សម្តេចតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រមានប្រសាសន៍ថា ក្រោមម្លប់ដ៏ត្រជាក់ត្រជុំនៃព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងក្រោមដំបូល នៃរដ្ឋធម្មនុញ្ញ រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាបាននិងកំពុងដឹកនាំប្រទេស ប្រកបដោយភាពឈ្លាសវៃស្វាហាប់និងការទទួលខុសត្រូវខ្ពស់បំផុតចំពោះជោគវាសនារបស់ជាតិ ដោយថែរក្សាពួនជ្រុំរាល់សមិទ្ធផលជាតិ ជំរុញសន្ទុះកំណើនសេដ្ឋកិច្ចសំដៅធ្វើឱ្យកម្ពុជាប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០និងកសាងមូលដ្ឋានឆ្ពោះទៅសម្រេច ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ប្រែក្លាយជាប្រទេសមានចំណូលខ្ពស់។
|
រូបភាពអ៊ីនធឺណិត |
នេះបើយោងតាមសារជូនពរ របស់សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ "សង្ក្រាន្ត” ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ចេញផ្សាយថ្ងៃទី ១១ ខែមេសា ឆ្នាំ២០២៤។សម្ដេចតេជោ ហ៊ុន សែន បានចូលរួមអបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ “សង្ក្រាន្ត” ដែលប្រព្រឹត្តទៅក្នុងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃសៅរ៍ ៥កើត ដល់ថ្ងៃអង្គារ ៨កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធស័ករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ជាមួយនឹងជនរួមជាតិទាំងអស់ដែលកំពុងនៅក្នុង និងក្រៅប្រទេស សូមទទួលបានពរជ័យ សិរីសួស្តី សូមចូលរួមនូវអំណរសាទរ ជ័យមង្គល បវរមហាប្រសើរ វិបុលសុខគ្រប់ប្រការ ក្នុងក្រុមគ្រួសារ និងសង្គមជាតិទាំងមូល។សម្ដេចតេជោបន្តថា សង្ក្រាន្ត រយៈពេលបួនថ្ងៃនេះ ជាឱកាសឱ្យប្រជាពលរដ្ឋយើងរួមគ្នាជម្រុះចោលឱ្យជ្រះ ស្រឡះនូវអពមង្គលឧបទ្រពចង្រៃ និងមន្ទិលហ្មងសៅទាំងពួងក្នុងឆ្នាំចាស់ ហើយតាំងចិត្តថ្មី ប្រព្រឹត្តអំពើល្អ ប្រកបដោយមេត្តា ករុណា មុទិតា ឧបេក្ខា និងបញ្ញាចាប់ពីឆ្នាំថ្មីនេះតទៅ។សម្ដេចតេជោប្រធានព្រឹទ្ធសភាគូសបញ្ជាក់ថានៅក្នុងឆ្នាំ២០២៣និងដើមឆ្នាំ២០២៤នេះប្រជាជនយើងបានរស់នៅយ៉ាងសុខដុមរមនា ក្រោមម្លប់នៃសន្តិភាពដែលត្រូវបានការពារថែរក្សាយ៉ាងរឹងមាំ និងសម្រេចបានលទ្ធផលធំៗថ្មីៗថែមទៀតក្នុងការអភិវឌ្ឍសង្គមជាតិរបស់ខ្លួន ទោះបីជាត្រូវរងឥទ្ធិពលពីការវិវត្តយ៉ាងស្មុគស្មាញ នៃសភាពការណ៍អន្តរជាតិត្រូវបន្តដោះស្រាយផលវិបាកនៃវិបត្តិជំងឺកូវីដ-១៩ និងបញ្ហាប្រឈម ផ្សេងៗទៀតក្តី។ទន្ទឹមនេះ សេដ្ឋកិច្ចកម្ពុជាបានងើបឡើងវិញយ៉ាងឆាប់រហ័ស និងកំពុងឈានទៅរក ស្ថានភាពកំណើនដូចមុនគ្រាមានវិបត្តិជំងឺកូវីដ-១៩។ លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស សិទ្ធិមនុស្ស និងនីតិរដ្ឋ កាន់តែត្រូវបានពង្រឹង និងលើកកម្ពស់ឥតឈប់ឈរ ជាពិសេសការ ប្រព្រឹត្តទៅដោយជោគជ័យនូវការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ និងការ បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ បានឆ្លុះបញ្ចាំងអំពីភាពចាស់ទុំខាង ប្រជាធិបតេយ្យរបស់កម្ពុជា តាមរយៈការចូលរួមដ៏ច្រើនលើសលប់របស់ប្រជាពលរដ្ឋ និងអង្គបោះឆ្នោតប្រកបដោយភាពត្រឹមត្រូវតាមច្បាប់បោះឆ្នោត។ សម្ដេចតេជោក៏បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅជូនប្រទេសជាមិត្តជិតឆ្ងាយ ស្ថាប័ន អង្គការអន្តរជាតិ និងដៃគូ អភិវឌ្ឍន៍នានា ដែលបានលើកទឹកចិត្ត និងជួយគាំទ្រគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ និង ប្រជាជនកម្ពុជា៕AKP
Post a Comment