វិចារណកថា៖មហា​វិទ្យាល័យព័ត៌មា​នលំដាប់យក្យនិងគ្រូគីឡូធ្ងន់គួរ​តែបង្កើតឡើងសម្រា​ប់​បណ្តុះអ្នកកាសែ​ត​ល្បីឈ្មោះ​ឲ្យមានគុ​ណភា​ពសមនឹងយី​ហោ

អបអរសាទរខួបទី៣១ទិវាសេរីភាពសារព័ត៌មានពិភពលោកក្រោមប្រធានបទ"សារព័ត៌មានសម្រាប់ផែនដី៖សារព័ត៌មានក្នុងស្ថានភាពនៃវិបត្តិបរិស្ថាន "។មហាវិទ្យាល័យព័ត៌មានលំដាប់យក្យនិងគ្រូគីឡូធ្ងន់គួរតែលេចជារូបរាងឡើងសម្រាប់បណ្តុះអ្នកកាសែតល្បីឈ្មោះឲ្យមានគុណភាពសមនឹងយីហោរបស់ពួកគេ(អ្នកកាសែតល្បីឈ្មោះ)កុំឲ្យបើកភ្នែកឡើងឮតែធ្វើលិខិតសុំទោសបញ្ចោរជំទាលជេរប៉ាតណាប៉ាតណីមាត់អត់គម្របបើនិយាយស្រួលស្តាប់វិញគឺព្រលឹមស្រ៊ាងៗឡើងមិនទាន់ភ្ងាក់ពីគេងផងស្រាប់តែបើកសារ៉ុងជេរគេតែម្តង។

រូបភាពអ៊ីនធឺណិត
វិស័យព័ត៌មានគឺជាកាតាលីករយ៉ាងសំខាន់ក្នុងការបង្កើតខ្លឹមសារនិងជាអ្នកចែកចាយព័ត៌មានអំពីសង្គមជាតិនិងការបង្ហាញអំពីតថភាពសង្គមនិងការអភិវឌ្ឍ។ក្នុងដំណើរការកសាងនិងអភិវឌ្ឍប្រទេសកន្លងមកវិស័យព័ត៌មានបានរួមចំណែកដោយផ្អែកលើមុខងារសំខាន់ៗដូចជា៖ចូលរួមពង្រឹងលទ្ធិប្រជាធិបតេយ្យផ្អែកលើមូលដ្ឋាននីតិរដ្ឋបញ្ជូនព័ត៌មានពិតនិងរហ័សទាន់ពេលផ្តល់ព័ត៌មានបែបអប់រំនិងចំណេះដឹងជាឆ្មាំត្រួតពិនិត្យតុល្យភាពសង្គមដ៏ស្មោះត្រង់និងចូលរួមកែលម្អសង្គមតាមរយៈការផ្តល់ព័ត៌មានពិតគ្រប់ជ្រុងជ្រោយនិងប្រកបដោយតម្លាភាពនិងជាអ្នកផ្ដល់ធាតុចូលក្នុងការរៀបចំគោលនយោបាយយុទ្ធសាស្ត្រនិងផែនការសកម្មភាពរបស់រាជរដ្ឋាភិបាល​។សារព័ត៌មានជាអំណាចទី៤អំណាចនេះបើប្រើប្រាស់ត្រឹមត្រូវគឺមានសារសំខាន់ណាស់សម្រាប់ការអភិវឌ្ឍប្រទេសជាតិសម្រាប់ថែរក្សាសន្ដិភាពស្ថិរភាពសម្រាប់ផ្ដល់ថាមពលឱ្យប្រជាពលរដ្ឋអាចធ្វើការសម្រេចចិត្តក៏ដូចជារាជរដ្ឋាភិបាលក្នុងការដាក់ចេញនូវវិធានការប្រសិទ្ធភាព។បច្ចុប្បន្ននេះសារព័ត៌មាននៅកម្ពុជាមិនថាអ្នកធើ្វព័ត៌មានល្បីឈ្មោះលំដាប់យក្យដូចជាខ្នាតធំខ្នាតតូចនោះទេពិតជាមានកំណើនគួរឲ្យកត់សម្គាល់តែមិនសូវមានគុណភាពនោះទេ។ព្រោះតែបើកភ្នែកឡើងឮតែអ្នកល្បីឈ្មោះទាំងនោះធ្វើលិខិតសុំទោស។យ៉ាងណាចំពោះគុណភាពនិងបរិមាណនេះនៅតែជាចំណុចល្អមួយសម្រាប់វិស័យសារព័ត៌មាននៅកម្ពុជាដើរតាមគន្លងប្រជាធិបតេយ្យទោះបីជាស្ថិតនៅក្នុងទម្រង់មួយដែលមានភាពខ្វះខាតក៏ដោយ។អ្នកសារព័ត៌មាននៅកម្ពុជានាពេលសព្វថ្ងៃនេះភាគច្រើនសម្បូរទៅដោយអ្នកល្បីតែឈ្មោះតែគ្មានគុណភាពសោះ។បន្ថែមពីនេះអ្នកកាសែតដែលល្បីឈ្មោះទាំងនោះក៏មិនសូវជាបានចូលរួមវគ្គបណ្តុះបណ្តាលជាអ្នកសារព័ត៌មានលំដាប់ខ្នាតយក្យផងដែរ។ដូច្នេះធ្វើឱ្យសមត្ថភាពអ្នកសារព័ត៌មាននៅមានកម្រិតនៅឡើយ។ទាក់ទងទៅនឹងគុណភាពនិងបរិមាណរបស់អ្នកកាសែតបញ្ហាបរិមាណរបស់អ្នកកាសែតនៅកម្ពុជាច្រើនបើផ្អែកទៅតាមច្បាប់របបសារព័ត៌មានចែងថាបុគ្គលគ្រប់រូបមានសិទ្ធិគ្រប់គ្រាន់ក្នុងការធ្វើព័ត៌មាន។បើតាមលោកនេត្រភក្ត្រារដ្ឋមន្រ្តីក្រសួងព័ត៌មានបច្ចុប្បន្ននេះស្ថាប័នព័ត៌មានទាំងបុរាណនិងទំនើបដែលបានចុះបញ្ជីនៅក្រសួងព័ត៌មានមានជាង២ពាន់អង្គភាពរួមមានគេហទំព័រ និងទូរទស្សន៍អនឡាញ៩៣៨អង្គភាពកាសែតចំនួន៤៤៧អង្គភាពសមាគមសារព័ត៌មាន ៥២អង្គភាព ទស្សនាវដ្តី ១៩៤អង្គភាព ព្រឹត្តិបត្រ ២១អង្គភាព រោងពុម្ភ១១៣អង្គភាពសៀវភៅចំនួន២២អង្គភាពទីភ្នាក់ងារព័ត៌មានបរទេស និងការិយាល័យតំណាង ២៧អង្គភាព ភ្នាក់ងារផ្សព្វផ្សាយពាណិជ្ជកម្ម ២អង្គភាព ស្ថានីយវិទ្យុ FM រាជធានីភ្នំពេញ និងខេត្ត ២៨៣អង្គភាព និងវិទ្យុ AM ភ្នំពេញ ចំនួន១ ទូរទស្សន៍ផ្សាយផ្ទាល់ ១៩ស្ថានីយ៍ និងផ្សាយបន្ត ១៦៥ស្ថានីយ៍។ ស្ថានីយ៍ទូរទស្សន៍ឌីជីថល ១២ស្ថានីយ៍ និងទូរទស្សន៍អនឡាញ ១០ស្ថានីយ៍ ទូរទស្សន៍ខ្សែកាប រាជធានីភ្នំពេញ និងតាមខេត្ត ចំនួន ៤៤ស្ថានីយ៍ និងទូរទស្សន៍អាណាឡូក ១៤៤ស្ថានីយ៍ ប្រព័ន្ធOOT៨ស្ថានីយ៍និងប្រព័ន្ធផ្កាយរណបចំនួន២។យ៉ាងណាក៏ដោយការពង្រឹងសមត្ថភាពរបស់អ្នកសារព័ត៌មាននេះក្រសួងព័ត៌មានក៏ធ្លាប់បានរៀបចំជាមួយដៃគូរសមាគមជាច្រើនផងដែរក្នុងពង្រឹងសមត្ថភាពទាំងចំណេះដឹងផ្នែកច្បាប់និងវិជ្ជាជីវៈនៃការសរសេរព័ត៌មាន។ពាក់ព័ន្ធទៅនឹងការពង្រឹងសមត្ថភាពវិជ្ជាជីវៈព័ត៌មានដល់អ្នកកាសែតឲ្យមានគុណភាពកុំឲ្យល្បីតែឈ្មោះ។នាពេលបច្ចុប្បន្ននេះរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងព័ត៌មានគួរតែបើកមហាវិទ្យាល័យព័ត៌មានលំដាប់យក្យនិងរកគ្រូគីឡូធ្ងន់ទៅបង្រៀនដល់អ្នកកាសែតល្បីឈ្មោះទើបធើ្វឲ្យមានគុណភាពសមនឹងយីហោរបស់ពួកគេតែម្តង៕ដោយ៖សមាគមអ្នកសារព័ត៌មានអង្កេតពិតនៅកម្ពុជា


Powered by Blogger.