ប្រមាណ១៣៥គមនិងជីកថ្មីប្រមាណ៤៥គមដែលត្រូវប្រើប្រាស់ពេលវេលាប្រមាណ៤ឆ្នាំ។ជាចុងក្រោយសម្តេចមហាបវរធិបតី បានអរគុណចំពោះគំនិតផ្តួចផ្ដើម ការខិតខំប្រឹងប្រែង និងការលះបង់ ទាំងកម្លាំងកាយកម្លាំងចិត្តព្រមទាំងថវិកាផ្ទាល់ខ្លួនដ៏ច្រើនសន្ធឹកសន្ធាប់របស់សប្បុរជនក្នុង និងក្រៅប្រទេស ព្រមទាំងការជួយឧបត្ថម្ភគាំទ្រ ​​ទាំងស្មារតី សម្ភារ ថវិកា ពីរាជរដ្ឋាភិបាល, ក្រសួងធម្មការ និងសាសនា, គណៈសង្ឃនាយក,និងអាជ្ញាធរពាក់ព័ន្ធដើម្បីបង្កើតបានមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជាទុកជាសម្បត្តិជាតិនិងជាបូជនីយដ្ឋានព្រះពុទ្ធសាសនា ។ ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសក្នុងពិធីនោះផងដែរថារាជរដ្ឋាភិបាលនឹងបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ នាខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីភ្ជាប់វិស័យដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជាទៅសកលលោក និងបម្រើដល់ផលប្រយោជន៍រួមរបស់ប្រជាជននិងប្រទេសជាតិ ៕

Powered by Blogger.