នារសៀលថ្ងៃទី៣០ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឱ្យលោក ម៉ានី ប៉ាគីអាវ (MannyPacquiao)កំពូលកីឡាករប្រដាល់កម្រិតពិភពលោក និងជាអតីតសមាជិកព្រឹទ្ធសភានៃសាធារណរដ្ឋហ្វីលីពីនចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមាន៧មករា។
|
|
ក្នុងឱកាសនៃជំនួប លោក ម៉ានី ផាគីអាវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី ដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារព្រមទាំងបានសម្តែងនូវក្តីរីករាយដែលលោកបានចូលរួមជាមួយព្រះរាជាណាចក្រកម្ពុជា ក្នុងការចែករំលែកនូវបទពិសោធន៍របស់លោកពាក់ព័ន្ធនឹងវិស័យកីឡាប្រដាល់។ លោក ម៉ានី ប៉ាគីអាវ បានគោរពជម្រាបជូនសម្តេចធិបតី ថា កីឡាប្រដាល់គឺប្រភេទកីឡាមួយ ដែលមានលក្ខណៈពិសេស និងលំបាក ដែលទាមទារនូវការហ្វឹកហាត់ខ្លាំងក្លាវិន័យខ្ពស់ជាមួយនឹងការយល់ដឹងអំពីគោលការណ៍ច្បាស់លាស់ដើម្បីអាចកសាងបាននូវអាជីពជាកីឡាករប្រដាល់ ដែលមានកេរ្តិ៍ឈ្មោះល្បី។ជាមួយគ្នានេះលោកម៉ានីប៉ាគីអាវក៏បានគោរពជម្រាបជូនសម្ដេចធិបតីថាលោកនឹងចូលរួមលើកស្ទួយនិងជំរុញដល់វិស័យគុនខ្មែរដែលជាផ្នែកមួយនៃកីឡាប្រដាល់ហើយលោកក៏នឹងជួបពិភាក្សាជាមួយកីឡាករល្បីៗនៃព្រះរាជាណាចក្រកម្ពុជា អំពីស្មារតីនៃកីឡាប្រដាល់ ក៏ដូចជាចែករំលែកពីបទពិសោធន៍ដ៏ច្រើនដែលលោកបានឆ្លងកាត់ក្នុងជីវិតជាអ្នកប្រដាល់អាជីពលំដាប់ពិភពលោកជាមួយនឹងការប្រកួតជាច្រើនកម្រិត និងច្រើនប្រភេទទម្ងន់ផ្សេងៗ។ជាការឆ្លើយតប សម្ដេចធិបតី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក ម៉ានី ប៉ាគីអាវ ដែលបានមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាជាលើកទី២ បន្ទាប់ពីដំណើរទស្សនកិច្ចលើកទីមួយនៅឆ្នាំ២០១៦ ដែលពេលនោះ លោកបានអមដំណើរឯកឧត្តម រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីនអំឡុងពេលបំពេញទស្សនកិច្ចផ្លូវរដ្ឋ។សម្ដេចធិបតី ក៏បានរំលេចថា វត្តមានរបស់លោក ម៉ានី ប៉ាគីអាវ ក្នុងនាមជាកីឡាករប្រដាល់ដ៏ល្បីល្បាញដែលប្រជាពលរដ្ឋកម្ពុជាគ្រប់រូបបានស្គាល់នឹងចូលរួមចំណែកក្នុងការលើកស្ទួយវិស័យកីឡាវិស័យទេសចរណ៍ និងលើកកម្ពស់ទំនាក់ទំនងរវាងកម្ពុជា-ហ្វីលីពីនតាមរយៈការតភ្ជាប់រវាងប្រជាជន និងប្រជាជន។មុននឹងបញ្ចប់ សម្តេចធិបតី បានជូនពរលោក ម៉ានី ប៉ាគីអាវនិងគណៈប្រតិភូឱ្យស្នាក់នៅកម្ពុជាប្រកបដោយភាពសប្បាយរីករាយនិងទទួលបាននូវជោគជ័យក្នុងដំណើរបំពេញបេសកកម្មនៅព្រះជាណាចក្រកម្ពុជា៕
Post a Comment