សម្តេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤បានអញ្ជើញជាអធិបតីក្នុងពិធីជួបជុំជាមួយអ្នកសារព័ត៌មានកម្ពុជា លើកទី៦ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័ណ៍កោះពេជ្រ ។
|
|
នៅក្នុងពិធីដ៏មហោទ្បារិកនោះសម្តេចធិបតីនាយករដ្ឋមន្ត្រីបានថ្លែងអបអរសាទរអ្នកសារព័ត៌មានកម្ពុជា និងអ្នកសារព័ត៌មានទាំងអស់ នៅលើពិភពលោក ក្នុងឱកាសនៃការប្រារព្ធ «ទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ ឧសភា» ដែលនេះជាឱកាសនៃទិវាសេរីភាពសារព័ត៌មានពិភពលោកប្រចាំឆ្នាំលើកទី ៣១ក្រោមប្រធានបទ«សារព័ត៌មានសម្រាប់ផែនដី:សារព័ត៌មានក្នុងស្ថានភាពនៃវិបត្តិបរិស្ថាន»ដើម្បីជាការអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់លើបញ្ហាបរិស្ថាន។ដោយហេតុថាឆ្នាំ២០២៤គឺជាឆ្នាំដែលបានកំណត់នូវកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីសម្រេចបាននូវរបៀបវារៈឆ្នាំ ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពព្រោះវិបត្តិនៃការប្រែប្រួលអាកាសធាតុ ការបាត់បង់ជីវៈចម្រុះ និងការបំពុលខ្យល់ បានធ្វើឱ្យមនុស្ស ៨៥% នៅក្នុងតំបន់ប្រឈមនឹងហានិភ័យនៃការប៉ះពាល់ កាន់តែខ្លាំងដូច្នេះ ប្រព័ន្ធផ្សព្វផ្សាយ គឺជាកត្តាគន្លឹះក្នុងការចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់បញ្ហាបរិស្ថានទាំងនេះ ។ទន្ទឹមនេះ សម្តេចធិបតី បានលើកទ្បើងថា លំហសេរីភាពសារព័ត៌មាននៅកម្ពុជា កាន់តែរីកចម្រើនធំធាត់ និងឆ្ពោះទៅរក្សាបាននូវសណ្តាប់ធ្នាប់ល្អ ។ ស្ថានភាពសេរីភាពនៃការបញ្ចេញមតិនៅតែស្ថិតក្នុងបរិយាកាសអំណោយផល ដោយហេតុថារដ្ឋធម្មនុញ្ញនិងច្បាប់ស្តីពីរបបសារព័ត៌មានបានធានាឱ្យអ្នកសារព័ត៌មានអាចរាយការណ៍ដោយសេរី ឈរលើមូលដ្ឋានក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មានស្របពេលនៃការរីកចម្រើនខ្លាំងក្លាផ្នែកប្រព័ន្ធផ្សព្វផ្សាយឌីជីថល បានបើកទូលាយចំពោះអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយ បង្កលក្ខណៈងាយស្រួលដល់អ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន សមាគមសារព័ត៌មាននិងទីភ្នាក់ងារសារព័ត៌មានបរទេសនានាប្រចាំនៅព្រះរាជាណាចក្រកម្ពុជាជាក់ស្តែងតាមស្ថិតិក្រសួងព័ត៌មានកម្ពុជាមានអ្នកសារព័ត៌មានប្រមាណ ១០.០០០ នាក់ និងស្ថាប័នសារព័ត៌មានជាង ២.០០០ អង្គភាព ។ ជាមួយនេះ សម្តេចធិបតី ក៏បានគូសបញ្ជាក់ផងដែរថា សារព័ត៌មាន គឺជាអំណាចទី ៤ ដែលអំណាចនេះ ប្រសិនបើប្រើប្រាស់ត្រូវ គឺមានសារៈសំខាន់សម្រាប់អភិវឌ្ឍប្រទេសជាតិ ថែរក្សាសន្តិភាព ស្ថិរភាព និងផ្តល់ថាមពលឱ្យប្រជាជនក្នុងការសម្រេចចិត្ត ក៏ដូចជា រាជរដ្ឋាភិបាលក្នុងការដាក់ចេញនូវវិធានការចាំបាច់នានា កាន់តែមានប្រសិទ្ធភាព ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការធ្វើឱ្យកាន់តែប្រសើរឡើងនូវការគោរពសិទ្ធិសេរីភាពសារព័ត៌មាន ការបោះពុម្ពផ្សាយនិងការបញ្ចេញមតិដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឱ្យសារព័ត៌មានដើរតួនាទីសំខាន់ និងកាន់តែមានគុណភាព ហើយអ្នកសារព័ត៌មាន ឈរលើគោលការណ៍ជាមូលដ្ឋាននៃការគោរពក្រមសីលធម៌ និង វិជ្ជាជីវៈសារព័ត៌មានពិតប្រាកដ ។ ដោយហេតុថា អ្នកសារព័ត៌មានអាជីព ដែលគោរពវិជ្ជាជីវៈ គឺប្រៀបបានជាកញ្ចក់ សម្រាប់ ឆ្លុះបញ្ចាំងដ៏មានប្រសិទ្ធភាពអំពីបញ្ហាសង្គម-សេដ្ឋកិច្ច។ដូច្នេះសូមបងប្អូនសារព័ត៌មានទាំងអស់អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌ និង វិជ្ជាជីវៈសារព័ត៌មាន និង សូមចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់និងលុបបំបាត់ព័ត៌មានបំភ្លៃការពិត មានចរិតបំពុលសង្គម បង្កចលាចលជេរប្រមាថ និងញុះញង់បង្កឱ្យកើតមានអរិភាព និងការបែកបាក់សាមគ្គីភាពជាតិ ។ជាចុងក្រោយ សម្តេចមហាបវរធិបតីបានវាយតម្លៃខ្ពស់ចំពោះក្រសួងព័ត៌មាន ដែលបានបំពេញតួនាទីក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល លើការជំរុញការអនុវត្តភារកិច្ចប្រកបដោយការទទួលខុសត្រូវ និង វិជ្ជាជីវៈអាជីពរបស់អ្នកសារព័ត៌មាន ចំពោះការចុះយកព័ត៌មាន ការចែករំលែកព័ត៌មាន និងការផ្សព្វផ្សាយព័ត៌មានបានទូលំទូលាយ និងទាន់ពេលទាំងនៅក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ ដើម្បីបង្ហាញពីសភាពការណ៍ពិតប្រាកដ ជាក់ស្តែងនៅកម្ពុជា។ ព្រមទាំងបានថ្លែងអំណរគុណចំពោះអ្នកសារព័ត៌មានទាំងអស់ ទាំងក្នុងក្របខ័ណ្ឌរដ្ឋ និងឯកជន ដែលបានចូលរួមយ៉ាងសកម្ម និងប្រកបដោយការទទួលខុសត្រូវវិជ្ជាជីវៈខ្ពស់ក្នុងការពាំនាំព័ត៌មានពីរាជរដ្ឋាភិបាលនិងផ្សព្វផ្សាយទៅកាន់ប្រជាពលរដ្ឋព្រមទាំងពាំនាំព័ត៌មានពីប្រជាពលរដ្ឋមករាជរដ្ឋាភិបាលវិញ ដើម្បីជាផលប្រយោជន៍សង្គម សុខដុមរមនាសង្គម និងចូលរួមថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជាយើង៕
Post a Comment