ក្រសួងយុត្តិធម៌ថៃនឹងពន្យារពេលសវនាការពាក់ព័ន្ធនឹងការចោទប្រកាន់របស់អតីតនាយករដ្ឋមន្ត្រីThaksinពីបទប្រមាថព្រះរាជវង្សានុវង្សរហូតដល់ខែឧសភា។
|
អតីតនាយករដ្ឋមន្ត្រីThaksin Shinawatra ។Reuters |
យោងតាមសារព័ត៌មាន Strait Times កាលពីថ្ងៃទី១០ ខែមេសា លោក Prayuth Pecharakun អ្នកនាំពាក្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថៃ បានប្រកាសថារដ្ឋាភិបាលនៃប្រទេសនេះកំពុងពន្យារពេលការសម្រេចចិត្តថាតើត្រូវកាត់ទោសអតីតនាយករដ្ឋមន្ត្រីThaksin Shinawatra ពីបទប្រមាថព្រះមហាក្សត្រ។លោកPrayuthបាននិយាយថា "ការសម្រេចចិត្តត្រូវបានពន្យារពេលដោយសារតែព្រះរាជអាជ្ញាមិនបានបញ្ជូនឯកសារគ្រប់គ្រាន់។ការស៊ើបអង្កេតនឹងបន្តហើយលោកThaksin នឹងត្រូវបានកោះហៅឱ្យស្តាប់ការប្រកាសនៅថ្ងៃទី២៩ខែឧសភា" ។បើតាមមន្ត្រីថៃ លោកThaksin នៅតែអាចសុំនៅក្រៅឃុំក្នុងករណីអគ្គមេធាវីសម្រេចកាត់ទោស។កាលពីខែកុម្ភៈឆ្នាំនេះ លោកThaksin បានបង្ហាញខ្លួនទៅកាន់ការិយាល័យរបស់ព្រះរាជអាជ្ញា ដើម្បីសម្របសម្រួលការស៊ើបអង្កេតលើការចោទប្រកាន់ពីបទប្រមាថព្រះរាជវង្សានុវង្សទាក់ទងនឹងបទសម្ភាសន៍កាលពីឆ្នាំ២០១៥។ក្រោយលេចមុខ អតីតនាយករដ្ឋមន្ត្រីបានចាកចេញដោយមានកិច្ចសន្យាធានាតម្លៃ៥០ម៉ឺនបាត(ជិត១៤០០០ដុល្លារ)។ ការចោទប្រកាន់ថាប្រមាថព្រះរាជវង្សានុវង្សប្រឆាំងនឹងលោកThaksin គឺទាក់ទងទៅនឹងខ្លឹមសារនៃបទសម្ភាសន៍នៅប្រទេសកូរ៉េកាលពីឆ្នាំ២០១៥។រដ្ឋាភិបាលយោធាថៃនៅពេលនោះបានពឹងផ្អែកលើការអត្ថាធិប្បាយនេះដើម្បីចោទប្រកាន់លោកThaksinថាបានប្រមាថព្រះរាជវង្សានុវង្ស។ការប្រមាថគ្រួសាររាជវង្សជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរនៅប្រទេសថៃ។ ទោសអតិបរមាសម្រាប់ទង្វើនេះអាចជាប់ពន្ធនាគាររហូតដល់១៥ឆ្នាំ៕ពុតសាម៉ាត់
Post a Comment