ឯកឧត្តមអភិសន្តិបណ្ឌិតស សុខា៖រួមគ្នាថែទាំនិងការពារកុមារឱ្យក្លាយជាទំពាំងស្នងឫស្សីដ៏រឹងមាំសម្រាប់ប្រទេសជាតិនាពេលអនាគត
ភ្នំពេញ៖ក្នុងឱកាសទិវាកុមារអន្តរជាតិ១មិថុនានិងទិវាកុមារកម្ពុជាឆ្នាំ២០២៤ នេះឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហោះសារអបអរសាទរ ក្នុងផេកផ្លូវការរបស់ឯកឧត្តម ដោយជំរុញឱ្យរួមគ្នាថែទាំនិងការពារកុមារ ឱ្យក្លាយជាទំពាំងស្នងឫស្សី ដ៏រឹងមាំសម្រាប់ប្រទេសជាតិ នាពេលអនាគត។ក្នុងសារដដែល ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានកត់សម្គាល់ថា នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ នេះ ជាថ្ងៃខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ ១មិថុនា ដែលប្រទេសនានានៅជុំវិញពិភពលោកប្រារព្ធទិវានេះដើម្បីជំរុញដល់ការអនុវត្តសិទ្ធិកុមារទប់ស្កាត់អំពើហិង្សាលើកុមាររួមទាំងចូលរួមបញ្ចប់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារនៅជុំវិញពិភពលោក និយាយជារួម និងនិយាយដោយឡែកកុមារនៅក្នុងប្រទេសកម្ពុជា។ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានកត់សម្គាល់ដែរថា ជាមួយគ្នានេះការប្រារព្ធទិវាកុមារអន្តរជាតិ ១មិថុនានេះឡើងក៏ដើម្បីរំលឹកដល់សោកនាដកម្មនៃការកាប់សម្លាប់ស្ត្រីនិងកុមារ របស់ពួកហ្វាសស៊ីសអ៊ីត្លែរ នៅប្រទេសឆេក និងប្រទេសបារាំង ចន្លោះឆ្នាំ១៩៤២-១៩៤៤ ពោលគឺនៅក្នុងអំឡុងសង្គ្រាមលោកលើកទី២ បច្ចុប្បន្ននេះនៅផ្នែកខ្លះនៃពិភពលោក ពិសេសនៅបណ្តាប្រទេសដែលមានជម្លោះប្រដាប់អាវុធ តំបន់ដែលមានសង្គ្រាម មានកុមាររាប់សិបម៉ឺននាក់ បាននិងកំពុងក្លាយជាជនរងគ្រោះ ដោយមានទាំងត្រូវបាត់បង់ជីវិត របួស ពិការ ជួបគ្រោះអត់ឃ្លាន និងបាត់បង់ឱកាសនៃការសិក្សាអប់រំ ជាដើម។
Post a Comment