សម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃកម្ពុជានៅព្រឹកថ្ងៃអង្គារត្រូវនឹងថ្ងៃទី២៣ខែមេសាឆ្នាំ២០២៤អញ្ជើញជួបពិភាក្សាការងារជាមួយលោកថងលុនស៊ីសុលីត(ThonglounSisoutlith)ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ ក្នុងឱកាសដែល លោកអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវរដ្ឋនៅប្រទេសកម្ពុជា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់២៤ ខែមេសា ឆ្នាំ២០២៤។
|
|
សម្ដេចតេជោប្រធានព្រឹទ្ធសភាបានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់លោកថងលូនស៊ីសុលីតប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។សម្ដេចតេជោបានចាត់ទុកថា ដំណើរទស្សនកិច្ចរបស់លោកថងលុននៅកម្ពុជានាពេលនេះនឹងពង្រឹងថែមទៀតនូវទំនាក់ទំនង រវាងប្រទេស និងប្រជាជននៃប្រទេសទាំង២ ដែលជាបងប្អូន ជាអ្នកជិតខាងល្អ ហើយនៅថ្ងៃស្អែកនេះ គណបក្សទាំងពីរ គឺគណបក្សប្រជាជនកម្ពុជានិងគណបក្សបដិវត្តន៍ប្រជាជនឡាវនឹងកិច្ចប្រជុំរួមគ្នាផងដែរ។សម្ដេចតេជោបានសម្តែងការរីករាយដោយឃើញថាក្នុងរយៈពេលចុងក្រោយនេះ គឺមានការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមកជាញឹកញាប់ ដោយ សម្ដេចតេជោ ក៏បានទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវ ហើយក្រោយមកប្រធានសភាកម្ពុជាក៏បានទៅធ្វើទស្សនកិច្ចនៅប្រទេសឡាវ សម្តេចធិបតីនាយករដ្ឋមន្ត្រីក៏ទើបនឹងបានបំពេញទស្សនកិច្ចនៅប្រទេសឡាវហើយនៅពេលនេះប្រធានរដ្ឋឡាវក៏បានមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាហើយជាមួយគ្នានេះដែរសម្តេចតេជោក៏បានឆ្លៀតសម្តែងការអរគុណចំពោះលិខិតអបអរសាទរ ពីថ្នាក់ដឹកនាំឡាវចំពោះជោគជ័យរបស់ គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតព្រឹទ្ធសភាកន្លងទៅនេះ និងអបអរសាទរចំពោះសម្ដេចតេជោដែលត្រូវបានជ្រើសតាំងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។ ជាការឆ្លើយតបប្រធានរដ្ឋឡាវ បានសម្តែងការរីករាយដែលបានបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះ ហើយក៏បានជួប សម្តេចតេជោ ដែលជាមិត្តភក្តិចាស់ ជាគ្រូ ហើយ សម្ដេចតេជោ គឺមានបទពិសោធច្រើន ក្នុងការដឹកនាំប្រទេសកម្ពុជា ឲ្យមានការអភិវឌ្ឍ មានការរីកចម្រើន ហើយដោយថា សម្ដេចតេជោ ជាប្រធានគណបក្សផងនោះ ទោះបីជា សម្តេចធ្វើជាប្រធានព្រឹទ្ធសភា ក៏សម្ដេចនៅតែអាចគ្រប់គ្រងនិងដឹកនាំឲ្យមានដំណើរប្រព្រឹត្តទៅយ៉ាងល្អរបស់កម្ពុជា ក៏ដូចជាស្ថាប័នផ្សេងៗទៀត។ ហើយជាថ្មីម្តងទៀត ឯកឧត្ដម ប្រធានរដ្ឋឡាវ ក៏ដូចជា រដ្ឋសភា និងប្រជាជនឡាវ បានអបអរសាទរចំពោះ គណបក្សប្រជាជននិងអបអរសាទរយ៉ាងកក់ក្តៅចំពោះ សម្តេចតេជោត្រូវបានជ្រើសតាំងជាប្រធានព្រឹទ្ធសភា។ ឯកឧត្ដម ប្រធានរដ្ឋ ក៏បានរៀបរាប់ថា មុននេះ ឯកឧត្ដម បានចូលជួប សវនាការ ជាមួយ ព្រះករុណា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាក្នុងបរិយាកាសរីករាយកក់ក្ដៅជាទីបំផុត។ ប្រធានរដ្ឋឡាវ ក៏បានថ្លែងអំណរគុណចំពោះ សម្តេចតេជោ ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាដែលជានិច្ចកាលបានជួយគាំទ្រឡាវហើយប្រធានរដ្ឋក៏បានកត់សម្គាល់នៃការរីកចម្រើនរបស់កម្ពុជា ហើយរីករាយដែលបានមកកម្ពុជាជាបន្តបន្ទាប់ ដោយការបំពេញទស្សនកិច្ច ហើយក៏បានចូលរួមកីឡាស៊ីហ្គេមកន្លងទៅនេះដែលកម្ពុជាបានប្រារព្ធធ្វើឡើងប្រកបដោយជោគជ័យហើយនៅពេលនេះបានបំពេញទស្សនកិច្ចនៅកម្ពុជាថែមទៀត ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅ។ប្រធានរដ្ឋឡាវ ក៏បានសម្តែងក្តីសង្ឃឹមថា ក្នុងឋានៈសម្តេចតេជោ ជាប្រធានព្រឹទ្ធសភាទំនាក់ទំនងរវាងអង្គការនីតិប្បញ្ញត្តិនៃប្រទេសទាំងពីរនឹងកាន់តែល្អប្រសើរថែមទៀតក្នុងការលើកកម្ពស់កម្រិតដៃគូ ដែលប្រទេសយើងជាដៃគូជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាមួយគ្នានេះ យើងបានរួមដំណើរក្នុងការកសាងសមត្ថភាព ហើយ សម្តេចតេជោ និង លោកថងលុនបានធ្វើកិច្ចការជាច្រើនដើម្បីត្រួសត្រាយសម្រាប់ក្មេងជំនាន់ក្រោយជាពិសេសលើបញ្ហាព្រំដែនគឺខិតខំដោះស្រាយយ៉ាងណាដើម្បីឲ្យកូនចៅជំនាន់ក្រោយកុំឲ្យមានបញ្ហា។ សម្ដេចតេជោ បានមានប្រសាសន៍បន្តថា ទំនាក់ទំនងរវាង សម្ដេចតេជោ និង ឯកឧត្ដម ថង លុន គឺមានរយៈពេលជាង៤០ឆ្នាំមកហើយ គឺមានរយៈពេល ២ ភាគ ៣ នៃរយៈពេលដែលប្រទេសយើងទាំង២មានទំនាក់ទំនងគ្នា ។ ហើយយើងបានធ្វើការជាមួយគ្នាជាច្រើនឆ្នាំដោយសម្រេចបានជោគជ័យត្រចះត្រចង់។ ឯកឧត្តម ថងលូន បានរំលឹកនៅពេល ដែលលោកបានជួប សម្តេចតេជោ ដំបូងគឺនៅទីក្រុងម៉ូស្គូ ក្នុងពេលដែលសម្ដេចតេជោ ជារដ្ឋមន្ត្រីការបរទេសដែលពេលនោះប្រធានរដ្ឋឡាវបានជួយសម្របសម្រួលអោយមានជំនួបជាមួយភាគីថៃ និងបានជួយគ្នាជាបន្តបន្ទាប់ផងដែរ។សម្ដេចតេជោក៏បានធ្វើការកត់សម្គាល់ថា ក្នុងរយៈពេល៨ខែចុងក្រោយនេះ ការសម្រេចអោយមានផ្លាស់ប្ដូរផ្ទេរអ្នកជំនាន់ចាស់ឲ្យទៅអ្នកជំនាន់ថ្មី គឺជាទស្សនៈដ៏ត្រឹមត្រូវ ដោយកម្ពុជានៅតែមានស្ថិរភាពនយោបាយ មានកំណើនសេដ្ឋកិច្ចរឹងមាំ ចំណូលថវិកាជាតិមានកំណើន និងមិនមានវិបត្តិកើតឡើង។ ហើយតាមការស្ទង់មតិជំនឿលើការដឹកនាំរបស់ សម្ដេចធិបតី នាយករដ្ឋមន្ត្រី ក៏មានការកើនឡើងជាបន្តបន្ទាប់ តែទោះយ៉ាងណាក៏ដោយគណបក្សប្រជាជនកម្ពុជាក៏មិនព្រងើយកន្តើយក្នុងការត្រៀមខ្លួនដើម្បីជោគជ័យក្នុងការបោះឆ្នោតឆ្នាំ២០២៧-ឆ្នាំ២០២៨ ខាងមុខនេះដែរ។ ទាក់ទងនឹង វិស័យសេដ្ឋកិច្ច ទេសចរ សម្ដេចតេជោ ប្រធានព្រឹទ្ធសភាបានសម្តែងការរីករាយចំពោះកិច្ចសហប្រតិបត្តិការដែលយើងមានសព្វថ្ងៃដោយទំហំពាណិជ្ជកម្មមានការកើនឡើងកម្ពុជាបានទិញអគ្គិសនីពីប្រទេសឡាវច្រើន ហើយឡាវក៏បានប្ដេជ្ញាខិតខំប្រមូលអគ្គិសនី ផ្ដល់ឲ្យកម្ពុជាអោយបានគ្រប់គ្រាន់និងពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការវិស័យថាមពលនេះ ហើយក្រៅពីនោះ ពាក់ព័ន្ធវិស័យទេសចរណ៍ក៏ល្អប្រសើរ ដោយយើងបានធ្វើការហោះហើរត្រង់ឡើងវិញចំនួនទេសចរក្រៅប្រទេសមកកម្ពុជា ហើយក៏មានពីកម្ពុជា បន្តទៅឡាវមានការកើនឡើងជាបន្តបន្ទាប់។ លោកប្រធានរដ្ឋឡាវបានរំឭកថាសម្តេចតេជោបានចែករំលែកនូវមេរៀនល្អៗជាច្រើន ក្នុងការរក្សាស្ថិរភាពនយោបាយ និងកោតសរសើរចំពោះ ការរៀបចំផ្ទេរតំណែង ពីអ្នកជំនាន់ចាស់ទៅជំនាន់ថ្មី ហើយការផ្តល់តួនាទីទៅដល់មន្ត្រីរាជការអោយមានដំណើរប្រព្រឹត្តទៅរបស់រាជរដ្ឋាភិបាល ក៏ដូចជាស្ថាប័នផ្សេងៗបានរលូន ហើយក៏បញ្ជាក់ទៀតថា លោករីករាយដែលបានជួបសម្ដេចតេជោនាពេលនេះហើយក៏បានសង្កេតឃើញថាកម្ពុជាមានស្ថិរភាពនយោបាយហើយកំពុងតែបោះជំហានទៅមុខយ៉ាងល្អប្រសើរ។ ប្រធានរដ្ឋឡាវ បានបញ្ជាក់ថា វត្តមានរបស់លោក នាពេលនេះគឺ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជានិងចូលរួមប្រជុំរវាងគណបក្សទាំងពីរ ក្នុងឱកាសនេះដែរលោកក៏បានអញ្ជើញសម្ដេចតេជោទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវនិងចូលរួមប្រជុំរវាងគណបក្សទាំងពីរនៅឆ្នាំក្រោយផងដែរ។ ជាមួយគ្នាដែរប្រធានរដ្ឋ ក៏បានថ្លែងអំណរគុណ សម្តេចតេជោ ដែលបានចាត់ទុកលោកជាភ្ញៀវបរទេសកំពូលទី១ បំពេញទស្សនកិច្ចផ្លូវរដ្ឋ ក្នុងខណៈដែលសម្តេចមានតួនាទីជាប្រធានព្រឹទ្ធសភា និង ជំរុញឲ្យកូនចៅជំនាន់ក្រោយមានទំនាក់ទំនងល្អជាមួយគ្នា ធ្វើការជាមួយគ្នា សុខដុមក្នុងការរស់នៅភូមិផងរបងជាមួយគ្នា ប្រកបដោយការទុកចិត្តគ្នា។ ជាចុងក្រោយសម្ដេចតេជោក៏បានស្នើសុំឲ្យលោកប្រធានរដ្ឋឡាវគាំទ្រនូវគម្រោងព្រែកជីកហ្វូណនរបស់កម្ពុជាពីព្រោះព្រែកជីកនេះគឺមិនមានការប៉ះពាល់ដល់បរិស្ថានឬក៏លំហូរចរន្តទឹកអ្វីនោះទេតែព្រែកជីកនេះគឺជាការតភ្ជាប់រវាងទន្លេបាសាក់ដើម្បីទៅកាន់សមុទ្រកម្ពុជាហើយប្រធានរដ្ឋឡាវបានគាំទ្រចំពោះគម្រោងនេះផងដែរ៕
Post a Comment