នា​យករដ្ឋមន្រ្តី៖ការអភិរក្សនិង​ការអភិវឌ្ឍលើវិស័យវប្បធម៌​ត្រូវបោះជំហានទន្ទឹមគ្នា

 ដើម្បីរក្សាឱ្យបានគង់វង្សនូវការអភិរក្សអត្តសញ្ញាណដើមនៃសិល្បៈវប្បធម៌ ប្រពៃណីសាសនារបស់យើងប្រកបដោយភាពបត់បែនស្របតាមការវិវត្តរបស់សង្គមក្នុងពេលបច្ចុប្បន្ននិងទៅអនាគត តាមរយៈការពង្រឹងការស្រាវជ្រាវ និងចងក្រងឯកសារមូលដ្ឋានសំខាន់ៗឱ្យបានច្បាស់លាស់សម្រាប់ទុកឱ្យប្រជាជនក្រេបយកចំណេះដឹងច្រើនជំនាន់រៀងទៅនាល្ងាចថ្ងៃទី២៥  ខែមេសា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីក្នុងពិធីពិសាអាហារសាមគ្គី និងផ្តល់គ្រឿងឥស្សរិយយសរុបចំនួន២.១៣៣គ្រឿងជូនដល់មរតកមនុស្សរស់ ព្រឹទ្ធាចារ្យសិល្បៈ វីរៈសិល្បករ សិល្បករ សិល្បការិនីគ្រប់ទម្រង់ ដែលបានចូលរួមចំណែកក្នុងវិស័យវប្បធម៌ និងវិចិត្រសិល្បៈ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ។មានប្រសាសន៍ក្នុងពិធីដ៏មហោទ្បារិកនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សិល្បករ សិល្បការិនីគ្រប់ទម្រង់មានតួនាទីចម្បងក្នុងការចូលរួមថែរក្សាប្រពៃណីវប្បធម៌ សិល្បៈដ៏ផូរផង់បន្សល់ទុកពីដូនតាយើង ព្រមទាំងការអភិវឌ្ឍ​ និងផ្សព្វផ្សាយមរតកដ៏ថ្លៃថ្លានេះទៅលើឆាកអន្តរជាតិ។

ជាការពិត សិល្បករ សិល្បការិនីខ្មែរដ៏ច្រើនរាប់មិនអស់នៅគ្រប់ជំនាន់ បានបូជាកម្លាំងកាយចិត្ត ស្មារតីទេពកោសល្យរហូតជីវិតរបស់ខ្លួនដើម្បីថែរក្សាការពារកេរមរតកដូនតាគ្រប់ទម្រង់ដោយបានបំផុសនូវគំនិតនិងការច្នៃប្រឌិតថ្មីៗតាមរយៈសិល្បៈវប្បធម៌ខ្មែរបុរាណនិងបែបបទនៃជីវិតរស់នៅរបស់ប្រជាជនខ្មែរជាមួយនឹងធម្មជាតិ ដែលមាននៅតាមចម្លាក់នានាក្នុងប្រាង្គប្រាសាទខ្មែរ ក្បាច់ក្បូររចនាផ្សេងៗដែលជាលម្អនៃការរស់នៅរបស់ប្រជាជនយើងឱ្យលេចធ្លោឡើង តាមរយៈទម្រង់របាំបុរាណ និងប្រពៃណីខ្មែរ របាំសហសម័យ រូបភាព សិល្បៈ តន្ត្រី ចម្រៀង ខ្សែភាពយន្ត ចម្លាក់​ អក្សរសាស្ត្រ អក្សរសិល្ប៍ សម្លៀកបំពាក់ រហូតដល់ម្ហូបអាហារ ជាដើម​ ដែលសុទ្ធសឹងតែជាខ្លឹមសារនៃវប្បធម៌ខ្មែរ​ ឱ្យនៅដិតដាមជាប់ជានិច្ចក្នុងស្មារតី និងអារម្មណ៍នៃប្រជាជនខ្មែរគ្រប់ៗរូប ។ ស្នាដៃ និងទេពកោសល្យរបស់សិល្បករ សិល្បការិនីខ្មែរ បានក្លាយជាស្ពាននាំកម្ពុជាទៅកាន់ពិភពលោក ដោយរួមទាំងការចែករំលែកបទពិសោធន៍ និងចំណេះដឹង នៃប្រវត្តិសាស្ត្រជាតិកម្ពុជា ទាំងការតស៊ូ ទាំងការឈឺចាប់ ហើយក៏ជាកាតាលីករនៃការជំរុញការផ្លាស់ប្តូរវប្បធម៌ និងការគោរពគ្នាទៅវិញទៅមក។ យើងទាំងអស់គ្នាពិតជាទទួលស្គាល់ថា ក្នុងសាកលភាវូបនីយកម្មនាពេលបច្ចុប្បន្ន តួនាទីរបស់សិល្បករ សិល្បការនីខ្មែរកាន់តែមានសារៈសំខាន់ខ្លាំងក្លា​ ជាពិសេសសិល្បករមួយរូបៗ​ សុទ្ធតែអាចជាឯកអគ្គរាជទូត តំណាងវប្បធម៌នៅលើឆាកជាតិ និងអន្តរជាតិ និងអាចឆក់យកឱកាសទាំងអស់នេះបំផុសឱ្យកាន់តែខ្ពស់ឡើងនូវអត្តសញ្ញាណជាតិភាពរុងរឿងសាជាថ្មីនិងក្តីស្រឡាញ់ការពារវប្បធម៌ជាតិឱ្យកាន់តែខ្លាំងក្លាឡើង។ សម្តេចធិបតីបានបន្តធ្វើការបញ្ជាក់ទៀតថា ការដាក់បញ្ចូលវិស័យវប្បធម៌ទៅក្នុងសាកលភាវូបនីយកម្ម បានផ្តល់ផលវិជ្ជមាន និងឱកាសដល់កម្ពុជា​ ក្នុង​ (១)​ការបង្ហាញនូវអត្តសញ្ញាណវប្បធម៌ អារ្យធម៌របស់ខ្មែរលើឆាកអន្តរជាតិ តាមរយៈការសម្តែងសិល្បៈ ការដាក់តាំងពិព័រណ៍ ការបញ្ចាំងភាពយន្ត ការបង្កើតព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌ជាមួយបណ្តាប្រទេសជាមិត្ត ការប្រើប្រាស់បច្ចេកវិទ្យាក្នុងការផ្សព្វផ្សាយវប្បធម៌​ និង(២)ការពង្រីកឧស្សាហកម្មក្នុងវិស័យវប្បធម៌របស់កម្ពុជាតាមរយៈទីផ្សាទេសចរណ៍​ និងផ្តល់លទ្ធភាពដល់សិប្បករចម្លាក់ គំនូរ និងវត្ថុអនុស្សាវរីយ៍ផ្សេងៗក្នុងការបង្ហាញនូវផលិតផលសម្បូរបែបឱ្យមានវត្តមាននៅលើឆាកអន្តរជាតិ ។ យ៉ាងណាម៉ិញ សាកលភាវូបនីយកម្ម បានធ្វើឱ្យខ្សែបន្ទាត់បែងចែករវាងវប្បធម៌របស់ប្រទេសនីមួយៗមានភាពស្រពិចស្រពិលដោយការគ្រប់ដណ្តប់នៃឥទ្ធិពលវប្បធម៌សាកល​ ដែលបាន​ជ្រៀតចូលតាមរយៈសម្ភារ វប្បធម៌ តូរ្យតន្ត្រី ។ល។ មកលើប្រជាជន ជាពិសេសក្នុងស្រទាប់យុវវ័យពីមួយជំនាន់ទៅមួយជំនាន់ ដែលអាចបង្កជាហានិភ័យដល់វប្បធម៌ ប្រពៃណីតាមបណ្តាប្រទេសទាំងនោះក្នុងរយៈពេលវែង ។ ក្នុងន័យនេះ ការអភិរក្ស និងការអភិវឌ្ឍលើវិស័យវប្បធម៌ត្រូវបោះជំហានទន្ទឹមគ្នា ដើម្បីរក្សាឱ្យបានគង់វង្សនូវការអភិរក្សអត្តសញ្ញាណដើមនៃសិល្បៈ វប្បធម៌ ប្រពៃណីសាសនារបស់យើងប្រកបដោយភាពបត់បែនស្របតាមការវិវត្តរបស់សង្គមក្នុងពេលបច្ចុប្បន្ន និងទៅអនាគត តាមរយៈការពង្រឹងការស្រាវជ្រាវ និងចងក្រងឯកសារមូលដ្ឋានសំខាន់ៗឱ្យបានច្បាស់លាស់ សម្រាប់ទុកឱ្យប្រជាជនក្រេបយកចំណេះដឹងច្រើនជំនាន់រៀងទៅ ។

ជាចុងក្រោយសម្តេចមហាបវរធិបតីបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងជាប់ជាប្រចាំរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាពិសេស ក្នុងតួនាទីជាអាណាព្យាបាល និងតួនាទីជាអ្នកសម្របសម្រួលដ៏ល្អជាមួយ សិល្បករសិល្បការិនីគ្រប់ទម្រង់ ព្រមទាំងអរគុណ ដល់គ្រប់តួអង្គនៃវិស័យសិល្បៈទាំងអស់ ដែលបានចូលរួមគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការការពារថែរក្សាកេរដំណែលដូនតានិងការចូលរួមពង្រឹងអត្តសញ្ញាណជាតិ និងប្រជាជន ជាពិសេសចំពោះការលះបង់ទាំងកម្លាំងកាយចិត្ត ដើម្បីចូលរួមគាំទ្រ និងផ្ទេរចំណេះដឹង និងបទពិសោធន៍ដល់យុវជនបន្តវេន ៕

Powered by Blogger.