ប្រទេសថៃចង់ចូលរួមជាមួយកម្ពុជាឡាវវៀតណាមម៉ាឡេស៊ីនិងមីយ៉ាន់ម៉ាបង្កើតតំបន់ទិដ្ឋាការរួមមួយដើម្បីឱ្យភ្ញៀវទេសចរអន្តរជាតិអាចស្នើសុំទិដ្ឋាការម្តង។ប៉ុន្តែអាចទៅទស្សនាបាន៦ប្រទេស។
|
|
គោលនយោបាយទិដ្ឋាការរួមរវាងប្រទេសចំនួន៦ត្រូវបានប្រដូចទៅនឹងទិដ្ឋាការ Schengen បែបអាស៊ី។ ទិដ្ឋាការSchengen អនុញ្ញាតឱ្យអ្នកធ្វើដំណើរផ្លាស់ទីដោយសេរី ក្នុងចំណោមប្រទេសដូចជា អូទ្រីស ព័រទុយហ្គាល់ អាល្លឺម៉ង់ អ៊ីតាលី ស្វីស ក្រិកនិងប្រទេសអឺរ៉ុបផ្សេងទៀតដោយមិនចាំបាច់ស្នើសុំទិដ្ឋាការច្រើនដង ក្នុងមួយឆ្នាំ។នៅសហភាពអឺរ៉ុបទិដ្ឋាការSchengenជួយភ្ញៀវទេសចរផ្លាស់ទីដោយសេរីរវាងប្រទេសចំនួន២៧។ប្រទេសថៃចង់ទាញយកអត្ថប្រយោជន៍ ពីគោលនយោបាយទិដ្ឋាការរួមនេះដើម្បីចរចាជាមួយបណ្តាប្រទេសក្នុងសហភាពអឺរ៉ុបឆ្ពោះទៅរកកិច្ចព្រមព្រៀង លើកលែងទិដ្ឋាការរវាង Schengen និងក្រុមអាស៊ាន។ប្រសិនបើគំនិតផ្តួចផ្តើមនេះ ទទួលបានជោគជ័យ ភ្ញៀវទេសចរគ្រាន់តែស្នើសុំទិដ្ឋាការនៅក្នុងប្រទេសមួយក្នុងចំណោមប្រទេសទាំង៦ រួមមាន ថៃ កម្ពុជា វៀតណាមមីយ៉ាន់ម៉ា ឡាវ និងម៉ាឡេស៊ី ដើម្បីអាចធ្វើដំណើរនិងទស្សនាប្រទេសដែលដោយសេរី។ទិដ្ឋាការចូលមួយដង ជាមហិច្ឆិតាដ៏ធំបំផុតនៃគំនិតផ្តួចផ្តើមផ្សព្វផ្សាយទេសចរណ៍របស់នាយករដ្ឋមន្ត្រីថៃសេដ្ឋា ថាវីស៊ីន ក្នុងគោលដៅរយៈពេលវែង។មេដឹកនាំភាគច្រើននៃប្រទេសចំនួន៥ ទៀតបានឆ្លើយតបជាវិជ្ជមានចំពោះគំនិតផ្តួចផ្តើមទិដ្ឋាការរួមរបស់ថៃ។ប្រទេសអាស៊ីអាគ្នេយ៍ចំនួន៦បានស្វាគមន៍ភ្ញៀវអន្តរជាតិចំនួន៧០លាននាក់នៅឆ្នាំ២០២៣ដែលក្នុងនោះថៃនិងម៉ាឡេស៊ីមានចំនួនជាង៥០%នៃភ្ញៀវទេសចរណ៍បរទេសសរុបនិងរកប្រាក់ចំណូលបានប្រមាណ៤៨ពាន់លានដុល្លារ។រដ្ឋបាលរបស់លោកនាយករដ្ឋមន្ត្រីសេដ្ឋាមានបំណងស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិរហូតដល់ចំនួន៨០លាននាក់នៅត្រឹមឆ្នាំ២០២៧កើនឡើងទ្វេដងពីការសម្រេចបាននៅឆ្នាំ២០១៩ ។ ចាប់តាំងពីឡើងកាន់អំណាចក្នុងខែកក្កដា ឆ្នាំ២០២៣នាយករដ្ឋមន្ត្រីថៃបានផ្សព្វផ្សាយគោលនយោបាយបន្ធូរបន្ថយទិដ្ឋាការជាច្រើនដើម្បីទាក់ទាញភ្ញៀវទេសចរដូចជាការលើកលែងទិដ្ឋាការទ្វេភាគីជាមួយចិន។ ការលើកលែងទិដ្ឋាការបណ្តោះអាសន្ន សម្រាប់ភ្ញៀវទេសចរមកពីឥណ្ឌា តៃវ៉ាន់ និងកាហ្សាក់ស្ថាន។ទន្ទឹមនេះ រដ្ឋាភិបាលថៃក៏កំពុងពិចារណា បើកកាស៊ីណូនៅក្នុងតំបន់ទេសចរណ៍ និងតំបន់កម្សាន្តធំៗ ដើម្បីបង្កើនប្រាក់ចំណូល។ វិស័យទេសចរណ៍ ជាឧស្សាហកម្មដែលនាំ មកនូវផលប្រយោជន៍សេដ្ឋកិច្ចជាច្រើនដល់ថៃ ដែលបង្កើតការងារចំនួន២០%នៃការងារសរុប។ប្រាក់ចំណូលពីទេសចរណ៍ មានទំហំ១២ភាគរយនៃផលិតផលក្នុងស្រុកសរុប៥០០ពាន់លានដុល្លាររបស់ប្រទេស។យ៉ាងណាមិញ ក្តីរំពឹងនៃការប្រើប្រាស់ទិដ្ឋាការរួមនេះនៅតែមានផលពិបាកមួយចំនួន។សាស្ត្រាចារ្យ Thitinan Pongsudhirak មកពីសាកលវិទ្យាល័យ Chulalongkorn បានបញ្ជាក់ថា កិច្ចព្រមព្រៀងទិដ្ឋាការរួម អាចនឹងពិបាក ហើយមានបញ្ហាប្រឈមច្រើនពីព្រោះប្រទេសនានាត្រូវតែសម្រេចបាននូវស្តង់ដាររួមនៅក្នុងគោលនយោបាយអន្តោប្រវេសន៍ហើយប្រទេសក្នុងក្រុមប្រទេសទាំង៦នៅតែទទួលបានកំណត់ត្រាភ្ញៀវទេសចរមិនស្មើគ្នា៕ប្រភព Bangkok Post
Post a Comment