ព្រះរាជ​សារព្រះមហាក្សត្រក្នុងឱកាសពិ​ធីបុណ្យចូល​ឆ្នាំខ្មែរ

 យោងតាមព្រះរាជសាររបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស.២០២៤ចេញផ្សាយថ្ងៃទី១២ខែមេសាឆ្នាំ២០២៤នេះព្រះអង្គបានមានព្រះរាជឱង្កាថាពិធីបុណ្យចូលឆ្នាំខ្មែរជាពិធីបុណ្យមួយដែលមានអត្ថន័យដ៏ធំធេងក្នុងការបណ្តុះស្មារតីសាមគ្គីភាពជាតិថែរក្សាការពារស្រឡាញ់ទំនៀមទម្លាប់ប្រពៃណីនិងដើម្បីលើកកម្ពស់អរិយធម៌ជាតិខ្មែរយើង។

នៅក្នុងព្រះរាជសារព្រះករុណាព្រះមហាក្សត្របានគូសបញ្ជាក់ថានៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨នេះ ទូលព្រះបង្គំជាខ្ញុំ ខ្ញុំព្រះករុណា ខ្ញុំមានហឫទ័យសោមនស្សរីករាយឥតឧបមា សូមអបអរសាទរបុណ្យចូលឆ្នាំថ្មីរួមជាមួយសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗ ជនរួមជាតិទាំងអស់ជាទីនឹករលឹក និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត។ ព្រះអង្គបានគូសបញ្ជាក់ទៀតថា៖ «ពិធីបុណ្យចូលឆ្នាំខ្មែរ ជាពិធីបុណ្យប្រពៃណីជាតិ តែងតែប្រារព្ធឡើងក្នុងខែមេសា ជារៀងរាល់ឆ្នាំ តាំងពីបុរាណកាលមកព្រោះជារដូវកាលដែលប្រជារាស្ត្រខ្មែរមានពេលទំនេរ ពីការប្រមូលផលស្រូវ ដំណាំផ្សេងៗ និងបានជួបជុំក្រុមគ្រួសារ ញាតិមិត្ត ដើម្បីស្វាគមន៍ឆ្នាំថ្មី ព្រមទាំងលេងកម្សាន្តល្បែងប្រជាប្រិយខ្មែរ ដែលជាវប្បធម៌ដ៏យូរលង់ និងល្អផូរផង់ ដែលបុព្វបុរស ជូនតាខ្មែរបានបន្សល់ទុករហូតដល់បច្ចុប្បន្ន។ ពិធីបុណ្យចូលឆ្នាំខ្មែរ ជាពិធីបុណ្យមួយដែលមាន អត្ថន័យដ៏ធំធេង ក្នុងការបណ្តុះស្មារតីសាមគ្គីភាពជាតិ ថែរក្សា ការពារ ស្រឡាញ់ទំនៀមទម្លាប់ប្រពៃណីនិងដើម្បីលើកកម្ពស់អរិយធម៌ជាតិខ្មែរយើង»។ព្រះករុណា ព្រះមហាក្សត្រ បានបួងសួងដល់ទេវតាឆ្នាំថ្មីព្រះនាម មហោទរាទេវី និងគុណបុណ្យព្រះ រតនត្រ័យ ប្រសិទ្ធពរ បវរសួស្តី ថ្វាយ-ប្រគេន សូមសម្តេចព្រះមហាសង្ឃរាជ ទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ និងជូនសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗ ជនរួមជាតិទាំងអស់ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក សូមប្រកបតែនឹងព្រះពុទ្ធពរ គ្រប់ប្រការកុំបីឃ្លៀងឃ្លាតឡើយ៕


Powered by Blogger.