ក្រសួងព័ត៌មា​នរៀបចំតម្រង់ទិសស​ម្រាប់វិជ្ជាជីវៈ​សារព័ត៌មាន

 អ្នកសារព័ត៌មាននិងអ្នកពាក់ព័ន្ធប្រមាណ៣០០នាក់បានមកជួបពិភាក្សាគ្នាដើម្បីផ្តល់ធាតុចូលសំខាន់ៗសម្រាប់ជាមូលដ្ឋានក្នុងការរៀបចំធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានរួមមួយនៅកម្ពុជាក្នុងឱកាសដែលក្រសួងព័ត៌មានរៀបចំសិក្ខាសាលាតម្រង់ទិសដើម្បីរៀបចំស្ដង់ដាប្រតិបត្តិរួមសម្រាប់វិជ្ជាជីវៈសារព័ត៌មាននៅព្រឹកថ្ងៃទី១៩ខែមេសាឆ្នាំ២០២៤នាប្រជុំសាលចតុម្មុខមង្គល ទីស្តីការក្រសួងព័ត៌មាន ក្រោមអធិបតីភាពលោកនេត្រ ភក្រ្តារដ្ឋមន្ត្រីក្រសួងព័ត៌មាន។នេះបើតាមការចេញផ្សាយTVK។

TVK
អង្គសិក្ខាសាលាដែលធ្វើឡើងពេញ១ព្រឹកនេះ មានការអញ្ជើញចូលរួមពី ម្ចាស់អង្គភាពប្រព័ន្ធផ្សព្វផ្សាយ អង្គការសមាគម ដែលធ្វើការលើវិស័យព័ត៌មាន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ រួមទាំងថ្នាក់ដឹកនាំ មន្រ្តីជំនាញនៃក្រសួងព័ត៌មាន។គោលបំណងនៃការរៀបចំសិក្ខាសាលានេះគឺដើម្បីបង្កើតវេទិកាជជែកពិភាក្សា ផ្លាស់ប្តូរយោបល់រវាង ថ្នាក់ដឹកនាំ ក្រុមការងារបច្ចេកទេស និងអ្នកសារព័ត៌មាន លើវឌ្ឍនភាព បញ្ហាប្រឈម និងការវិវត្តនៃបច្ចេកវិទ្យា ឱ្យស្របនឹងបរិការណ៍ដែលក្រសួងកំពុងរៀបចំសណ្តាប់ធ្នាប់ព័ត៌មាន ពង្រឹងក្រមសីលធម៌វិជ្ជាជីវៈដើម្បីឈានឆ្ពោះទៅរកការរៀបចំស្តង់ដាប្រតិបត្តិរួមសម្រាប់វិជ្ជាជីវៈសារព័ត៌មាន។លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានប្រសាសន៍គួួសថា បច្ចុប្បន្ននេះក្រមសីលធម៍វិជ្ជាជីវៈសារព័ត៌មានហាក់បីដូចជាស្ថិតក្នុងភាពស្រពេចស្រពិល(ដែលមិនជាក់លាក់)ពោលគឺនៅមិនទាន់មានចំណុចរួមមួយថាត្រូវអនុវត្តន៍អោយត្រឹមត្រូវឈរលើគោលការណ៍រួមយ៉ាងដូចម្តេច បែបណា។តើអ្នកសារព័ត៌មានគួរមានក្រមសីលធម៌យ៉ាងដូចម្តេចខ្លះដើម្បីទទួលបាននូវការគោរព និងផ្តល់តម្លៃ?

តើអ្នកសារព័ត៌មានគួរមានការការពារបែបណាខ្លះ?

ទាំងនេះហើយគឺជាកម្មវត្ថុមួយ ដែលនាំឱ្យក្រសួងព័ត៌មាន រៀបចំសិក្ខាសាលាតម្រង់ទិសដើម្បីរៀបចំស្ដង់ដាប្រតិបត្តិរួមសម្រាប់វិជ្ជាជីវៈសារព័ត៌មានដើម្បីទទួលបាននូវគោលការណ៍រួមមួយសម្រាប់អនុវត្តន៍ទាំងអស់គ្នា ដើម្បីអោយតំលៃវិជ្ជាជីវៈសារព័ត៌មានត្រូវបានគោរព ៕


Powered by Blogger.