នាយករដ្ឋមន្ត្រីប្រកា​សដាក់ឱ្យអនុវត្តជាផ្លូវការប្រព័ន្ធបញ្ជរ​តែមួយជាតិរបស់​អគ្គនាយកដ្ឋាន​គយនិងរដ្ឋាក​រកម្ពុជា

 សម្តេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជានាព្រឹកថ្ងៃទី៧ខែឧសភា ឆ្នាំ២០២៤នៅសណ្ឋាគារសុខាភ្នំពេញបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការប្រព័ន្ធបញ្ជរតែមួយជាតិជាប្រព័ន្ធថ្មីមួយទៀតរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាដែលបំពេញបន្ថែមនិងធ្វើការជាមួយប្រព័ន្ធដែលមានស្រាប់ដោយប្រព័ន្ធនេះនឹងអនុញ្ញាតឱ្យអ្នកនាំចេញ-នាំចូលទំនិញអាចដាក់ស្នើសុំអាជ្ញាប័ណ្ណលិខិតអនុញ្ញាតវិញ្ញាបនបត្រនិងឯកសារតម្រូវផ្សេងទៀតពាក់ព័ន្ធនឹងការនាំចេញ-នាំចូលទំនិញទៅគ្រប់ស្ថាប័នមានសមត្ថកិច្ចតែមួយលើករួមគ្នាដើម្បីទទួលបានការអនុញ្ញាតសម្រាប់យកទៅប្រើប្រាស់ក្នុងការបំពេញបែបបទបញ្ចេញទំនិញពីគយតាមមធ្យោបាយអេទ្បិចត្រូនិក ។

មានប្រសាសន៍ក្នុងពិធីដ៏អធិកអធមនោះ សម្តេចនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ការដាក់ឱ្យអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិនេះ គឺជាការរួមចំណែកមួយដ៏សំខាន់ក្នុងការកែលម្អបរិយាកាសធុរកិច្ច និងការជំរុញសកម្មភាពពាណិជ្ជកម្មនៅកម្ពុជា សំដៅលើកកម្ពស់គុណភាព តម្លាភាព ប្រសិទ្ធភាព និងការជឿទុកចិត្តពីសំណាក់វិនិយោគិន និងធុរជន និងម៉្យាងទៀតគឺជាការបង្ខិតសេវាសាធារណៈទៅជិតអ្នកប្រើប្រាស់តាមរយៈការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មនិងថ្នាលបច្ចេកវិទ្យាក្នុងការផ្តល់សេវាសាធារណៈដើម្បីសម្រួលនីតិវិធីកាត់បន្ថយពេលវេលានិងការចំណាយពាក់ព័ន្ធផ្សេងៗ ។ សមិទ្ធផលនេះ ក៏ជាការបន្តជំរុញការកែទម្រង់ស៊ីជម្រៅ និងការធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងចំណូល និង បង្កើតការប្រកួតប្រជែងដោយស្មើភាពក្នុងការធ្វើធុរកិច្ច និងការវិនិយោគនិងដើម្បីកាត់បន្ថយបន្ទុកចំណាយលើការបំពេញតាមកាតព្វកិច្ច និងនីតិវិធីសារពើរពន្ធ ។ទន្ទឹមនេះ ប្រព័ន្ធបញ្ជរតែមួយជាតិរបស់កម្ពុជា ដែលមានការតភ្ជាប់​ទៅកាន់ប្រព័ន្ធបញ្ជរតែមួយអាស៊ាន ដើម្បីផ្លាស់ប្តូរ​ទិន្នន័យជាមួយបណ្តា​ប្រទេសជាសមាជិកអាស៊ាន នឹងកែសម្រួលនីតិវិធីនៃការស្នើសុំអាជ្ញាប័ណ្ណ លិខិតអនុញ្ញាត វិញ្ញាបនបត្រ និងឯកសារតម្រូវនានា ពាក់ព័ន្ធ​នឹងការនាំចេញ-នាំចូល​ទំនិញ ​ដែលកន្លងមកពាណិជ្ជករត្រូវរត់ការឆ្លងកាត់ក្រសួង-ស្ថាប័នមានសមត្ថកិច្ចផ្សេងគ្នាជាច្រើនលើកមកជាការស្នើសុំតែមួយលើករួមគ្នាតាមទម្រង់អេឡិចត្រូនិក ។ ប្រព័ន្ធនេះ រួមជាមួយនឹងប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយ (អាស៊ីគូដា) នឹងជួយសម្រួលដល់ ការធ្វើពាណិជ្ជកម្មនៅកម្ពុជា ដោយផ្លាស់ប្ដូររបៀបរបបការងារ ពីការពឹងផ្អែកលើក្រដាស ទៅជាការមិនប្រើក្រដាស ។ ក្នុងន័យនេះ ប្រព័ន្ធបញ្ជរតែមួយជាតិ នឹងក្លាយជាតួអង្គដ៏សំខាន់មួយនៃប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ធុរកិច្ច ដែលធ្វើឱ្យកិច្ចសម្រួលពាណិជ្ជកម្មរបស់យើងកាន់តែមានប្រសិទ្ធភាព និងមានលទ្ធភាពតភ្ជាប់ទៅនឹងប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ធុរកិច្ចផ្សេងទៀតក្នុងតំបន់និងលើសកលលោក។សម្តេចធិបតីបានបង្ហាញនូវក្តីរំពឹងយ៉ាងមុតមាំថាប្រព័ន្ធបញ្ជរតែមួយជាតិនឹងក្លាយជាគំរូជោគជ័យមួយទៀតនៃកិច្ចប្រឹងប្រែងរួមគ្នារបស់ក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាល ដែលបានជម្នះនូវការលំបាកទាំងឡាយក្នុងដំណើការនៃការសម្របសម្រួលស្ថាប័ន ។ ក្នុងន័យនេះ ប្រព័ន្ធបញ្ជរតែមួយជាតិ អាច​​ចាត់ទុកបានថា ជាជោគជ័យរួមគ្នាឬជាសមិទ្ធិផលរួមគ្នារបស់ក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាលក្នុងការអនុវត្តការងារតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» (DynamicsofStakeholderSystem)ដែលការធ្វើការួមគ្នាប្រកបដោយជោគជ័យនេះ ក៏បានហុចផលដល់វិស័យឯកជននូវប្រយោជន៍ជាច្រើន មានជាអាទិ៍ចំណេញពេលវេលានិងកាត់បន្ថយចំណាយដោយមិនចាំបាច់ត្រូវរត់ការពីក្រសួង-ស្ថាប័នមួយ ទៅក្រសួង-ស្ថាប័នមួយទៀតនោះទ្បើយ ។ជាចុងក្រោយ សម្តេចធិបតី បានកោតសរសើរចំពោះថ្នាក់នាំ និងសមាជិក សមាជិកាទាំងអស់នៃគណៈកម្មាធិការដឹកនាំគម្រោងបញ្ជរ​តែមួយជាតិ ដែលបានខិតខំរួបរួមគ្នាអភិវឌ្ឍ និងអនុវត្ត​គម្រោងបញ្ជរតែមួយជាតិ​នេះរហូតសម្រេចបានជោគជ័យគួរជាទីមោទនៈព្រមទាំងបានជំរុញក្រសួង-ស្ថាប័នដែលមានការពាក់ព័ន្ធ​ ហើយដែលមិនទាន់ចូលរួមអនុវត្តប្រព័ន្ធនេះ​ ឱ្យចូលរួមអនុវត្តបានឆាប់រហ័ស៕

Powered by Blogger.