នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤ក្រសួងព័ត៌មានសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកំពុងរៀបចំធ្វើតេស្តទឹកមូត្រចំពោះមន្ត្រីរាជការនិងមន្ត្រីជាប់កិច្ចសន្យារកសារធាតុញៀនដើម្បីចូលរួមអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ស្តីពីការដាក់ចេញនូវវិធានការតឹងរ៉ឹងក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ននានា និងរដ្ឋបាលថ្នាក់ក្រោមជាតិ។
|
|
គម្រោងដំណើរការងារធ្វើតេស្តរកសារធាតុញៀនក្នុងទឹកមូត្រ ដោយប្រើឧបករណ៍តេស្តរហ័ស ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា ត្រូវបានលើកមកពិភាក្សាក្នុងឱកាសនៃកិច្ចប្រជុំបច្ចេកទេស ពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រោមអធិបតីភាព លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីជំនាញ បច្ចេកទេស នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលនឹងមកជួយបង្ហាត់បង្រៀនពន្យល់ពីកិច្ចការងារមួយចំនួនដល់មន្ត្រីបង្គោល ក្រសួងព័ត៌មាន ដើម្បីឱ្យអង្គភាពនីមួយៗអាចចេះធ្វើតេស្តទឹកមូត្រដោយខ្លួនឯង និងបានយល់ដឹងពីរបៀបនៃដំណើរការធ្វើតេស្តរកសារធាតុញៀន ។លោក នេត្រ ភក្ត្រា មានប្រសាសន៍ថា ការធ្វើតេស្តគ្រឿងញៀន ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃក្រសួងព័ត៌មាន គឺស្របតាមការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីពីវិធានការម៉ឺងម៉ាត់ ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។លោកបានមានប្រសាសន៍ថា «តាមរយៈការងារនេះ ក្រសួងព័ត៌មានបានបង្កើតគណៈកម្មការមួយ ដើម្បីរៀបចំការធ្វើតេស្តរហ័សនៅក្នុងទឹកមូត្រដល់មន្ត្រីរាជការ ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ហើយគណៈកម្មាធិការផ្ទៃក្នុងនេះត្រូវបានបង្កើតឡើង ដើម្បីពិនិត្យការតវ៉ាប្រសិនបើមានបញ្ហាអ្វីកើតឡើង និងបើសិនជាពួកគេចង់ធ្វើតេស្តឡើងវិញ»។លោក នេត្រ ភក្ត្រា បញ្ជាក់ថា៖ «ពួកគេត្រូវអនុវត្តតាមយន្តការរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហការជាមួយក្រសួងសុខាភិបាល ដើម្បីធ្វើតេស្តឡើងវិញថាពិតឬអត់»។យោងតាមរបាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការសរុបចំនួន ៥៦,៤៤៥នាក់ ដែលបម្រើការងារនៅក្រសួង ស្ថាប័នជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានធ្វើតេស្តទឹកមូត្រដើម្បីរកសារធាតុញៀន ហើយក្នុងចំណោមនោះ មាន៧៦នាក់ ត្រូវបានធ្វើតេស្តវិជ្ជមានឃើញសារធាតុញៀន ដែលមន្ត្រីទាំងនេះត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ ហើយឈ្មោះរបស់ពួកគេត្រូវបានលុបចេញពីបញ្ជីមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាល៕ AKP
Post a Comment