ឥណ្ឌានឹងគ្រងតំ​ណែងជាប្រទេសមា​នសេដ្ឋកិច្ចធំជាង​គេបំផុតទី៤​នៅលើពិភព​លោកក្នុងឆ្នាំ២០២៥

 ប្រទេសឥណ្ឌា(NominalGDP)នឹងវ៉ាដាច់ប្រទេសជប៉ុននៅឆ្នាំ២០២៥ខាងមុខដើម្បីឆ្ពោះទៅក្លាយជាមហាអំណាចសេដ្ឋកិច្ចធំលំដាប់ទី៤នៅលើពិភពលោកដែលលឿនជាងការព្យាករណ៍កាលពីឆ្នាំមុនចំនួន១ឆ្នាំ។

នេះបើតាមNikkeiAsiaបានចេញផ្សាយ។យោងតាមរបាយការណ៍ពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ចេញផ្សាយនៅ ខែមេសានេះ បានព្យាករណ៍ថា ផលទុនជាតិសរុបបន្ទាប់បន្សំរបស់ឥណ្ឌា (Nominal GDP) នឹងកើនដល់ទំហំទឹកប្រាក់ជិត៤,៣៤ទ្រីលានដុល្លារនៅឆ្នាំ២០២៥ ខណៈផលទុនជាតិសរុបបន្ទាប់បន្សំរបស់ជប៉ុននឹងមានទំហំទឹកប្រាក់ប្រហែល៤,៣១ទ្រីលានដុល្លារប៉ុណ្ណោះ។កាលពីខែតុលា ឆ្នាំ២០២៣  IMF បានព្យាករណ៍ថាឥណ្ឌានឹងវ៉ាដាច់ជប៉ុននៅឆ្នាំ២០២៦។ប៉ុន្តែតាមរយៈរបាយការណ៍បច្ចុប្បន្នភាព ដែលចុះផ្សាយនៅខែមេសានេះ មូលនិធិ IMF បានកែប្រែការព្យាករណ៍កំណើនGDPរបស់ប្រទេសទាំង២ដោយសារការប្រែប្រួលនៃតម្លៃរូបិយប័ណ្ណក្នុងស្រុក។តួយ៉ាងការដាំក្បាលចុះនៃតម្លៃប្រាក់យ៉េនហាក់ដូចជាបានកាត់បន្ថយទំហំសេដ្ឋកិច្ចជប៉ុន។ប្រសិនបើវាស់វែងគិតជាប្រាក់ដុល្លារ។ ម្យ៉ាងទៀតកាល​ពី​ឆ្នាំ​មុន អាល្លឺម៉ង់​បាន​ដណ្តើមតំណែងជប៉ុន​ ក្នុង​ឋានៈជា​មហាអំណាចសេដ្ឋកិច្ច​លំដាប់ទី​៣ ​នៅលើពិភពលោក។ចំណែកតម្លៃប្រាក់រូពីរបស់ឥណ្ឌាមិនមានការប្រែប្រួលខ្លាំងនោះទេ បើធៀបនឹងប្រាក់ដុល្លារអាមេរិក ចាប់តាំងពីដើមឆ្នាំ២០២៣ ដោយសារធនាគារកណ្តាលឥណ្ឌា(RBI)បានចូលធ្វើអន្តរាគមន៍ទាន់សភាពការណ៍។យោងតាមរបាយការណ៍ប្រចាំខែធ្នូ ឆ្នាំ២០២៣ មូលនិធិ IMF បានកត់សម្គាល់ថាការធ្វើអន្តរាគមន៍របស់ឥណ្ឌាចូលទៅក្នុងទីផ្សាររូបិយប័ណ្ណអាចលើសពីភាពចាំបាច់។ធនាគារកណ្តាលឥណ្ឌាបានចេញមុខប្រតិកម្មថាស្ថាប័នដ៏ធំមួយនេះកំពុងធ្វើការវិភាគខុសដោយផ្អែកទៅលើនិន្នាការអត្រាប្តូរប្រាក់រយៈពេលខ្លី។ផលទុនជាតិសរុបបន្ទាប់បន្សំរបស់ឥណ្ឌា ឈរនៅលេខរៀងទី១០នៅទូទាំងពិភពលោកគិតត្រឹមឆ្នាំ២០១៤ ហើយបើយោងតាមមូលនិធិIMFដដែលបានឱ្យដឹងថាប្រទេសឥណ្ឌានឹងវ៉ាដាច់អាល្លឺម៉ង់ឆ្ពោះទៅដណ្តើមតំណែងជាមហាអំណាចសេដ្ឋកិច្ចធំជាងគេទី៣ របស់ពិភពលោកនៅឆ្នាំ២០២៧ខាងមុខនេះ៕ 

Powered by Blogger.