អគ្គរដ្ឋទូតកាណាដាពេញចិត្តចំពោះទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងកាណាដា-កម្ពុជា
សម្តេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹក ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យ លោកជំទាវ ពីងគិតនីកន(PingM.Kitnikone)អគ្គរដ្ឋទូតនៃប្រទេសកាណាដាប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
ពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម និងវិនិយោគ សម្តេចធិបតី បានគូសបញ្ជាក់ថាបច្ចុប្បន្ននេះសភាពាណិជ្ជកម្មកម្ពុជាបានបង្កើតនូវតំណាងសភាពាណិជ្ជកម្មនៅប្រទេសកាណាដាដែលជាផ្នែកមួយនៃការភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។ បន្ថែមលើនេះ សម្តេចធិបតី បានបញ្ជាក់ជូនលោកជំទាវឯកអគ្គរដ្ឋទូតអំពីគោលនយោបាយទាក់ទាញ និងលើកទឹកចិត្តវិនិយោគិននៅកម្ពុជា តាមរយៈការអនុវត្តច្បាប់ស្តីអំពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការដាក់ចេញនូវគោលនយោបាយជាក់ស្ដែង ដើម្បីគាំទ្រដល់បរិយាកាសវិនិយោគ និងរក្សាភាពប្រកួតប្រជែងរបស់កម្ពុជា ទាំងក្នុងក្របខ័ណ្ឌតំបន់ និងសកលលោក។ ទន្ទឹមនោះ សម្ដេចធិបតីក៏បានគូសរំលេចអំពីការដាក់ចេញនូវគោលនយោបាយ និងយន្តការបន្ថែមទៀតក្នុងការគាំទ្រនិងដោះស្រាយនូវបញ្ហាប្រឈមនានារបស់វិនិយោគិននៅកម្ពុជាតាមរយៈការរៀបចំនូវវេទិការវាងរាជរដ្ឋាភិបាល-ផ្នែកឯកជន និងការបង្កើតក្រុមការងារតាមដានលើការអនុវត្តគោលនយោបាយ វិធានការ និងការស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានា របស់វិនិយោគិន។សម្តេចធិបតី និងលោកជំទាវឯកអគ្គរដ្ឋទូត ក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់ក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដោយផ្តោតលើគំនិតផ្តួចផ្តើមស្តីពីយុទ្ធស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក របស់ប្រទេសកាណាដា និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា ដែលជាផលប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរ ដើម្បីសន្ដិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។សម្តេចធិបតី បានជូនពរលោកជំទាវឯកអគ្គរដ្ឋទូតឱ្យទទួលបានជោគជ័យក្នុងបេសកកម្មការទូតរបស់លោកជំទាវនៅព្រះរាជាណាចក្រកម្ពុជា ៕
Post a Comment