TheNation​ចាត់ទុកខេ​ត្តសៀមរាបរប​ស់កម្ពុជាគឺជាគោល​ដៅ​ទេសចរណ៍ចំណា​យតិចបំផុ​ត​សម្រាប់វិស្សមកា​ល​រដូវក្តៅ

 តំបន់អាស៊ីមានគោលដៅទេសចរណ៍ជាច្រើនរាប់មិនអស់ដែលសាកសមសម្រាប់វិស្សមកាលរដូវក្តៅជាមួយនឹងវប្បធម៌ដ៏សម្បូរបែបសភាពដ៏ស្រស់ស្អាតនិងកន្លែងប្រវត្តិសាស្ត្រដ៏គួរឱ្យចាប់អារម្មណ៍។ខាងក្រោមនេះគឺជាគោលដៅទេសចរណ៍ចំនួន៥នៅតំបន់អាស៊ីដែលភ្ញៀវទេសចរណ៍អាចចំណាយសមរម្យបំផុតសម្រាប់មកលំហែនាវិស្សមកាលរដូវក្តៅដែលចងក្រងឡើងដោយកាសែតបរទេស The Daily Starដែលមានមូលដ្ឋាននៅប្រទេសបង់ក្លាដែស។

ទី១. ទីក្រុងCebu ប្រទេសហ្វីលីពីន

នៅក្នុងនាមជាគោលដៅទេសចរណ៍វិស្សមកាលរដូវក្តៅដែលចំណាយសមរម្យបំផុតទីក្រុងCebuគឺជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតរបស់ប្រទេសហ្វីលីពីន។ឆ្នេរខ្សាច់ពណ៌សដ៏បរិសុទ្ធ ទឹកជ្រោះធ្លាក់ដ៏ស្រស់ស្អាត សមុទ្រដ៏ស្រស់បំព្រងសួនឧទ្យានផ្សងព្រេងនិងសកម្មភាពខាងក្រៅជាច្រើនកំពុងរង់ចាំអ្នកធ្វើដំណើរទៅកាន់ទីក្រុងមួយនេះ។ភ្ញៀវទេសចរណ៍អាចទៅទស្សនាទីក្រុងCebu ចាប់ពី៣ទៅ៧ថ្ងៃដោយចំណាយប្រាក់អស់តិចបំផុត។ សម្រាប់វិស្សមកាលរយៈពេល១សប្តាហ៍ភ្ញៀវទេសចរណ៍អាចចំណាយប្រាក់ជាមធ្យម៤៤៦ដុល្លារ។

ទី២.ទីក្រុងGoaប្រទេសឥណ្ឌា

ភ្ញៀវទេសចរណ៍ ដែលមានបំណងសម្រាកលំហែនៅពេលវិស្សមកាល គួរតែទៅទស្សនាទីក្រុងGoa ដែលជារដ្ឋតូចបំផុតនៅក្នុងប្រទេសឥណ្ឌា ប៉ុន្តែទីក្រុងនេះគឺជាគោលដៅទេសចរណ៍ដ៏ពេញនិយម។នៅទីនោះ ភ្ញៀវទេសចរណ៍អាចសម្រាកលំហែកាយនៅតាមខ្ទមមាត់សមុទ្រ ហើយថែមទាំងអាចរីករាយជាមួយនឹងការសម្រាកលំហែជីវិតផងដែរ។ សម្រាប់វិស្សមកាលរយៈពេល១សប្តាហ៍ភ្ញៀវទេសចរណ៍អាចចំណាយប្រាក់ជាមធ្យម២២៩ដុល្លារ។

ទី៣. ខេត្តសៀមរាបប្រទេសកម្ពុជា

ខេត្តសៀមរាបគឺជាត្បូងមួយគ្រាប់ដែលមានប្រាសាទបុរាណដ៏អច្ឆរិយៈ ហាងកាហ្វេនិងដងស្ទឹងដ៏ស្ងប់ស្ងាត់។ ក្រៅពីប្រាសាទអង្គរវត្ត ភ្ញៀវទេសចរណ៍ក៏អាចទៅទស្សនាភូមិបណ្តែតទឹកទន្លេសាប និងផ្សាររាត្រីនៅខេត្តសៀមរាបដើម្បីទទួលបាននូវបទពិសោធន៍ ដែលរួមបញ្ចូលគ្នានូវភាពទំនើបទាន់សម័យជាមួយនឹងភាពបុរាណ។ភ្ញៀវទេសចរណ៍នៅខេត្តសៀមរាបអាចចំណាយប្រាក់ត្រឹមតែ៧៣ដុល្លារប៉ុណ្ណោះ ក្នុងមួយសប្តាហ៍សម្រាប់ការដឹកជញ្ជូន និងថ្លៃម្ហូបអាហារ។ លើសពីនេះភ្ញៀវទេសចរណ៍អាចចំណាយត្រឹមតែ៩១ដុល្លារប៉ុណ្ណោះសម្រាប់ការទស្សនានិងការកម្សាន្ត។

ទី៤. ទីក្រុង Nha Trang ប្រទេសវៀតណាម

ទីក្រុង Nha Trang គឺគោលដៅដ៏ល្អឥតខ្ចោះសម្រាប់ភ្ញៀវទេសចរណ៍ ដែលមានបំណងមកលេងកំសាន្តតាមឆ្នេរសមុទ្រ។ទីក្រុង Nha Trang មានឆ្នេរសមុទ្រដ៏ស្រស់ស្អាត ថ្មប៉ប្រះទឹក ផ្កាថ្មដែលមិនចេះរីងស្ងួត និងបណ្តុំកោះជាច្រើនគឺជាគោលដៅល្អសម្រាប់ការធ្វើដំណើរកម្សាន្តនារដូវក្តៅដែលរកអ្វីមកប្រៀបផ្ទឹមពុំបាន។ភ្ញៀវទេសចរណ៍អាចសម្រាកវិស្សមកាលរយៈពេល១សប្តាហ៍នៅទីក្រុងNhaTrangដោយចំណាយប្រាក់អស់ប្រហែល២៧៤ដុល្លារ។

ទី៥. ទីក្រុង Dushanbe ប្រទេសតាជីគីស្ថាន

លោកអ្នក អាចពិចារណាទៅទស្សនា រដ្ឋធានី Dushanbe របស់ ប្រទេសតាជីគីស្ថានសម្រាប់ វិស្សមកាល នារដូវក្តៅ។ ទីក្រុងនេះបានបង្កប់នូវស្នាដៃសិល្បៈសម័យសូវៀតដ៏ចម្លែក និងអគារដ៏ប្រណីតនៅតាមដងផ្លូវ ដែលមានដាំដើមដើមឈើជាជួរៗ។ ភ្ញៀវទេសចរណ៍អាចសម្រាកវិស្សមកាលរយៈពេលពេញ១សប្តាហ៍នៅទីក្រុង Dushanbeដោយចំណាយប្រាក់ប្រហែល៣៤៦ដុល្លារប៉ុណ្ណោះ៕

Powered by Blogger.