ពល​ការិនីខ្មែរចំនួន២៤នាក់​បានត្រឡប់មក​ដល់កម្ពុជាវិញក្រោម​ការជ្រួមជ្រែងរបស់​រាជរដ្ឋាភិបាល

ពលការិនីខ្មែរចំនួន២៤នាក់បន្ថែមទៀតបានធ្វើដំណើរមកដល់ប្រទេសកម្ពុជាវិញហើយនៅថ្ងៃទី១២ខែឧសភាឆ្នាំ២០២៤នេះក្រោមការជួយជ្រួមជ្រែងរបស់រាជរដ្ឋាភិបាលកម្ពុជានិងភាគីនៃរាជរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតដែលជាប្រទេសជាមិត្ត។នេះបើតាមការចេញផ្សាយAKP។

ក្រោយមកដល់ប្រទេសកម្ពុជាវិញពលការិនីជុនសារុនដែលធ្វើការនៅក្រុមហ៊ុនBABនៅប្រទេសអារ៉ាប៊ីសាអូឌីតបានបង្ហាញពីការសប្បាយចិត្តជាខ្លាំងដែលបានមកដល់ស្រុកកំណើតវិញហើយក៏ថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកកម្ពុជាដែលបានដុតដៃដុតជើងជួយពលរដ្ឋដោយមិនទុកពលរដ្ឋណាម្នាក់ចោលនោះឡើយ។ពលការិនីខ្មែរដែលបានទៅធ្វើការនៅប្រទេសអារ៉ាប៊ីសាអូឌីតចំនួន ២៤នាក់នេះជាពលករស្របច្បាប់ដែលត្រូវបានបញ្ជូនដោយក្រុមហ៊ុនហ្វាទីណា។ ការមកដល់របស់ពលការិនីខ្មែរទាំង ២៤នាក់នេះ មានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអាជ្ញាធរពាក់ព័ន្ធផ្សេងៗទៀតផងដែរ។សូមបញ្ជាក់ថា បន្ទាប់ពីសម្របសម្រួលពលការិនីចំនួន២៤នាក់ឲ្យបានត្រឡប់មកប្រទេសកម្ពុជាវិញ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅតែបន្តសហការយ៉ាងសកម្មជាមួយក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនិងស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំព្រះរាជាណាចចក្រអារ៉ាប៊ីសាអូឌីត ដែលមាននិវេសនដ្ឋាននៅទីក្រុងគែរ ប្រទេសអេហ្ស៉ីបដើម្បីធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតអាជ្ញាធរនិងស្ថាប័នពាក់ព័ន្ធក្នុងការសម្របសម្រួលជូនពលការិនីផ្សេងទៀតដែលមានបំណងចង់វិលត្រឡប់មកមាតុប្រទេសវិញ៕


Powered by Blogger.