TheNationបានចេញផ្សាយដោយលើកពីមន្ត្រីជាន់ខ្ពស់ថៃបានអះអាងថាផ្លូវរថភ្លើងល្បឿនលឿនថៃ-ចិនដែលតភ្ជាប់ពីទីក្រុងបាងកក ទៅកាន់ខេត្ត Nong Khai រួចបន្តភ្ជាប់ទៅកាន់ផ្លូវដែកឡាវ-ចិន កំពុងសម្រេចបានវឌ្ឍនភាពឆ្ពោះទៅបើកដាក់ឱ្យប្រើប្រាស់ជាសាធារណៈនៅឆ្នាំ២០៣០ខាងមុខ។
|
|
ដើមឡើយ ខ្សែរថភ្លើងទាំងមូលគ្រោង នឹងបើកដំណើរការឆាប់ៗនៅឆ្នាំ២០២៨។ ទោះជាយ៉ាងនេះក្តីគម្រោងដ៏ធំ ដែលត្រូវបានគេប៉ាន់ស្មានថាមានតម្លៃទុនវិនិយោគជាង៩,២ពាន់លានដុល្លារនេះត្រូវបានញាំញីដោយសារការពន្យារពេលដែលបណ្តាលមកពីការខ្វែងគំនិតផ្នែកហិរញ្ញវត្ថុរវាងប្រទេសទាំង២។លោកSuriyaJuangroongruangkit រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ បានជួបជាមួយលោក Wu Hao ប្រធានគណៈកម្មការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិរបស់ប្រទេសចិន នៅទីក្រុងប៉េកាំង ក្នុងអំឡុងកិច្ចប្រជុំលើកទី៣១ នៃគណៈកម្មាធិការរួមគ្នាលើគម្រោងផ្លូវរថភ្លើងល្បឿនលឿនថៃ-ចិន ចាប់តាំងពីគម្រោងបានចាប់ផ្តើមបើកការដ្ឋានសាងសង់នៅឆ្នាំ២០២០។ចំណែកកិច្ចប្រជុំលើកទី៣២ នៃគណៈកម្មាធិការរួមគ្នាលើគម្រោងនេះ នឹងរៀបចំឡើងនៅក្នុងប្រទេសថៃដោយកាលបរិច្ឆេទមិនទាន់ត្រូវបានប្រកាសនៅឡើយ។កិច្ចពិភាក្សានេះបានធ្វើឡើងបន្ទាប់ពីភាគីចិន បានអំពាវនាវឱ្យប្រទេសទាំងពីរពន្លឿនការសាងសង់គម្រោងផ្លូវរថភ្លើងល្បឿនលឿនប្រវែង៨៧៣គីឡូម៉ែត្រនេះក្នុងខែមករាបន្ទាប់ពីមានការពន្យារពេលអស់ជាច្រើនឆ្នាំ។ផ្លូវរថភ្លើងល្បឿនលឿននេះនឹងតភ្ជាប់ប្រទេសចិននិងប្រទេសថៃដោយឆ្លងកាត់តាមប្រទេសឡាវដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវសកល(BRI)របស់ប្រទេសចិន។លោកSuriyaបានមានប្រសាសន៍ឱ្យដឹងថា គណៈកម្មាធិការរួម បានទទួលស្គាល់វឌ្ឍនភាព នៃការសាងសង់ក្រោមការទទួលខុសត្រូវរបស់ប្រទេសថៃក្នុងដំណាក់កាលទី១ដោយគ្របដណ្តប់លើខ្សែរថភ្លើងពីទីក្រុងបាងកកទៅកាន់ខេត្តនគររាជសីមា។ដំណាក់កាលទី១នេះត្រូវបានគេរំពឹងថានឹងបើកដាក់ឱ្យប្រើប្រាស់នៅឆ្នាំ២០២៨។លោកបន្តថា កំណាត់ខ្សែរថភ្លើងក្នុងដំណាក់កាលទី២ ដែលតភ្ជាប់ពីខេត្តនគររាជសីមា ទៅកាន់ខេត្តណងខៃ បានឆ្លងកាត់ការវាយតម្លៃផលប៉ះពាល់បរិស្ថាន ខណៈការសាងសង់គ្រោងនឹងចាប់ផ្តើមនៅឆ្នាំក្រោយ។លោកបានបញ្ជាក់ទៀតថា កំណាត់ផ្លូវរថភ្លើងដំណាក់កាលទី២នេះ នឹងតភ្ជាប់បន្តជាមួយផ្លូវដែកឡាវ-ចិនហើយនឹងបើកដំណើរការនៅឆ្នាំ២០៣០ ដែលមានន័យថា គម្រោងទាំងមូលនឹងត្រូវបានបញ្ចប់រួចរាល់តែម្តង។លោក Suriya បានបន្ថែមថា ស្ពានរថភ្លើងល្បឿនលឿនមេគង្គថ្មីមួយ ដែលតភ្ជាប់ខេត្ត Nong Khai ទៅកាន់រដ្ឋធានីវៀងច័ន្ទប្រទេសឡាវ នឹងត្រូវបានសាងសង់ដោយប្រើប្រាស់ថវិកាសារពើពន្ធឆ្នាំ២០២៤របស់រដ្ឋាភិបាលថៃ៕
Post a Comment