សម្តេចតេជោបានអនុញ្ញាតឯកអគ្គរដ្ឋទូតតួកគីចូលជួបសំដែងការគួរសមនិងពិភាក្សាការងារ
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជានាព្រឹកថ្ងៃចន្ទត្រូវនឹង ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ នេះបានអនុញ្ញាតឲ្យលោកជំទាវ ÜLKÜ KOCAEFEឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋតួកគីប្រចាំព្រះរាជាណាចក្រកម្ពុជាចូលជួបសំដែងការគួរសមនិងពិភាក្សាការងារ។នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា នៅក្នុងអាណត្តិទី៥ នៃព្រឹទ្ធសភានេះសម្តេចនឹងផ្ដោតអទិភាពសំខាន់ទៅលើកិច្ចការងារបរទេស។ទាក់ទងទៅនឹងទំនាក់ទំនងទ្វេភាគីវិញសម្ដេចតេជោបានមានប្រសាសន៍ថា ទំហំពាណិជ្ជកម្មរបស់យើងគឺនៅតូចនៅឡើយដែលពុំទាន់ស័ក្តិសមទៅនឹងសក្តានុពលដែលប្រទេសទាំងពីរមាន។
សម្ដេចតេជោបានបន្តទៀតថាការផ្លាស់ប្ដូរថ្នាក់ដឹកនាំបន្តវេនក្នុងរយៈពេល៨ខែកន្លងមកនេះរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានដំណើរការល្អប្រសើរមានស្ថិររភាពកំណើនសេដ្ឋកិច្ចល្អប្រសើរ និងអតិផរណាស្ថិតនៅក្នុងស្ថានភាពដែលអាចគ្រប់គ្រងបាន។ក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានស្នើសុំអញ្ជើញប្រធានសភាតួកគីមកចូលរួមវេទិកាអន្តរសភាដើម្បីការអត់ឱ្ និង សន្តិភាព និងមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិគណបក្សនយោបាយអាស៊ី (ICAPP) ដែលកម្ពុជា នឹងត្រូវធ្វើជាម្ចាស់ផ្ទះក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខ។ សម្ដេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញធ្វើជាធិបតី និង ដឹកនាំកិច្ចប្រជុំនៃមហាសន្និបាតនេះ ហើយសម្ដេចតេជោ នឹងត្រូវបានអញ្ជើញធ្វើជាប្រធានកិត្តិយស នៅក្នុងកិច្ចប្រជុំនោះផងដែរ។
សម្ដេចតេជោ ប្រធានព្រឹទ្ធសភា ក៏បានថ្លែងអំណរគុណចំពោះលោកជំទាវ ដែលបានចូលរួមរំលែកទុក្ខចំពោះឧបទ្ទវហេតុកើតឡើងកាលពីចុងសប្តាហ៍នេះ និង បណ្តាលធ្វើឲ្យយោធិនយើងចំនួន២០រូបបានស្លាប់បាត់បង់ជីវិត និងមួយចំនួនទៀតទទួលរងរបួស។ សម្ដេចតេជោ ក៏បានអរគុណលោកជំទាវ ដែលបានអបអរសាទរចំពោះសម្ដេច ដែលបានក្លាយជាប្រធានព្រឹទ្ធសភានាពេលនេះ ហើយសម្ដេចក៏បានអរគុណផងដែរ ដល់ឯកឧត្តមប្រធានសភាតួកគី ដែលបានផ្ញើសារអបអរសាទរ ហើយសម្ដេចនៅចាំបានថា ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចនៅប្រទេសតួកគីពេលដែលជួបគ្នាកាលពីអំឡុងខែសីហា ឆ្នាំ២០១៨ ឯកឧត្តម ស្ថិតនៅក្នុងតំណែងជានាយករដ្ឋមន្ត្រី សម្ដេចក៏បានជួបជាមួយឯកឧត្តមប្រធានសភាតួកគីផងដែរ។ក្រៅពីទំនាក់ទំនងទ្វេភាគីសម្ដេចតេជោប្រធានព្រឹទ្ធសភានិងលោកជំទាវឯកគ្គរដ្ឋទូតតួកគីប្រចាំនៅកម្ពុជា ក៏បានពិគ្រោះពិភាក្សាគ្នាផងដែរ ទៅលើបញ្ហាតំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា ជាពិសេស សភាពការណ៍នៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែននិងសភាពការណ៍នៅមជ្ឈិមបូព៌ាផងដែរ៕
Post a Comment