Express.co.ukបានចេញផ្សាយថាទីក្រុងម៉ាកាវនៃប្រទេសចិនដែលត្រូវបានគេដាក់រហ័សនាមថាជា“ទីក្រុងឡាសវេហ្គាសនៃទ្វីបអាស៊ី”ជាប់ចំណាត់ថ្នាក់លេខ៥ក្នុងចំណោមប្រទេសដែលមានជាងគេបំផុតទាំង១០នៅលើពិភពលោក។
|
ទីក្រុងម៉ាកាវនៃប្រទេសចិន។ |
រីឯប្រទេសដែលជាប់ចំណាត់ថ្នាក់លេខ១ជាប្រទេសអ្នកមានបំផុតនៅលើពិភពលោកគឺប្រទេសលុចសំបួរតាមពីក្រោយដោយប្រទេសអៀរឡង់ ប្រទេសសិង្ហបុរី ប្រទេសកាតា តំបន់ម៉ាកាវ ប្រទេសស្វីស ប្រទេសអារ៉ាប់រួម ប្រទេសសានមារីណូ(San Marino)ប្រទេសន័រវេស និងសហរដ្ឋអាមេរិក។ទីក្រុងម៉ាកាវជាតំបន់រស់រវើក និងសម្បូរបែបវប្បធម៌ ដែលមានទីតាំងនៅឆ្នេរភាគខាងត្បូងប្រទេសចិន។ទីក្រុងនេះមានឧបទ្វីបចំនួន១ និងកោះចំនួន២ នៅតំបន់ដីសណ្ដទន្លេគជ់ជាប់ព្រំប្រទល់ខេត្តក្វាងទុងនៅភាគខាងជើង និងបែរមុខទៅសមុទ្រចិនខាងត្បូងឆ្ពោះទៅទិសខាងកើតនិងទិសខាងត្បូង។ចាប់តាំងពីចុងសតវត្សន៍ទី២០ទីក្រុងម៉ាកាវបានក្លាយទៅជាទីក្រុងរមណីយដ្ឋានដ៏លេចធ្លោនិងជាគោលដៅនាំមុខគេសម្រាប់វិស័យទេសចរណ៍បែបល្បែងស៊ីសង។ ឧស្សាហកម្មល្បែងស៊ីសង របស់តំបន់រដ្ឋបាលពិសេសម៉ាកាវ មានទំហំធំជាងទីក្រុងLasVegasដល់ទៅ៧ដង។ជាមួយនឹងប្រជាជនរស់នៅប្រមាណ៧០០.០០០នាក់និងកាស៊ីណូជាង៤០ទីតាំង នៅក្នុងតំបន់ទំហំ៣០គីឡូម៉ែត្រការ៉េទីក្រុងម៉ាកាវបានក្លាយជាមជ្ឈមណ្ឌល រកប្រាក់ចំណេញដ៏ច្រើនមហាសាល។ក្រៅពីអាជីវកម្មកាស៊ីណូរបស់ខ្លួន តំបន់ម៉ាកាវគឺជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយដែលមានបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបទីតាំងប្រវត្តិសាស្ត្រនិងកន្លែងកម្សាន្តដ៏រស់រវើក។មជ្ឈមណ្ឌលប្រវត្តិសាស្ត្រ ដែលចុះបញ្ជីក្នុងអង្គការយូណេស្កូ បូក រួមជាមួយនឹងការលាយបញ្ចូលគ្នា នៃស្ថាបត្យកម្មបែបព័រទុយហ្គាល់ និងចិននៅទីក្រុងម៉ាកាវគឺជាចំណុចទាក់ទាញដ៏ពិសេសសម្រាប់ភ្ញៀវទេសចរ ដែលការណ៍នេះរួមចំណែកដល់សេដ្ឋកិច្ចក្នុងតំបន់តាមរយៈវិស័យបដិសណ្ឋារកិច្ចការលក់រាយនិងឧស្សាហកម្មផ្សេងទៀតដែលទាក់ទងនឹងវិស័យទេសចរណ៍។ទីក្រុងម៉ាកាវក៏បម្រើជាមជ្ឈមណ្ឌលហិរញ្ញវត្ថុក្នុងតំបន់ ដោយផ្តល់ជូននូវសេវាកម្មធនាគារ ធានារ៉ាប់រង និងការវិនិយោគជាច្រើន។ ទីក្រុងនេះស្ថិតក្នុងទីតាំងយុទ្ធសាស្ត្រ និងមានកំពង់ផែសេរី ដែលទាក់ទាញដល់ក្រុមហ៊ុនសាជីវកម្មចម្រុះជាតិសាសន៍ចូលមកបណ្តាក់ទុន។ដោយសារស្ថិតនៅលើដីសណ្ដទន្លេគុជ (Pearl River) ទីក្រុងម៉ាកាវ ទទួលបានអត្ថប្រយោជន៍ជាច្រើន ព្រោះម៉ាកាវស្ថិតនៅជិតទីក្រុងហុងកុង និងចិនដីគោកដែលធ្វើឱ្យម៉ាកាវក្លាយជាច្រកផ្លូវដ៏សំខាន់មួយសម្រាប់ការដោះដូរពាណិជ្ជកម្មនិងការវិនិយោគ៕
Post a Comment