សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជានាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យលោក Jonathan K.S. Choi ប្រធានក្រុមហ៊ុន Sunwah Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
|
|
ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចធិបតីដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកនិងគណៈប្រតិភូចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារ។លោកប្រធានក្រុមហ៊ុន បានគោរពជម្រាបជូនសម្តេចធិបតី អំពីដំណើរការវិនិយោគរបស់ក្រុមហ៊ុន Sunwah Group ក្នុងព្រះរាជាណាចក្រកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៤ ជាពិសេសការបង្កើតរោងចក្រកែច្នៃគ្រឿងសមុទ្រដើម្បីនាំចេញទៅទីផ្សារបរទេស។បន្ថែមលើនេះលោកប្រធានក្រុមហ៊ុនក៏បានគោរពជម្រាបជូនសម្តេចធិបតីថា ក្នុងដំណើរទស្សនកិច្ចរបស់រូបលោក និងសហការីនាឱកាសនេះ មានតំណាងក្រុមហ៊ុនវិនិយោគប្រមាណជាង៧០ក្រុមហ៊ុនដែលមានអាជីវកម្មក្នុងវិស័យជាច្រើនដូចជា៖ បច្ចេកវិទ្យាហិរញ្ញវត្ថុ ឌីជីថល អចលនទ្រព្យ ថាមពល និងទេសចរណ៍ ជាដើម។ ជាងនេះទៅទៀត លោកប្រធានក្រុមហ៊ុនក៏បានបង្ហាញបំណងក្នុងការវិនិយោគបន្ថែមទៀតលើវិស័យមួយចំនួនរួមមាន៖ (១)វិនិយោគអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសបៃតង (Green SEZ) (២) វិនិយោគលើការកសាងអគារពាណិជ្ជកម្ម និងលំនៅឋានខុនដូ (៣) វិនិយោគលើវិស័យទេសចរណ៍ (៤) វិនិយោគលើការដំឡើងស្ថានីយសាកថាមពលយានយន្តអគ្គិសនី (EV ChargingStation)និង(៥)វិនិយោគលើការកសាងស្ថានីយបណ្តាញទូរគមនាគមន៍5G។ជាការឆ្លើយតបសម្តេចធិបតីបានស្វាគមន៍ប្រកបដោយក្តីរីករាយ ដែលបានជួបពិភាក្សាការងារជាមួយលោកប្រធានក្រុមហ៊ុន និងសហការី ព្រមទាំងបានអរគុណចំពោះចំណាប់អារម្មណ៍ និង ការវិនិយោគរបស់ក្រុមហ៊ុននិងសម្តែងនូវក្តីសោមនស្សចំពោះផែនការវិនិយោគបន្ថែមរបស់ក្រុមហ៊ុននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ពាក់ព័ន្ធនឹងការបង្ហាញបំណងវិនិយោគលើវិស័យមួយចំនួន ដែលក្រុមហ៊ុនបានរៀបរាប់ខាងលើ សម្តេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក៏ដូចជានីតិកាលមុនៗដែរគឺបន្តចក្ខុវិស័យច្បាស់លាស់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ដើម្បីលើកកម្ពស់នូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា ហើយតាមរយៈការប្តេជ្ញាចិត្តនេះ សេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើន និងរក្សាបាននូភាពធន់ ហើយសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងអត្រា ៥,៦% នៅឆ្នាំ ២០២៣ និងត្រូវបានព្យាករណ៍ថានឹងកើនឡើង ក្នុងអត្រា ៦,៦% នៅឆ្នាំ២០២៤។ទន្ទឹមនោះដើម្បីធានាបាននូវបរិយាកាសនៃការប្រកួតប្រជែងនិងការធ្វើធុរកិច្ចរាជរដ្ឋាភិបាលកម្ពុជាបានបន្តយកចិត្តទុកដាក់លើការធានានូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គម ដើម្បីផ្តល់ជំនឿទុកចិត្តដល់វិនិយោគិនផងដែរ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏បានខិតខំជំរុញកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ដូចជាផ្លូវលឿននិងកំពង់ផែទឹកជ្រៅនិងបានដាក់ចេញនូវគំនិតផ្តួចផ្តើមថ្មីៗជាច្រើនទៀត ដើម្បីគាំទ្រដល់ការវិនិយោគនៅកម្ពុជា ដូចជាគំរូថ្មីនៃតំបន់សេដ្ឋកិច្ចពិសេស តាមប្រភេទឧស្សាហកម្ម និងតម្រូវការរបស់ប្រទេសនីមួយៗ និងយុទ្ធសាស្រ្តប្រទេសបូក ( Plus-One Strategy)។ពាក់ព័ន្ធនឹងគម្រោងវិនិយោគអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសបៃតង និងគម្រោងវិនិយោគលើយានយន្តអគ្គិសនី EV, សម្តេចធិបតី បានណែនាំឱ្យក្រុមហ៊ុនពិភាក្សាបន្ថែមជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដូចជាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងរ៉ែ និងថាមពល ជាដើម។ សម្តេចធិបតី ក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ក្នុងការប្រើប្រាស់ថាមពលស្អាត ដោយនាពេលបច្ចុប្បន្ននេះកម្ពុជាកំពុងប្រើប្រាស់ថាមពលស្អាត ប្រមាណជាង ៦០% និងបានកំពុងបន្តជំរុញការប្រើប្រាស់ថាមពលស្អាតនេះ ឱ្យឈានទៅដល់៧០% ត្រឹមឆ្នាំ២០៣០។ ពាក់ព័ន្ធនឹងវិស័យទេសចរណ៍ សម្តេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ និងផ្តល់អាទិភាពក្នុងការជំរុញវិស័យទេសចរណ៍ តាមរយៈការដាក់ចេញនូវគោលនយោបាយគាំទ្រវិស័យទេសចរណ៍ និងការពង្រីកជើងហោះហើរត្រង់ ពីបណ្តាប្រទេសនានាក្នុងតំបន់ និងពិភពលោកដោយបានបង្កើតក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជាដើម្បីផ្តល់សេវាកម្មទេសចរណ៍ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។ដោយឡែកចំពោះចំណាប់អារម្មណ៍លើការកសាងស្ថានីយបណ្តាញទូរគមនាគមន៍5G,សម្តេចធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិភាក្សាជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បន្ថែមទៀត៕
Post a Comment